ដើម្បី​ឲ្យ​សុខ​ផ្លូវចិត្ត​​ប្រសើរ ចូរ​សាកល្បង​​អនុវត្ត​ចំណុច​ទាំង​នេះ

ជុំវិញ​ឧកញ៉ា

ការគិតគ្រប់ជ្រុងជ្រោយ ដែលមានន័យថា គិតអំពីផលអវិជ្ជមានផង និងវិជ្ជមានផង គឺជាមធ្យោបាយដ៏ល្អមួយរបស់បុគ្គលជោគជ័យ ដើម្បីបញ្ចៀសពីហានិភ័យ ឬមហន្តរាយផ្សេងៗ។ ប៉ុន្តែ ការគិតបែបនេះ ពេលខ្លះ ក៏មិនសូវជាល្អប៉ុន្មានដែរទេ ព្រោះការគិតបែបអវិជ្ជមាន ដែលផ្តោតលើឧបសគ្គ តែងនាំមកនូវភាពស្មុគស្មាញខ្លាំង ក្នុងគំនិត។ ដូច្នេះ ដើម្បីសេចក្តីសុខសុភមង្គលផ្លូវចិត្ត គួរគិតតាមបែបវិជ្ជមានឱ្យបានច្រើន។ ការគិតតាមបែបវិជ្ជមាន គឺគិតល្អ ធ្វើល្អ និងមើលទៅអ្វីៗ គឺល្អ មិនអវិជ្ជមាន ឬអាក្រក់ពេក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្វើបែបនេះ ដើម្បីលើកទឹកចិត្តអ្នកដទៃ និងលើកទឹកចិត្តខ្លួនឯង កុំឱ្យបាក់ទឹកចិត្ត កុំឱ្យស្មុគស្មាញ និងធុញថប់ ព្រោះការមើលអ្វីៗក្នុងន័យអវិជ្ជមាន គឺធ្វើឱ្យយើងមើលឃើញតែភាពខ្មៅងងឹត ល្អក់កខ្វក់ នៃពិភពលោក គ្មានភាពស្រស់ស្រាយ។ដូច្នេះ បើគេធ្វើអ្វីមួយមិនទាន់ល្អ គួរកុំគិតថាគេធ្វើមិនកើត គេអន់ គេល្ងង់ តែគួរគិតថាគេធ្វើបានល្អមួយកម្រិតហើយ គ្រាន់តែមិនទាន់ដល់កម្រិត ដែលយើងចង់បាន ឬបើគេនិយាយមិនល្អពីយើង គេស្អប់យើង គេតាមផ្ចាញ់ផ្ចាលយើង គេគុំកួនយើង គេចង់ឈ្នះយើង ចូរកុំគិតថា គេជាមនុស្សអាក្រក់ តែគួរគិតថា ការនិយាយអាក្រក់នោះ ជាសេរីភាព នៃការគិតរបស់គេ ឬអាចគិតថា ប្រហែលជាគេនិយាយត្រឹមត្រូវដែរ ព្រោះមនុស្សម្នាក់ៗ គ្មានអ្នកណាល្អគ្រប់ដប់នោះទេ ឬអាចគិតថា រឿងអាក្រក់ល្អ ខុសឬត្រូវ គឺយើងស្គាល់ខ្លួនឯងច្បាស់។ ជួនកាល យើងអាចយកការរិះគន់ ការវាយប្រហាររបស់គេ មកសិក្សារៀនសូត្រ អំពីខ្លួនឯងឡើងវិញបាន តើយើងពិតជាមានបញ្ហា ពិតជាមានចំណុចអវិជ្ជមានដូចអ្វី ដែលគេថាមែនឬយ៉ាងណា?

បើគេនិយាយត្រូវ គួរអរគុណគេ ហើយកែលម្អខ្លួនឯង តែបើគេនិយាយមិនត្រូវទេ កុំរើសយកមកដាក់ក្នុងចិត្ត នាំតែសៅហ្មង។ រឿងសៅហ្មងខ្លះ យកមកដាក់ក្នុងចិត្ត ក៏មិនអាចដោះស្រាយអ្វីបានដែរ ជួនកាលកាន់តែស្មុគស្មាញថែមទៀត។

នៅប្រទេសជឿនលឿនខ្លះ គេជួលមនុស្សឱ្យមករិះគន់ស្ថាប័ន ឬបុគ្គលផ្ទាល់ខ្លួន ដើម្បីរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន ដើម្បីកែលម្អឡើងវិញ។ ដូចនេះ ការគិតល្អ ឬគិតបែបវិជ្ជមាន ជាមធ្យោបាយល្អបំផុត ក្នុងការឈានទៅកាន់ភាពជោគជ័យ និងសុភមង្គលផ្លូវចិត្ត និងធ្វើឱ្យជីវិតស្រស់ស្រាយ ស្រស់បំព្រងជានិច្ច៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី