អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន រ៉ូលយ៉ាល់គ្រុប មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា ក្រៅពីមានចំណាប់អារម្មណ៍ខ្លាំងលើផ្នែកឌីជីថល ខ្ញុំបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអនាគតមួយប្រកបដោយនិរន្តរភាព និងផ្តល់ជូននូវការរស់នៅល្អប្រសើរជាងមុនដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេស។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ាថ្លែងថា “គន្លឹះមួយដើម្បីធានានិរន្តរភាពសង្គមរបស់យើង គឺការទាញយកអត្ថប្រយោជន៍ថាមពលពីទឹក ដែលយើងហៅថា វារីអគ្គិសនី។”
អ្នកឧកញ៉ាបានរំលឹកកាលពី២ឆ្នាំមុន ដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Huaneng របស់ចិន បានវិនិយោគរួមគ្នា ដោយសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ ខណៈគម្រោងនេះត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបន្ទុកបន្តដោយអង្គភាពមជ្ឈមណ្ឌលជាតិបញ្ជូន។
អ្នកឧកញ៉ាបានបញ្ជាក់ថា ខ្ញុំមានមោទនភាពណាស់ដែលវារីអគ្គិសនីនេះអាចផលិតថាមពលអគ្គិសនីបាន១ភាគ៥ នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត វាគឺជាវារីអគ្គិសនីធំជាងគេនៅកម្ពុជា ហើយនឹងបង្កើនស្ថិរភាព និងភាពជឿជាក់នៃប្រព័ន្ធអគ្គិសនីរបស់យើង។
នេះគឺជាសមិទ្ធផលមួយដ៏សំខាន់សម្រាប់យើង និងប្រទេសជាតិរបស់យើង។ ខ្ញុំសូមសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគាំទ្រជារៀងរហូតមក។
ជាមួយគ្នានោះផងដែរគណៈកម្មការពិភពលោកនៃអង្គការសហប្រជាជាតិស្តីពីបរិស្ថាននិងការអភិវឌ្ឍ កាលពីឆ្នាំ១៩៨៧ បានថ្លែងថា “ការអភិវឌ្ឍសព្វថ្ងៃនេះឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដោយមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការដោះស្រាយនូវតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេឡើយ៕”