ស្ថានភាពជំងឺឆ្លងនៅខេត្តព្រះសីហនុមិនទាន់មានសញ្ញាវិជ្ជមាន ខណៈអាជ្ញាធរបានចាត់វិធានការតឹងរឹង ម៉ឺងមាត់ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ក្នុងសហគមន៍។ ភ្លាមៗ អ្នកឧកញ៉ា គិត ម៉េង ប្រកាសឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិកជូនរដ្ឋបាលខេត្តព្រះសីហនុ ជួយដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍នៅថ្ងៃទី៤ ខែឧសភា នេះថា៖ ខ្ញុំ និងភរិយាខ្ញុំ ចំណាន មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅក្នុងមាតុភូមិជាទីស្នេហារបស់យើង ដែលមានទីក្រុងធំៗជាច្រើនកំពុងត្រូវការជំនួយ។ ដើម្បីបន្ធូរស្ថានភាពនេះ ខ្ញុំ និងភរិយាបានផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ ការចូលរួមវិភាគទានចំនួន២ម៉ឺនដុល្លារនឹងអាចជួយដល់ប្រជាពលរដ្ឋយើងក្នុងគ្រាលំបាក។
អ្នកឧកញ៉ាបានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំជឿជាក់ថាយើងត្រូវតែរក្សាសាមគ្គីភាព ពង្រឹងស្មារតីសហគមន៍របស់យើង និងគាំទ្រគ្នាទៅវិញទៅមកដើម្បីរួចផុតពីសមរភូមិនេះ។ សកម្មភាពទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ឲ្យសូមបងបង្អូនរក្សាសុវត្ថិភាព ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំនានាក្នុងកំលុងពេលនៃការបិទខ្ទប់។ សូមឈរប្រកៀកស្មាគ្នា និងរួបរួមគ្នាក្នុងគ្រាលំបាកនេះ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលផ្តល់នូវថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនៅខេត្តព្រះសីហនុ៕