បន្ទាប់ពីទទួលបានការផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការពីប្រែក្លាយខ្លួនពី ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទៅជាធនាគារពាណិជ្ជ គឺធនាគារវីង (ខេមបូឌា) ម.ក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “យើងកំពុងចាប់ផ្តើមបេសកកម្មថ្មីមួយក្នុងការផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីទទួលបានសេវាកម្មធនាគារដ៏ពេញលេញ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សណាស់ក្នុងការបើកដំណើរការជាផ្លូវការនៃ ធនាគារ វីង (ខេមបូឌា) ម.ក. ដែលជាធនាគារពាណិជ្ជកម្មប្រកបដោយប្រតិបត្តិការយ៉ាងពេញលេញ។”
ក្នុងឆ្នាំ២០០៩ នៅពេលធនាគារឯកទេស វីង លីមីតធីត បានចាប់ផ្ដើម យើងផ្ដោតលើប្រតិបត្តិការមួយ គឺការផ្តល់នូវសេវាហិរញ្ញវត្ថុនិងធនាគារ ជូនប្រជាពលរដ្ឋដែលមិនប្រើប្រាស់ ឬមិនមានសេវាកម្មធនាគារមិនពេញលេញ ហើយនៅកំលុងពេលនោះ សេវាធនាគារចល័តស្ថិតនៅក្នុងសភាពថ្មីស្រឡាងដែលសឹងពុំដែលឮពីមុនមក។
១២ឆ្នាំក្រោយមក វីង បានក្លាយជាអ្នកផ្តល់សេវាទូទាត់តាមទូរស័ព្ទចល័តឈានមុខគេ ព្រមទាំងមានការផ្តល់សេវាកម្មផ្សេងៗដូចជា ការផ្ទេរប្រាក់ ការបើកប្រាក់ខែ ការបង់វិក្កយបត្រទូទាត់ បញ្ចូលប្រាក់តាមទូរស័ព្ទ សេវាផ្ទេរប្រាក់ទៅអន្តរជាតិ និងមានដៃគូជាមួយពាណិជ្ជករជាង ៥៥.០០០ ដែលរួមមាន ក្រុមហ៊ុន MasterCard ក្រុមហ៊ុន Visa ក្រុមហ៊ុន Western Union, ក្រុមហ៊ុន MoneyGram ក្រុមហ៊ុន Ria ជាដើម ដែលសុទ្ធសឹងជាក្រុមហ៊ុនកំពូលៗលើពិភពលោកក្នុងវិស័យនេះ។
គួរជម្រាបថា ការទទួលបានអាជ្ញាបណ្ណនេះ Wing ត្រូវបានបន្ថែមមុខងារការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាសេវាកម្មប្រាក់កម្ចី និងបើកគណនីទទួលប្រាក់ (សន្សំ) បន្ថែមពីលើសេវាកម្មដទៃទៀតដែល Wing បានបំពេញសេវាស្រាប់នៅពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុន វីង បានចាប់ផ្តើមដំណើរការអស់រយៈពេល១៣ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ មក។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការឈានមុខគេក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា និងបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារវីង (ខេមបូឌា) ម.ក៕