មហាសេដ្ឋីដ៏ល្បីឈ្មោះលំដាប់លេខ៤ក្នុងពិភពលោក និងជាបុគ្គលគំរូម្នាក់លោក Bill និងភរិយាអ្នកស្រី Melinda Gates បានប្រកាសលែងលះកាលពីម្សិលមិញ បន្ទាប់ពីរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល២៧ឆ្នាំ ហើយមានកូន៣នាក់ជាចំណងអាពាហ៍ពិពាហ៍។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ពាក្យបណ្តឹងលែងលះដែលដាក់ដោយអ្នកស្រី Melinda អាយុ៥៦ឆ្នាំ ត្រូវបានចេញជាសាធារណៈ បន្ទាប់ពីកូនស្រីរបស់ពួកគាត់បានលាតត្រដាងនៅលើបណ្តាញទំនាក់ទំនងសង្គម។
កូនស្រីច្បងឈ្មោះ Jennifer Gates អាយុ២៥ឆ្នាំបានបង្ហាញការប្រកាសលែងលះគ្នានៅលើបណ្តាញ Instagram នៅរសៀលថ្ងៃចន្ទ (យប់មិញ) ដោយបានសរសេរថា ៖«ខ្ញុំនៅតែកំពុងស្វែងយល់ពីរបៀបគាំទ្រពីដំណើរការ និងអារម្មណ៍រំជើបរំជួលបំផុត ព្រមទាំងសមាជិកគ្រួសារនៅពេលនេះ ហើយខ្ញុំសូមអរគុណសម្រាប់ទំហំដែលត្រូវ»។

នាង Jennifer ជាកូនស្រីច្បងក្នុងចំណោមកូន៣នាក់របស់លោក Bill និងអ្នកស្រី Melinda ហើយកូនទី២ប្រុសឈ្មោះ Rory អាយុ២១ឆ្នាំ និងកូនស្រីពៅឈ្មោះ Phoebe អាយុ១៨ឆ្នាំ។
នៅលើគណនី Twitter លោក Bill និងអ្នកស្រី Melinda បានសរសេររួមគ្នាយ៉ាងដូច្នេះថា ៖«បន្ទាប់ពីការគិតដ៏វែងឆ្ងាយ និងធ្វើការយ៉ាងល្អិតល្អន់អំពីសម្ពន្ធភាព យើងបានធ្វើការសម្រេចចិត្តឈានដល់ទីបញ្ចប់នៃចំណងអាពាហ៍ពិពាហ៍របស់ពួកយើងហើយ»។
ការប្រកាសលែងលះគ្នានេះបានកើតឡើង បន្ទាប់ពីមិនដល់ពីរសប្តាហ៍ផង ដែលអ្នកទាំងពីរបានលេចមុខជាសាធារណៈជាមួយគ្នានៅកម្មវិធីទប់ស្កាត់កូវីដ-១៩មួយ។

មូលហេតុពិតប្រាកដនៃការលែងលះគ្នានេះមិនទាន់ត្រូវបានគេបង្ហាញច្បាស់នៅឡើយទេ ប៉ុន្តែអ្នកស្រី Melinda ធ្លាប់បានលើកឡើងថា ប្តីរបស់អ្នកស្រីមានបញ្ហាគ្មានតុល្យភាពរវាងការងារ និងក្រុមគ្រួសារ។ ដូច្នេះប្រហែលជាលោក Bill អាយុ៦៤ឆ្នាំមានការងារធ្វើច្រើនពេកដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារដែលត្រូវការភាពកក់ក្តៅ សេចក្តីស្រឡាញ ក៏ដូចជាសុភមង្គលជាងលុយកាក់។
លោក Bill បានក្លាយជាមហាសេដ្ឋីហើយនៅពេលរៀបការជាមួយអ្នកស្រី Melinda ដើមទសវត្សរ៍១៩៩០។ លោកបានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥ និងបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងពិភពលោកនៅឆ្នាំ១៩៨៧ទាំងពេលលោកទើបវ័យ៣១ឆ្នាំ។ លោកបានជួបអ្នកស្រី Melinda នៅឆ្នាំដែលអ្នកស្រីចូលធ្វើការនៅក្រុមហ៊ុនដែលលោកជា CEO។

៦ឆ្នាំក្រោយមក អ្នកទាំងពីរបានរៀបការ ហើយផ្អែកតាមបទសម្ភាសកន្លងមក អ្នកស្រី Melinda បានកត់ត្រាទុកចំពោះគុណសម្បត្តិ និងគុណវិបត្តិនៃអាពាហ៍ពិពាហ៍នៅលើក្តារខៀន។
ពាក្យបណ្តឹងលែងលះបានដាក់ទៅតុលាការជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន King County កាលពីថ្ងៃចន្ទ។ អ្នកស្រី Melinda មិនបានស្នើសុំការគាំទ្រពីប្តីទេ ប៉ុន្តែបានស្នើសុំឲ្យជុំនំជម្រះនៅខែមេសា ឆ្នាំ២០២២។ យ៉ាងណា ការលែងលះទំនងជាដោះស្រាយដោយមិនចាំបាច់ជុំនំជម្រះ។

ការលែងលះរបស់មហាសេដ្ឋីប្តីប្រពន្ធ Gates ត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋី Jeff Bezos ស្ថាបនិក Amazon ដែលបានលែងលះជាមួយភរិយា MacKenzie កាលពីឆ្នាំ២០១៩៕


ប្រភព៖ dailymail