គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផុសឡើងនៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ។ ក្នុងគម្រោងមានការអភិវឌ្ឍខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡាជាដើម។

ធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានបោះទុនវិនិយោគ ប្រមាណជាង២០០លានដុល្លារ ក្នុងការសាងសង់គម្រោងដ៏ធំប្លែកគេមួយនេះ។ ស្ថិតនៅជាប់នឹងពហុកីទ្បដ្ឋានជាតិមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ភាគខាងជើងរាជធានីភ្នំពេញ។

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍឡើងដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ៕