លោក ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី១៦ មេសា ម្សិលមិញនេះ បានសម្ដែងការហួសចិត្តជាខ្លាំង ចំពោះតម្លៃស៊ុតទាលើទីផ្សារ ដែលកំពុងតែឡើងថ្លៃ ដល់មួយគ្រាប់ ៨០០៛ ឬលើសនេះក៏មាន តាមតែមាត់អ្នកលក់ឆ្លៀតឱកាសមួយចំនួន និងការសម្រុកទៅទិញរបស់ប្រជាពលរដ្ឋផ្ទាល់។
លោក ឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ជាសាធារណៈថា៖ ខ្ញុំសូមប្រកាសជាផ្លូវការថា សម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃពងទាអ្នកផលិតដោយផ្ទាល់ គឺនៅរក្សាតម្លៃចាស់ដដែល លក់នៅកសិដ្ឋានកែវផុស ៣៥០៛មួយគ្រាប់ ដឹកមកលក់ចែកចាយដល់ភ្នំពេញតម្លៃ ៤០០៛មួយគ្រាប់។
លោក ឧកញ៉ា ម្ចាស់កសិដ្ឋានកែវផុស រូបនេះ ក៏សូមសំណូមពរដល់អ្នកលក់ចែកចាយនៅលេីទីផ្សារ សូមកុំលក់អោយលេីសពី តម្លៃ៥០០ ទៅ៥៥០៛ ក្នុងមួយគ្រាប់ ព្រោះថាអ្នកផលិតមិនបានទទួលប្រាក់ចំណេញ លេីសពី ៣៥៛ ទៅ៥០៛ទេ ក្នុងមួយគ្រាប់ ហេីយប្រាក់ចំណេញនេះ គ្រាន់តែយកមកទិញអង្ករ សម្រាប់ចិញ្ចឹមបុគ្គលិក កម្មករថែទាំទាវិញតែប៉ុណ្ណឹងទេ។
សូមបញ្ជាក់ថា អតិថិជនទាំងអស់ ដែលមានបំណងចង់ជាវ ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគដទៃទៀត អាចចូលទៅកុម្ម៉ង់បាននៅលើហ្វេសប៊ុកផេក ផ្សារកសិករកែវផុស របស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវបាន តាមរយៈលេខទំនាក់ទំនង៖ 017 64 64 29 / 093 64 64 25 ៕