រហាត់ទឹកធំមួយដែលធ្វើឡើងតាំងពីសម័យសង្គមរាស្រ្តនិយមកំពុងមានវត្តមាននៅតំបន់រមណីយដ្ឋានអង្គរ និងកំពុងរងការខូចខាតផងដែរ តែថាអាជ្ញាធរជាតិអប្សរា និងសប្បុរសជន គឺលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យានឹងជួសជុលឡើងវិញ ។ រហាត់ទឹកធំមានប្រវត្តិដូចការរៀបរាប់ខាងក្រោម។
បើតាមអាជ្ញាធរជាតិអប្សរារហាត់ទឹកនេះធ្វើឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ និងមានផ្ទះលំហែកាយមួយនៅក្បែរនោះផង។ ក្នងសម័យសង្គ្រាមរហាត់ទឹកនេះរងការខូចខាត ហើយផ្ទះលំហែកាយនោះក៏ត្រូវបាត់បង់ផងដែរ។
ក្រោយរបបខ្មែរក្រហមដួលរលំ រហាត់ទឹកធំមួយនេះក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលំហែកាយដូចមុនទេ។ ការសាងសង់ឡើងវិញគឺ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។
ប្រភពពីអាជ្ញាធរជាតិអប្សរាឲ្យដឹងទៀតថាក្រោយមក ពេលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហាត់ទឹកនិងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងទៅអាជ្ញាធរជាតិអប្សរា។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរារហាត់ទឹកនេះ ក៏មានការជួសជុលដោយសហការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹកសំរាប់ស្រោចកូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ឯទឹកស្ទឹងមានតិច។ បច្ចុប្បន្ន រហាត់ទឹកនេះ បានរងនូវការខូចខាតជាដំណំ សល់តែរូបរាងពុកផុយមិនអាចដំណើរការបានតែម្តង។
គួរបញ្ជាក់ថាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានទទួលការសន្យាជួយជួសជុលឡើងវិញពីសប្បុរសជនគឺលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យានឹងជួសជុលឡើងវិញ ហើយនិងកំពុងសិក្សាពីសម្ភារៈដែលត្រូវប្រើប្រាស់ និងតម្លៃនៃការសាងសង់ឡើងវិញ។បែបនេះក្ដី នៅមិនទាន់ដឹងខ្ទង់ចំណាយលើការជួសជុល រហាត់ទឹកបុរាណដ៏ធំ នោះឡើយ ហើយចំពោះថា អាចនិងដាក់ឲ្យដំណើរការនៅពេលណានោះក៏មិនទាន់ដឹងនៅឡើយដែរ៕