អ្នកនិពន្ធម៉ីសនសុធារីបានចាកចេញពីតួនាទីដ៏ធំរបស់ខ្លួន នៅសា្ថនីយ៍ទូរទស្សន៍ភីអិអិនហើយ បន្ទាប់ពីបំពេញការងារប្រមាណជាង៨ខែប៉ុណ្ណោះ នេះបើតាម Oknha News ទទួលព័ត៌មានក្តៅៗ។
ជុំវិញនេះ Oknha News បានធ្វើការជួបសម្ភាសន៍ ជាមួយអ្នកស្រីម៉ីសនសុធារី ម្ចាស់រឿងស្ទូឌីយោលេខ៧ កាលពីពេលសម្ពោធថ្មីៗ ជុំវិញការចាកចេញមួពីភីអិនអិន សូមអានបទម្ភាសន៍។
Oknha News ៖ បង លឺថាបងឈប់ពីភីអិនអិនហើយតើមានទំនាស់អ្វីដែលការងារត្រូវបញ្ចប់ទើបតែបាន៨ខែ?
ម៉ីសនសុធារី៖ចាស ខ្ញុំបានឈប់មែន ឈប់ជាបុគ្គលិកពេញម៉ោង តែបើថាមានទំនាស់អីគឺអត់ទេ! ខ្ញុំជាអ្នកនិពន្ធម្នាក់ ខ្ញុំត្រូវការដាក់រឿងរបស់ខ្លួនឯងផលិតនៅទូរទស្សន៍ច្រើនទៀត ចំណែកនៅភីអិនអិនគឺពិបាកបន្តិចក្នុងការអោយទូរទស្សន៍ផ្សេងទៀតផលិតរឿងរបស់ខ្ញុំ ។
Oknha News ៖ តើបងយល់យ៉ាងណាចំពោះការងារប្រធានទីផ្សារនៅទីនោះ?
ម៉ីសនសុធារី៖ វាជាតួនាទីល្អ ប៉ុន្តែសំខាន់តើយើងធ្វើវាបានល្អដែរទេ? ខ្ញុំមានបញ្ហាខ្លះមិនពេញចិត្តចំពោះខ្លួនឯងដោយសារតែខ្ញុំពីដើមមក គឺមិនចូលចិត្តទស្សនារឿងភាគថៃ ហើយកាលដែលផ្នែកទីផ្សារទទួលធ្វើEventដែលមានតារាថៃច្រើន មិនត្រូវជាមួយចរិតពិតរបស់ខ្ញុំ។ ខ្ញុំមិនមានទំនោរស្ងើចសរសើរតារាថៃទំាងនោះ ជាងសិល្បករក្នុងស្រុកទេ អញ្ចឹងខ្ញុំគិតថា ការងារនេះមិនសមនឹងខ្ញុំ ហើយមិនជំរុញទឹកចិត្តសោះ។ ខ្ញុំជាអ្នកនិពន្ធ និងជាអ្នកឌីជីថល ខ្ញុំមើលឃើញឱកាសមួយចំនួនទៀតដែលមិនចាប់ពេលនេះ គឺវាអាចយឺត ដូច្នេះខ្ញុំបានសូមទោសគាត់ហើយថ្នាក់ដឹកនាំនៅទីនោះមានទឹកចិត្តទូលាយ ហើយគាត់នៅតែមានការងារខ្លះៗទៀតជាមួយខ្ញុំជាគម្រោងខ្លីៗ ភាគច្រើនទាក់ទងជាមួយកុនល្ខោន។
Oknha News ៖ តើចេញពី ការងារប្រធានទីផ្សារ តើបងរំពឹងកុងត្រារឿងភាគធំៗប៉ុន្មានរឿងទៀតជាមួយទូរទស្សន៍ ផ្សេងៗ?មានគេទាក់ទងមកបងច្រើនទេ?
ម៉ីសនសុធារី៖ មិនមែនគេទាក់ទងខ្ញុំទេ គឺខ្ញុំទាក់ទងគេ! អ្នកនិពន្ធតូចតាចដូចខ្ញុំ មិនលើសក៏មិនខ្វះពេកដែរសម្រាប់អ្នកវិនិយោគផ្នែកទូរទស្សន៍ដែលជាអាជីវកម្មវាល់លានដុល្លារ បើថា ចាំគេមកទាក់ទងយើង អាហ្នឹងយើងមិនដឹងជាសិល្បករស្អីនោះទេគឺខ្ញុំទាក់ទងនិយាយជាមួយអគ្គនាយកនិងនាយកផ្នែកកម្មវិធីនៃទូរទស្សន៍មួយចំនួនមកហើយយើងមានការងារខ្លះចាប់ផ្តើមឆ្នាំក្រោយ។
Oknha News ៖ មានមតិមកថារឿងរបស់បងថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់មិនបានទទួលចំណាត់ថ្នាក់ខ្ពស់ទេក្នុងការវាស់វែងរបស់ Kanta?
ម៉ីសនសុធារី៖ ពិតណាស់! ចំណាត់ថ្នាក់រឿងទូរទស្សន៍ដែលមានគេមើលច្រើនបង្អស់ មិនបានមក ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ទេ ប៉ុន្តែតើបានទៅលើរឿងណាវិញ? ហើយហេតុអ្វី?នេះជាសំនួរដែលផ្នែកទូរទស្សន៍ត្រូវចោទសួរខ្លួនឯង? នៅលើឌីជីថល រឿងថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ នាំមុខដោយតួលេខកំពូលមិនធ្លាប់មានក្នុងស្រុកខ្មែរ អញ្ចឹងមានន័យថាតើយើងយកមនុស្សឌីជីថលឬយើងដើរថយក្រោយ? ឌីជីថលជាអនាគត ពេលនេះវាគ្រាន់តែជាអន្តរកាល ដែលយើងកំពុងឆ្លងចាកចោលប្រពៃណី យើងអាចមានបញ្ហាខ្លះពីដំបូង ប៉ុន្តែនេះជាការឆ្ពោះទៅមុខ បែរទៅរកអនាគត មនុស្សដើរថយក្រោយគឺដើរទៅរកបរាជ័យ។ នៅក្នុងក្រុមដឹកនាំកំពូលរបស់ភីអិនអិន មេដឹកនាំខ្ញុំបានសាទរពេញទំហឹងចំពោះរឿងនេះ ហើយប្អូនអាចទៅស្រង់ទិន្នន័យពីAgencyពាណិជ្ជកម្មទំាងអស់នៅកម្ពុជាលោមើលថាតើមានរឿងខ្មែរណាដែលមានស្លាកសញ្ញាធំៗ បុកមកគាំទ្រច្រើន ដូចថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់? តើក្រៅពីរឿងមួយនេះ តើមានរឿងខ្មែរណាមួយ ដែលអាចមានលទ្ធភាពទាញបានដោយជោគជ័យ នូវបណ្តាយុវវ័យខ្មែរដែលធ្លាប់បោះបង់ចោលការមើលទូរទស្សន៍ក្នុងស្រុក អោយវិលមកទស្សនាកុនខ្មែរឡើងវិញ? សារព័ត៌មានក្នុងប្រទេស នានាមានមោទនភាព ក្នុងការលើកឡើងពីល្ខោនទូរទស្សន៍ដ៏ធំមួយនេះ តើនេះជាសុចនាករអ្វី ?
Oknha News ៖ ប៉ុន្តែបង មានគេនិយាយថា បងល្បីខ្លំាងដោយសារមានសារព័ត៌មានចោមរោមជួយជានិច្ច ព្រោះគេមានចេតនាជួយតែប្រូម៉ូតរឿងបងម្នាក់គត់ ហើយមិនរវល់ ចំពោះអ្នកនិពន្ធផ្សេងៗ។ តើបងបកស្រាយយ៉ាងណា?
ម៉ីសនសុធារី៖ (សើច) អ្នកដែលនិយាយនេះ តើគេកំពុងមើលងាយខ្ញុំឬមើលងាយអ្នកកាសែត?អោយគេគិតម្តងទៀតទៅ!
Oknha News ៖ សួរតាមត្រង់បងម៉ីសនសុធារី តើភីអិអិនមានថតរឿងថ្មីជាមួយបងទៀតទេ?
ម៉ីសនសុធារី៖ តំាងពីពេលរឿងថ្ងៃមុនស្អប់ បញ្ចាំងបានពាក់កណ្តាល អគ្គនាយកភីអីអិនបានពិភាក្សាអំពីការថតរឿងក្រោយជាមួយខ្ញុំទៅហើយ តែខ្ញុំបានសុំគាត់មើលTrendឆ្នំាក្រោយសិន។ គាត់ថា គាត់មិនត្រួវការRatingអីមកនិយាយ តែគាត់ត្រូវការTrendថ្មីៗ ដែលវាជាគុណតម្លៃធំរបស់ភីអីនអិន។ពួកគាត់មានចក្ខុវិស័យវែងឆ្ងាយហើយភីអិនអិនមានធនធានមិនចេះរីងស្ងួតទេក្នុងការឈរជើងលំដាប់កំពូលក្នុងវិស័យរឿងភាគខ្មែរ ពួកគេមិនគិតតូចៗ ដូចដែលយើងឃើញហើយថា LYP Groupជោគជ័យកម្រិតណាក្នុងការកំណត់យុទ្ធសាស្ត្រអនាគតរបស់គេម្តងៗ។ ចុងក្រោយកញ្ញាទូចបុប្ផាប្រធានកម្មវិធីភីអិនអិន បានជជែកនឹងខ្ញុំឆ្អឹងរឿងខ្លះៗសម្រាប់២០២០ឬ២០២១។ យើងកំពុងបន្តស្វែងរកខ្លួនយើង គឺអត្តសញ្ញាណធំមួយរបស់រ៉ឿងភាគខ្មែរទៅអនាគត។ ដូចខ្ញុំតែងដាស់តឿនប្រាប់ ការស់មួយឆាវតាមស្រមោលអ្នកដទៃគ្មានភាពជាខ្លួនឯង ជាការប្រលែងនិងវិបត្តិធ្លាក់ទឹកចិត្តនៅចុងបញ្ចប់។ទំហំនែការខូចខាត កេរ៍ឈ្មោះ ធនធាន និងពេលវេលា ជាការខាតបង់ដ៏ធំ យើងមិនអាចវិនិយោគទៅលើយន្តការហួសម័យ ដើម្បីតែជោគជ័យបណ្តោះអាសន្ននោះទេ។
Oknha News ៖ បង ក្នុងនាមជាអ្នកនិពន្ធ បងយល់យ៉ាងណាការបញ្ចូលសំឡេងកុនខ្មែរដែលមានគេរិះគន់ច្រើន?
ម៉ីសនសុធារី៖ បើប្អូនថាគេរិះគន់ច្រើនហើយ មកសួរបងដល់ណា?ចង់អោយបងបញ្ជាក់ន័យបន្ថែម?ឬគាំទ្រការិះគន់នោះជាមួយគ្នា? ខ្ញុំអាចនិយាយបានខ្លីថា តំាងពីឆ្នាំ៩០ប្លាយមក តារាសម្តែងខ្មែរបានបាត់បង់ឧត្តមភាពរបស់ពួកគេដោយសារទស្សនិកជនរកមិនឃើញ ភាពអស្ចារ្សដែលបង្កប់ក្នុងខ្លួនពួកគេ! ប្រទេសជិតខាងបានប្រើសំឡេងដើមរបស់តួម្នាក់ៗ តំាំងពីម្ភៃឆ្នាំមុនមកម៉្លេះ បើយើងដើរថយក្រោយមិនគួរថយឆ្ងាយយ៉ាងនេះទេ។ តារាខ្មែរយើងគួរចេះបដិសេធពេលដែលប្រើសំឡេងអ្នកដទៃបន្ថែមរសនិយមដល់ខ្លួនយើង ។ការសម្តែងគឺសម្តែងទំាងសំឡេងទំាងរូបសម្បត្តិទំាងអារម្មណ៍នោះទើបជាទេពកោសល្យពិតនិង អត្តសញ្ញាណIdentityនៃសិល្បករម្នាក់ៗ។សិល្បករដែលមិនមានអត្តញ្ញាណខ្លួន និងចែងចាំងរយៈពេលខ្លី។
Oknha News ៖ ទាក់ទងរឿងល្បីនិងភាពល្បីឈ្មោះ តើបងប្រាប់បានទេនូវវិធីសាស្ត្រដែលនាំអោយបងបានក្លាយជាអ្នកនិពន្ធដ៏ល្បីក្នុងពេលដ៏ខ្លី?ហើយបងមានវិធីសាស្រ្តយ៉ាងណារក្សាចំណុចនោះ?
ម៉ីសនសុធារី៖ ពេលដ៏ខ្លី? ខ្ញុំសរសេររឿងតំាងពី១៩៩២ប្អូន។ ចំណែកថាល្បី ខ្ញុំមិនគិតថា អ្នកណាម្នាក់នៅលើចំណុចកំពូលរបស់សិល្បៈជារៀងរហូតទេ។ គ្រប់អាជីពតែងមានអ្នកថ្មីលេចឡើងមកហើយល្អជាងមុន ខ្លាំងជាជំនាន់យើង ព្រោះយើងបានដកពិសោធន៍មុន គេរៀនតាមបន្ត មិនបាច់ចាយពេលដូចជំនាន់យើង។សំខាន់យើងមានអ្នកដើរតាមច្រើនទេ(Follower) អ្នកហ្នុងហើយដែលធ្វើតាមលំនាំយើង គឺបង្ហាញថាយើងជោគជ័យឬបរាជ័យ។ ចំណែកនិយមន័យថាធ្វើយ៉ាងណាអោយល្បីឈ្មោះជារៀងរហូតខ្ញុំចង់ពន្យល់ថា មនុស្សល្បីរហូតព្រោះមនុស្សខ្លួនឯង មិនមែនព្រោះបទចម្រៀងដែលគេច្រើន រូបសម្ភស្សដែលគេកែ ឬសាច់រឿងដែលគេសរសេរនោះទេ។ ថ្ងៃនេះគេចូលចិត្តមុខយើង បទចម្រៀងយើងសាច់រឿងយើង ថ្ងៃស្អែកគេអាចឃើញអ្នកថ្មីហើយដូរសនិយមនោះទៅតាមនិន្នការសង្គមTrend។ ចំណែកហ្វេនពិតរបស់យើង គឺគេចូលចិត្តលើសពីនេះ គេចូលចិត្តយើងដែលជាខ្លួនយើង ហើយការចូលចិត្តមួយនេះ គ្មានអ្នកណាជំនួសបានទេ ព្រោះយើងមានតែមួយប៉ុណ្ណោះ។ សិល្បករលើលោកជាច្រើនបាក់ទឹកចិត្ត មានជំងឺផ្លូវចិត្តខ្លះដល់ថ្នាក់លិចលង់ក្នុងសម្ពាធ ពិបាកដកដង្ហើមពិាករស់នៅ ធ្វើអត្តឃាត ក៏ដោយសារភាពល្បី និងការប្រកួតប្រជែងអស់ទំាងនេះ។ ចូរកសាងអត្តសញ្ញាណរបស់យើង ហើយសាបព្រោះវា កំណត់ថានោះជាកត្តាជោគជ័យ ចំណែកភាពល្បី វាមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់រហូតទេ ធ្វើចិត្តទៅ!
Oknha News ៖ តើបងមានគម្រោងបង្កើតក្រុមហ៊ុនឬធ្វីអ្វីបន្ថែមទៀត គ្រប់គ្នាគិតថាបងសមជាសហគ្រិនឆ្នើម?
ម៉ីសនសុធារី៖ (សើច) ខ្ញុំនឹងមិនក្លាយជាសហគ្រិនទេ ខ្ញុំជាអ្នកនិពន្ធម្នាក់ ជារៀងរហូតតទៅ នេះជាអត្តសញ្ញាណដែលខ្ញុំកំណត់យក ហើយវាមិនប្រែប្រួល។ ចេញពីនេះ ខ្ញុំកំពុងស្វែងរកការងារធ្វើ ទៀត ក្នុងវិស័យបីថ្មីស្រឡាងសម្រាប់ខ្ញុំនោះគឺ ផ្នែកហិរញ្ញវត្ថុ អចលនាទ្រព្យ និងទេសចរ។ ខ្ញុំកំពុងដាក់ពាក្យហើយវិលទៅចាប់ផ្តើមការរៀនសូត្រលើផ្នែកបីនេះ ហើយខ្ញុំនិងចេញសៀវភៅបន្តបន្ទាប់ទាក់ទងនឹងចំណេះទំាងនោះដែលខ្ញុំចាប់បាន។ បើនៅធនាគារមួយឆ្នាំខ្ញុំនិងអាចជួយអ្នកអានរបស់ខ្ញុំអោយដឹងពី ចរាចរណ៍ពិតបស់លុយក្នុងវិស័យធនាគារបរិបទកម្ពុជា។ ខ្ញុំដឹងថាមានចំណេះច្រើនណាស់ដែលខ្ញុំមិនទាន់ចេះ។ហើយខ្ញុំនៅមានពេលសិក្សា។
Oknha News ៖ អ្នកគាំទ្របងពេញចិត្តជាខ្លាំងលើចំណេះដឹង ទេពកោសល្យ ព្រមទំាងបំណិនជីវិតក្នុងលក្ខណៈសម្បត្តិរបស់បង តើSoft Skillដែលបងចេះនេះ បងរៀនពីណាមក? គ្រូឈ្មោះអ្វី?បរទេសឬខ្មែរ?
ម៉ីសនសុធារី៖ ខ្ញុំរៀនពីមនុស្សបីប្រភេទ។ អ្នកក្រដែលខ្ញុំរាប់អាន ពួកគេនៅជុំវិញខ្លួនខ្ញុំ បង្រៀនខ្ញុំពីការតស៊ូ និងអត្ថន័យនៃខ្លួនទីពឹងខ្លួន ពួកអ្នកមានដែលខ្ញុំជួប បង្រៀនខ្ញុំពីសម្ពាធនិងការថប់បារម្ភដែលពួកគេត្រូវតតាំងជាមួយក្នុងសង្គមប្រជែងនិងចក្ខុនិយម សម្ភារៈនិយម ចុងក្រោយមនុស្សថ្នាក់កណ្តាលដែលបង្រៀនខ្ញុំពីរបៀបរើចេញពីភាពក្រីក្ររបស់ពួកគេនិងមូលហេតុដែលមិនអាចក្លាយជាអ្នកមាន។
Oknha News ៖ មានឧកញ៉ាពីរបីនាក់ និយាយថាបងម៉ីសនសុធារីឆ្មើងឆ្មៃ ពិបាកធ្វើការជាមួយ សូម្បីការងារសរសេរសៀវភៅ ក៏ទាក់ទងមិនស្រួលកុំថាការងារផ្សេង បងដែលទទួលបានពាក្យរិះគន់អស់នេះ?
ម៉ីសនសុធារី៖ ទីមួយមកពីពួកគេមិនស្គាល់ខ្ញុំ ទីពីរពួកគេប្រហែលជួបមនុស្សរណេបរណបច្រើនពេកហើយ។
Oknha News ៖ សំនួរចុងក្រោយ បើនៅសុខៗមានគេទម្លាក់លុយមក៥លានដុល្លារសម្រាប់យកទៅអភិវឌ្ឍន៍តើបងនឹងធ្វើអ្វី?
ម៉ីសនសុធារី៖ ខ្ញុំប្រហែលធ្លាប់គិតថាធ្វើម៉េចនឹងទទួលបានទ្រព្យសកម្ម៥លានដុល្លារ តែបើថា ទទេៗទទួលបាន៥លានមក ខ្ញុំខ្ចិលគិតណាស់ ។ខ្ញុំមិនដែលចំណាយពេលទៅគិតពីអភិនិហារទេ ជីវិតខ្ញុំជាជីវិតពិត គ្រប់យ៉ាងខ្ញុំកសាងវាឡើងមកជាមួយការពិតជាក់ស្តែង។ អរគុណណាស់ សម្រាប់បទសម្ភាសន៍។
អ្នកនិពន្ធម៉ីសនសុធារី ម្ចាស់សៀវភៅ ពេលវេលា ដែលទើបនឹងបោះពុម្ពបីពាន់ក្បាលកាលពីខែមិថុនា ឥឡូវនេះត្រៀមបញ្ចេញស្តុកថ្មីទៀតហើយ។ អ្នកស្រីជានិពន្ធនាយិកាដំបូងដែលបានបង្កើត Sabay.com.kh និងអ្នកសារព័ត៌មានឌីជីថលវ័យក្មេងជាច្រើនលើវិស័យសារព័ត៌មាននៅកម្ពុជា។