(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រសួងការពារជាតិ នឹងរៀបចំជំនួបផ្ទាល់ជាមួយ បុគ្គលដែលមានងារជាឧកញ៉ាក្នុងជួរកងទ័ព នៅពេលខាងមុខនេះ ដើម្បីឱ្យពួកគាត់ធ្វើការសម្រេចចិត្តថា «យកតួនាទី ឬយកងារជាឧកញ៉ា»។
សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកមានងារឧកញ៉ាក្នុងកងទ័ពនេះ ប្រាកដជាមានហើយមានគួរសមដែរ ដូច្នេះត្រូវធ្វើឱ្យជាក់លាក់បន្តិច ខ្ញុំបានប្រគល់ភារកិច្ចហើយ គឺត្រូវឱ្យជួបផ្ទាល់តែម្តង ជួបផ្ទាល់ជាមួយអ្នកដែលមានងារឧកញ៉ា ហើយមានឋានន្តរស័ក្តខ្ពស់ អាហ្នឹងត្រូវជួបផ្ទាល់ដើម្បីឱ្យគេជ្រើសរើស យកឧកញ៉ា ឬយកតំណែងឋានន្តរស័ក្តិក្នុងកងទ័ព»។
បើតាមសម្តេចពិជ័យសេនា, កន្លងទៅនេះ មានអ្នកខ្លះបានបញ្ជាក់ជំហររួចហើយក្នុងការជ្រើសរើសថា យកឧកញ៉ា ឬយកតួនាទីក្នុងកងទ័ព។ សម្តេចមានប្រសាសន៍ថា អ្នកខ្លះមិនយកស័ក្តិយសក្នុងកងទ័ពនេះទេ គេសុខចិត្តយកងារឧកញ៉ាវិញ ហើយអ្នកខ្លះក៏បានយកតួនាទីក្នុងកងទ័ព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយបានរំលឹកម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ៕
ប្រភព៖ Fresh News