នៅក្នុងកិច្ចសម្ភាសរបស់កម្មវិធីទូរទស្សន៍នៅប្រទេសកូរ៉េខាងត្បូង មហាសេដ្ឋីចិន Jack Ma បាននិយាយទៅកាន់ប្រជាជនកូរ៉េ ជាពិសេសសម្រាប់ក្មេងជំនាន់ក្រោយដែលមានវ័យជិត២០ឆ្នាំឱ្យបានដឹងពីការរៀបចំដំណើរជីវិតឱ្យបានត្រឹមត្រូវ មិនខ្ជះខ្ជាយពេលវេលា ឬធ្វើរឿងដែលមិនត្រូវនឹងវ័យរបស់ខ្លួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

មុនចូលដល់អាយុ២០ឆ្នាំ៖ ធ្វើខ្លួនជាសិស្សដ៏ល្អម្នាក់ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូបាអាចារ្យ និងចាស់ទុំជុំវិញខ្លួន។
មុនចូលដល់អាយុ៣០ឆ្នាំ៖ មើលតាមគំរូអ្នកណាម្នាក់ឱ្យបានខ្ជាប់ខ្ជួន។ វ័យនេះជាវ័យដែលត្រូវចូលធ្វើការ ដូច្នេះគួរចាប់ផ្ដើមពីក្រុមហ៊ុនតូចទៅ ព្រោះបើចាប់ផ្ដើមពីក្រុមហ៊ុនធំតែម្ដង អ្នកអាចរៀនដឹងពីរបៀបធ្វើការងារសំខាន់ៗ ព្រោះអ្នកប្រៀបដូចជាផ្នែកមួយនៃម៉ាស៊ីនធំមួយគ្រឿងដូច្នោះដែរ។ ប៉ុន្តែបើចាប់ផ្ដើមដោយក្រុមហ៊ុនតូចសិន អ្នកអាចនឹងរៀនចេះពីការដាក់ចិត្តស្រលាញ់ការងារ និងចេះបង្កើតក្ដីស្រមៃរបស់ខ្លួនទៅថ្ងៃក្រោយ។
អ្នកអាចរៀនធ្វើអ្វីបានច្រើនក្នុងពេលតែមួយ និងចេះហាត់ពត់លត់ដំខ្លួន។ ម្យ៉ាងវិញទៀត មុនអាយុ៣០ឆ្នាំ មិនចាំបាច់ខ្វល់ថា ក្រុមហ៊ុនដែលអ្នកចាប់ផ្ដើមការងារដំបូងធំឬតូចនោះទេ តែអ្វីដែលសំខាន់គឺ អ្នកដឹកនាំរបស់អ្នកគឺជាមេដឹកនាំល្អឬអត់ប៉ុណ្ណោះ ព្រោះបើបានមេដឹកនាំល្អ អ្នកអាចរៀនសូត្របានច្រើន។

ពេលអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ៖ ត្រូវសួរខ្លួនឯង និងសម្រេចចិត្តឱ្យបានច្បាស់ថា ចង់នៅធ្វើការឱ្យគេទៀត ឬធ្វើការសម្រាប់ខ្លួនឯង។ ក្នុងវ័យនេះ អ្នកនៅមានកម្លាំងពេញនៅឡើយ ចំណែកប្រាជ្ញាស្មារតីក៏នៅរឹងមាំ គិតអ្វីក៏អាចចេញដែរ។ កុំខ្វល់រឿងជោគជ័យ ឬបរាជ័យ បើដួល ក៏ក្រោកដើរបន្តទៀត។ ក្នុងវ័យនេះ អ្នកនៅសល់ពេលច្រើនដើម្បីអាចកែខៃស្ថានការណ៍បាន។ កុំទាន់បារម្ភអី!
ពេលចូលដល់៤០ ទៅ៥០ឆ្នាំ៖ ត្រូវផ្ដោតធ្វើអ្វីដែលខ្លួនឯងពូកែតែមួយមុខបានហើយ។ ចូលដល់វ័យនេះហើយ កុំចង់សាកអ្វីថ្មីទៀតអី វាដូចជារាងហួសពេលហើយ អ្នកអាចជោគជ័យ តែអត្រាបរាជ័យងើបលែងរួចក៏មានច្រើនដែរ។ ដូច្នេះគួរដឹងឱ្យច្បាស់ពីភាពខ្លាំងរបស់ខ្លួន ហើយផ្តោតធ្វើតែវាទៅគ្រប់គ្រាន់ណាស់ទៅហើយ។

ពេលចូលដល់វ័យចន្លោះពី ៥០ទៅ៦០ឆ្នាំ៖ គួរចំណាយពេលវេលានេះបង្វឹកក្មេងជំនាន់ក្រោយឱ្យបានច្រើនតាមដែលអាចធ្វើបាន។ កុំចង់ប្រជែងជាមួយក្មេងៗទៀតអី ព្រោះពួកគេអាចធ្វើបានល្អជាងអ្នកក្នុងពេលនេះ គ្រាន់តែខ្វះការយល់ដឹង ឬការបង្ហាត់បង្រៀនបន្ថែមប៉ុណ្ណោះ។ ដូច្នេះគួរធ្វើខ្លួនជាគ្រូគេ ផ្ទេរចំណេះដឹង និងទុកឱកាសឱ្យពួកគេបញ្ចេញសមត្ថភាពម្ដង។
ចូលដល់វ័យ៦០ឆ្នាំ៖ គួរតែចំណាយពេលសប្បាយនឹងជីវិតចុងក្រោយ ដូចជាទៅលេងសមុទ្រ ដើរលេងកន្លែងដែលខ្លួនចង់ទៅ និងប្រឡែងជាមួយចៅៗ។ ឈានដល់វ័យនេះទៅហើយ វាកាន់តែយឺតពេលក្នុងការផ្លាស់ប្ដូរហើយ បើអ្នកមានទ្រព្យសម្បត្តិគួរតែរីករាយនឹងអ្វីដែលខ្លួនខំប្រឹងតាំងពីក្មេងមកចុះ តែបើខ្លួននៅតែស្ថិតក្នុងស្ថានភាពលំបាក ក៏អស់ពេលដើម្បីកែប្រែស្ថានភាពនេះទៅហើយដែរ។
ដូច្នេះគួរគិតឱ្យច្បាស់និងបែងចែកគោលដៅជីវិតឱ្យបានល្អ ជៀសវាងអ្វីៗហួសពេលមិនអាចស្រោចស្រង់បាន៕
ប្រភព៖ Kanha