អគារ MJQE Tower ថ្មីដែលទើបបញ្ចប់ការសាងសង់ស្ថិតនៅលើមហាវិថីម៉ៅសេទុង របស់ឧកញ៉ា គួច ម៉េងលី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ដោយមានការរចនាបឋតាមលោកខាងលិច គិតគូរខ្ពស់ពីសុវត្ថិភាព។

ស្ថិតនៅក្នុងតំបន់មួយដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកសាងមូលដ្ឋានគ្រឹះដំបូងរបស់ខ្លួននៅឆ្នាំ ២០០៥ អគារកម្ពស់ ១៤ ជាន់នេះនឹងបម្រើមុខងារជាមជ្ឈមណ្ឌលបណ្តុះបណ្តលដល់សិស្សនិស្សិតការសិក្សាភាសាបរទេសដែលមានគុណភាពខ្ពស់ រួមទាំងជាទីតាំងផ្តល់សេវាកម្មស្តង់ដារអន្តរជាតិផ្សេងទៀតដូចជា International Cultural Exchange Services Cambodia (ICES Cambodia) ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធរបស់សិស្សតាមរយៈការសិក្សានៅក្រៅប្រទេស កម្មវិធីប្រឡងសមត្ថភាព TOEFL Test Center និង TESOL House ជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាអង់គ្លេស ។

អគារនេះថ្មីសន្លាងចំណាយពេល ២ ឆ្នាំក្នុងការសាងសង់ ក៏មានរួមបញ្ចូលបណ្ណាល័យ ហាងសៀវភៅ អាហារដ្ឋាន ហាងកាហ្វេ និងកន្លែងសម្រាប់សិស្សសម្រាកផងដែរ ។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា អគារ MJQE Tower គឺជាសមិទ្ធផលដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕