បើទោះមិនបានកើតថ្ងៃខែឆ្នាំតែមួយ ប៉ុន្តែឥស្សរសជនល្បីៗ ២រូប ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ក្នុងថ្ងៃខែឆ្នាំតែមួយ។ អ្នកជំនួញនិងជាឥស្សរជនឆ្នើមទាំងពីរនេះ បានចូលរួមវិភាគទានថវិកាជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
១.អ្នកឧកញ៉ា ម៉ុង ឬទ្ធី
ជាពាណិជ្ជករមានឥទ្ធិពលល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា។ លោកជាគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានបុត្តសម្ព័ន្ធជាច្រើនក្រុមហ៊ុនដែលផ្តោតសំខាន់ជាងគេនោះ គឺមុខរបបរ កសិកម្ម កសិឧស្សាហកម្ម កែច្នៃ ការនាំចេញ សំណង់ និងរោងចក្រផលិតបេតុង។
អ្នកជំនួញល្បីជោគជ័យច្រើនឆ្នាំរូបនេះ ទទួលបានងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៤៩៦/០២៧ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦។
២.ឯកឧត្តម ញឹម វណ្ណដា
ឯកឧត្តម ញឹម វណ្ណដា បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល អតីតជាមន្រ្តីយោធា អ្នកនយោបាយជើងចាស់។ លោកធ្លាប់បានកាន់តួនាទីជាអនុរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
ក្រៅពីការងាររដ្ឋ លោក វណ្ណដា មានសួនសត្វពីរកន្លែង នៅ ខេត្តកំពត ដែលមានសត្វចម្រុះ ១០៥ ក្បាល និង ៥០ ប្រភេទនិង ខេត្តព្រៃវែង មានសត្វ ៨០ ក្បាល និង ៤០ ប្រភេទ។ ទាំងចំណី និងបច្ចេកទេសព្យាបាល គឺជាថវិកាផ្ទាល់ខ្លួនរបស់លោក និងជំនួយពីអង្គការនានា គិតជាទឹកប្រាក់ត្រូវចំណាយប្រមាណប្រាំមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ។ លោក វណ្ណដា មានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនជប៉ុនមួយឈ្មោះ ARIS ដើម្បីដាំខ្ញីចម្រុះ សម្រាប់នាំចេញ។
លោកត្រូវបានតែងតាំងជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៤៩៦/០២៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ ការផ្ដល់តួនាទីថ្មីនេះ ធ្វើឡើងបន្ទាប់ពីលោកត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៕