វីរុសកូរ៉ូណា កូវីដ-១៩ បាននឹងកំពុងវាយលុកចរាចរស្ទើពេញផ្ទៃនៃប្រទេសកម្ពុជា ខណៈអាជ្ញាធរសម្រេចឲ្យមានការបិទផ្សាររដ្ឋ និងឯកជន រួមទាំងអាជីវកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាមួយនឹងការសម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាលជាបណ្តោះអាសន្នរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញទស្សនៈចំនួន ២ ដើម្បីយកឈ្នះលើស្ថានភាពបច្ចុប្បន្នដែលជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ ស្ថានភាពបច្ចុប្បន្នគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា។ ដើម្បីជម្នះដំណាក់កាលនេះ គឺមានរឿងពីរដែលយើងត្រូវធ្វើរួមគ្នា – ទី១ ត្រូវអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលប្រកបដោយការអត់ធ្មត់ និងទី២ ត្រូវប្រឈមមុខនឹងការលំបាកនេះដោយឈរលើគំនិតវិជ្ជមាន។
បើតាមអ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរូបនេះបានគូសបញ្ជាក់ថា ប្រសិនបើអ្នកពិចារណាពីក្រោយនៃចំណុចនេះ អ្នកនឹងឃើញពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការនៅផ្ទះ។ ការនៅផ្ទះអាចរារាំងការចល័តពីកន្លែងមួយទៅកន្លែងមួយមែន ប៉ុន្តែការនៅផ្ទះជាមួយមនុស្សជាទីស្រឡាញ់ មិនបានបង្អាក់នូវ សេចក្ដីរីកចម្រើន សេចក្ដីសុខ និងទំនាក់ទំនងរបស់អ្នកឡើយ។
ដូចនេះ សូមជឿជាក់និងរីករាយជាមួយពេលវេលានៅផ្ទះ ខណៈពេលដែលពួកយើងកំពុងឈានទៅរកការចាប់ផ្ដើមដ៏ល្អមួយ។ ខ្ញុំនិងគ្រួសារមានសុទិដ្ឋិនិយមថាអ្វីៗនឹងល្អប្រសើរហើយខ្ញុំសង្ឃឹមថាអ្នកក៏គិតដូចខ្ញុំដែរ៕