ក្រោយមានការលះបង់ជាធនធានថវិកាផ្ទាល់ខ្លួន និងរៃអង្គាសប្រភពថវិកាបន្ថែមពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម ដែលកំពុងស្ថិតក្នុងវិធានបិទខ្ទប់ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ បែរជាមានការរិះគន់របស់ជនអនាមិកលើហ្វេសប៊ុកម្នាក់ ចោទថា ក្នុងនាមឧកញ៉ា មានមុខរបររាប់ពាន់ក្នុងដៃ បែរជាមកអង្គុយរៃអង្គាសថវិកាពីសប្បុរសជន ហើយការយកថវិកាដែលរៃបានទៀតសោត មិនដឹងថាមានគណនេយ្យភាព ឬក៏អត់?!
ឆ្លើយប្រាប់ Oknha News ដោយផ្ទាល់តាមសារអេឡិចត្រូនិក លោក ឧកញ៉ា ហ៊ួត ជា បានបកស្រាយថា៖ ដំបូងបំផុតផ្ដើមចេញពីការមើលឃើញវីដេអូបងប្អូនមួយចំនួនក្នុងតំបន់បិទខ្ទប់តាមបណ្ដាញសង្គម ដែលពួកគាត់ខ្លះមានជីវភាពខ្វះខាត និងកំពុងដង្ហើយហៅរកជំនួយ។ ពេលនោះ ឧកញ៉ា ហួ៊ត ជា ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៦០០ដុល្លារ ដើម្បីជាវជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ សម្រាប់ចែកជូនពួកគាត់។ ពេលយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនបងប្អូនដល់តំបន់បិទខ្ទប់ លោក ឧកញ៉ា បានឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះជាក់ស្ដែងផ្ទាល់ភ្នែក ធ្វើឱ្យគាត់ កាន់តែខ្លោចចិត្តអាណិតអាសូរប្រជាពលរដ្ឋក្នុងតំបន់ក្រហមជាខ្លាំង។
ចំពោះមុខបញ្ហាកង្វះខាតស្បៀង របស់ប្រជាពលរដ្ឋខ្វះខាតមួយចំនួនក្នុងតំបន់ក្រហមនេះហើយ ដែលជាដើមចមជំរុញចិត្ត ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ ហួ៊ត ជា និងជាប្រធានមូលនិធិឧកញ៉ា ហួ៊ត ជា បន្តរិះរកវិធីកៀងគងជំនួយបន្ថែមពីសប្បុរសជន ដើម្បីពង្រីកទំហំនៃការជួយឧបត្ថម្ភពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម ឱ្យបានកាន់តែច្រើនជាងមុន តាមរយៈ «មូលនិធិឧកញ៉ា ហួ៊ត ជា» របស់លោក ឧកញ៉ា ដែលបានបង្កើតឡើងតាំងពីមុនមកម៉្លេះ។ ក្រោយរៃអង្គាសប្រភពថវិកាពីសប្បុរជនបានមួយចំណែកទៀត តាមរយៈការ Live Videos ផ្ទាល់លើហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ហួ៊ត ជា ក៏ប្រញាប់រៀបចំប្រគល់ជំនួយសប្បុរសធម៌ទាំងអស់នោះ ដល់អាជ្ញាធរមូលដ្ឋាន នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀបចំចាត់ចែងបន្ថែមឱ្យបានទាន់ពេលវេលា។
សរុបជារួមមកវិញ លោក ឧកញ៉ា ហួ៊ត ជា ចង់បញ្ជាក់ថា មានហេតុផលសំខាន់២ ដែលគាត់ដាច់ចិត្តLive ជាវីដេអូតាមហ្វេសប៊ុក ជួយប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់។ ហេតុផលទី១ ដោយសារ គាត់បានឃើញវីដេអូដង្ហើយហៅ ស្វែងរកជំនួយ និងទី២ គឺចង់កៀងគងជំនួយសប្បុរសធម៌ពីអ្នកមានធនធានច្រើន ជួយដល់ជនរួមជាតិ ដែលកំពុងខ្វះខាតពិតប្រាកដ។
ជាចុងក្រោយ លោក ឧកញ៉ា ហួ៊ត ជា ក៏សូមសំណូមពរ ដល់សារព័ត៌មានអនឡាញធំមួយ ដែលមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន សូមកុំចុះផ្សាយដោយមានភាពលម្អៀង ចុះផ្សាយគ្មានវិជ្ជាជីវៈ ដោយគ្រាន់តែ យកត្រឹមសម្រង់សម្ដីចេញពី Comment របស់អាខោនហ្វេសប៊ុកក្លែងក្លាយ របស់ជនអនាមិកម្នាក់ (មានតែមួយគត់) យកទៅចុះផ្សាយថា ជាទស្សនៈរបស់មហាជន មកវាយប្រហារលើទឹកចិត្ត និងសកម្មភាពសប្បុរសធម៌ ដោយសុទ្ធចិត្តរបស់លោកទាំងគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខជំនួញរបស់លោកដូច្នេះ។ ហើយលោកក៏គ្មានមុខជំនួញឯណា ដល់រាប់ពាន់ក្នុងដៃ ក្រៅពីក្រុមហ៊ុន ហួ៊ត ជា ផ្គត់ផ្គង់គ្រឿងសំណង់ និងក្រុមហ៊ុនអចលនទ្រព្យ លំនៅដ្ឋាន ហ៊ួតជា វិចិត្រតារា ឡើយ។ ចំពោះគណនេយ្យភាពពីថវិកាសប្បុរសធម៌ ដែលរៃអង្គាសបាន លោក ឧកញ៉ា ក៏បានបញ្ជាក់ ហើយបញ្ជាក់ទៀតថា លោកធ្លាប់បានបង្ហាញជាសាធារណៈរួចហើយថា លោកធានា មិនឱ្យបាត់បង់លុយរបស់សប្បុរសជនសូម្បីមួយរៀលឡើយ ហើយរូបលោក មានតែថែមបង្គ្រប់ថវិកាឱ្យបានកាន់តែច្រើនថែមទៀតផង ។
«មូលនិធិឧកញ៉ា ហួ៊ត ជា» ជាមូលនិធិសប្បុរសធម៌ ដោយមានលោក ឧកញ៉ា ហួ៊ត ជា ជាស្ថាបនិកផ្ដួចផ្ដើមដំបូង ហើយបានធ្វើសកម្មភាពសប្បុរធម៌អស់រយៈពេលជាង ៥ឆ្នាំ កន្លងមកហើយ។ ជារៀងរាល់ខែ លោក ឧកញ៉ា ហួ៊ត ជា បានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន មិនក្រោម ៣ពាន់ដុល្លារទេ ក្នុងការជួយជនខ្វះខាត ជាពិសេសកម្មករសំណង់ ទាំងឡាយណា ដែលកំពុងប្រឈមការខ្វះខាតពិតប្រាកដ។ នេះជាការបញ្ជាក់ដោយផ្ទាល់របស់ ឧកញ៉ា ហួ៊ត ជា ៕