នៅក្នុងជួរក្រសួងការពារជាតិមាន«ឧកញ៉ា» ចំនួន ៦១ នាក់ ក្នុងនោះមានចំនួន ៤៥ រូប សុខចិត្តលាលែងពីងារជាឧកញ៉ា កាន់តួនាទីការងារជាឧត្តមសេនីយ៍ ខណៈ១៦ រូបទៀត សុខចិត្តលាលែងការងាររដ្ឋយកងារជា «ឧកញ៉ា»វិញ ។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិ។
មកដល់ថ្ងៃទី ៣ ខែកញ្ញានេះ អគ្គបញ្ជាការកងទ័ពបានប្រមូលទិន្នន័យ ឧត្តមសេនីយ៍ ឧកញ៉ារួចហើយនឹងធ្វើរបាយការណ៍ជូនថ្នាក់លើព្រមទាំងប្រមុខរាជរដ្ឋាភិបាល ក្នុងនោះឋានរន្តស័ក្ដិខ្ពស់ បំផុតត្រឹមឧត្តមសេនីយ៍ឯកផ្កាយបី ។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យក្រសួងការពារជាតិបានអោយដឹងថា៖ « ក្នុងអគ្គ បញ្ជាការមាន៤៥រូប គាត់បានលាលែងពីឧកញ៉ា មកកាន់តួនាទីការងារជាឧត្តម សេនីយ៍ដដែល ហើយ ១៦រូបទៀត គាត់បានលាលែងចេញពីការងាររដ្ឋវិញ ។ ចំពោះ តួនាទីគឺមានខ្ពស់បំផុត ត្រឹមអគ្គនាយករងនៃអគ្គនាយកដ្ឋានទេ អត់មានដល់នាយ ឧត្តមសេនីយ៍ឡើយ» ។
យោងតាមអនុក្រឹត្យ ដែលចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៤ បានបង្ហាញថា ដើម្បីទទួលបានគោរមងារជា«ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋ ដែលមានតម្លៃលើសពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ ខណៈដែលមុនថ្ងៃទី ២០ ខែ មីនាឆ្នាំ ២០១៤ តម្លៃបរិច្ចាគ របស់ងារជាឧកញ៉ាមានត្រឹមតែ ១០ ម៉ឺនដុល្លារប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណា ថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា ហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជាទាហាន , នគរបាល និង កងរាជអាវុធហត្ថមានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗខុសច្បាប់ទៀតផង៕