កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងមូល បានមានការចាប់អារម្មណ៍ជាខ្លាំងចំពោះបេក្ខនារីប្រលងបាក់ឌុប ២រូប ខណៈពេលដែលមកប្រលងនោះ គឺមិនមានប្រាក់កាក់សំរាប់ញុំាបាយ រឺក៏ចាយវាយអ្វីទេ មិនតែប៉ុណ្ណោះម្តាយក៏កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀតផង ។ ដំណឹងនេះបានដឹងដល់លោកឧកញ៉ា ហ៊ុន តូ ជាមួយគ្នានោះ លោកឧកញ៉ា បានឧបត្ថម្ភដល់បេក្ខនារី ប្រឡងបាក់ឌុប២នាក់នោះ។
ជុំវិញរឿងរ៉ាវផ្ទុះកក្រើកខាងលើនេះ ក្រោយពីមានគណនីឈ្មោះ Chhay Ly បានមានការរៀបរាប់នៅលេីបណ្តាញសង្គមយ៉ាងដូច្នេះថា៖«សូមកោតសរសេីរដល់ទឹកចិត្តលោកស្នងការរងផែនអន្តោប្រវេសន៍ ខេត្តកំពង់ចាម ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួចដល់បេក្ខជន ដែលមកប្រលង នៅមណ្ឌលឧត្តរ ដែលគាត់មកប្រលងនេះ មិនមានលុយកាក់សំរាប់ញុំាបាយ រឺក៏ចាយវាយអ្វីទេហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត គាត់រំភេីបចិត្តឡេីងស្រក់ទឹកភ្នែក អារម្មណ៍មួយគិតគ្រួសារ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»។
សូមជម្រាបផងដែរថា បេក្ខនារីទាំង២រូបនេះ មានឈ្មោះ វេត ស្រីអ៊ាង និងឈ្មោះ យ៉េត សុខខេង រស់នៅក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រៀននៅវិទ្យាល័យមេសរជ្រៃ រីឯមណ្ឌលដែលបេក្ខនារីទាំង២រូបនេះត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺនៅមណ្ឌលបឋមសិក្សាឧត្តរ ។
ដោយឃេីញពីទុក្ខលំបាកប្អូនស្រីទាំង២រូបនៅលេីបណ្តាញសង្គមហ្វេសប៊ុករួចមក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ហ៊ុន តូ បានផ្ដល់អំណោយជាថវិកាចំនួន២០០០ដុល្លារ តាមរយៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភជូនសិស្សក្រីក្រពីរនាក់ ដេីម្បីទុកសម្រួលដល់ជីវភាពគ្រួសារ និងទុកសំរាប់ព្យាបាលដល់ម្តាយដែលកំពុងតែឈឺផងនោះ៕