ឧកញ៉ា ស្រី ចន្ធូ នាយកក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ ខេត្តកណ្តាល សម្រេចចិត្តប្តឹងលោកស្រី ឈុន ណារី វិញ ដែលជាអតិថិជនក្រុមហ៊ុន 7NG ដោយទាមទារសំណងចំនួន ៧.៧៧៧.៧៧៧ដុល្លារអាមេរិក ដែលជាលេខឡានទំនើប រ៉ូរ៉យ របស់ឧកញ៉ា ស្រី ចន្ធូ មានផ្លាកលេខ ៧៧៧៧ ។
នេះបើតាមការបង្ហាញឯកសារពាក្យបណ្តឹងរបស់ឧកញ៉ា ស្រី ចន្ធូ ក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី៧ ខែកញ្ញា នេះ ។
ក្នុងពាក្យបណ្តឹង ដែលបានដាក់ចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ ឧកញ៉ា ស្រី ចន្ធូ បានបង្ហាញចំនួន៥ចំណុចក្នុងការប្តឹងលោកស្រី ឈុន ណារី និងបានសំណូមពរចំនួន៣ចំណុច ដោយទី១ស្នើអោយព្រះរាជអាជ្ញាចោទប្រកាន់លោកស្រី ឈុន ណារី ពីបទល្មើសព្រហ្មទណ្ឌ , ទី២ ស្នើសុំអោយលោកស្រី ឈុន ណារី ចុះផ្សាយតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុកសុំទោសឧកញ៉ា ស្រី ចន្ធូ , និងទី៣ ស្នើសុំការខូចខាតគ្រប់បែបយ៉ាងចំនួន ៧.៧៧៧.៧៧៧ដុល្លារអាមេរិក ។
បន្ថែមពីលើនេះ ឧកញ៉ា ស្រី ចន្ធូ អះអាងក្នុងសន្និសីទសារព័ត៌មានថា មូលហេតុនៃការប្តឹងលោកស្រី ឈុន ណារី វិញនេះ ដោយសារអតិថិជនរូបនេះ បានប្តឹងផ្តល់ឳពុករបស់លោក គឺឧកញ៉ា ស្រី សុធា ដែលមិនមានការពាក់ព័ន្ធ និងធ្វើអោយខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន 7NG ។
ជាមួយគ្នានេះ មានរបាយការណ៍មួយពីលោក ម៉េង ឃាងហេង មេឃុំវិហារសួគ៌ ក៏បានបំភ្លឺរឿងនេះផងដែរ ។
បណ្តឹងដែលឧកញ៉ា ស្រី ចន្ធូ នេះ ធ្វើឡើងបន្ទាប់ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ឧកញ៉ា ស្រី ចន្ធូ និងឧកញ៉ា ស្រី សុធា ពីបទឆបោក ដោយយោងតាមពាក្យបណ្តឹងរបស់លោកស្រី ឈុន ណារី និងប្តីឈ្មោះ ជឹម សុជាតា ។
សូមបញ្ជាក់ថា លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល១១ឆ្នាំមកហើយ ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ , លោកព្រះរាជអាជ្ញា កែវ សុធា បានគូសសញ្ញា “ធិធ” ដាក់អោយ (ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើស កុំអោយកើតឡើងជាថ្មី និង ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំ ។
តាមអង្គហេតុ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដីទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះស្រី សុធា គឺ “មានឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ” ។
នៅដើមឆ្នាំ២០១៩ នេះ ឈ្មោះ ឈុន ណាវី មានបំណងធ្វើរបងថ្ម ជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និង ឈ្មោះ ស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើអោយឈ្មោះ ឈុន ណាវី ឡើយ ។
កាលពីពេលកន្លងទៅ ក៏មានការផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញមុខសម្របសម្រួលដោយសន្យាថា នឹងប្រគល់ដីជូនអតិថិជនចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត ។
ប្រជាពលរដ្ឋ សាទរចំពោះការធានាអះអាងរបស់ឧកញ៉ា ស្រី សុធា តែកុំបានតែសន្យាខ្យល់ដូចរាល់ដងទៀត ។
ក្នុងលិខិតធានាអះអាង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ឧកញ៉ា ស្រី សុធា បានសន្យាចំនួន៨ចំណុចដល់អតិថិជន ដោយនៅចំណុចទី១ សរសេរថា “ក្រុមហ៊ុននឹងធ្វើការប្រគល់ដីឬសំណង់ជូនអតិថិជន ឱ្យអស់រួចរាល់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត”។
ឧកញ៉ា ស្រី សុធា បន្តថា ក្នុងករណីដល់ថ្ងៃកំណត់ខាងលើ បើសិនជាក្រុមហ៊ុនមិនមានដីជូនអតិថិជននោះទេ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញលក់ដីទៅតាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ៕
ប្រភព៖www.cpc-news.com