មហាសេដ្ឋី ពុង ឃាវសែ បានបោះទុនវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់នៅកម្ពុជា អ្វីដែលមានភាពលេចធ្លោជាងគេ គឺការវិនិយោគនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ, ឧស្សាហកម្ម, សំណង់អចលនទ្រព្យ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកវិនិយោគដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្សនៅក្នុងពិភពជំនួញនៅកម្ពុជា។ លោកមានតួនាទីសំខាន់ៗជាច្រើន រួមមាន៖ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា ប្រធានសមាគមអ្នកសាងសង់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត។
អ្នកឧកញ៉ា ពុង ឃាវសែ មានស្នាដៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលអនុញ្ញាតដោយរដ្ឋាភិបាល ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងមានផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។
គិតត្រឹមឆ្នាំ២០១៩ សាជីវកម្ម កាណាឌីយ៉ា គ្រុប បានរីកចម្រើនពីក្រុមហ៊ុនដែលមាននិយោជិកតែ ២០ នាក់ប៉ុណ្ណោះជាមួយដើមទុនតិចជាង ៥០ ម៉ឺនដុល្លារ ក្លាយជាក្រុមហ៊ុនដែលមានបុគ្គលិក ១៥.០០០ នាក់ និងទ្រព្យសកម្មសរុបជាង ១០ ពាន់លានដុល្លារអាមេរិក។
តាមរយៈការវិនិយោគ អ្នកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន។ លើសពីនេះទៅទៀត គាត់ក៏បានវិភាគទានថវិការាប់លានដុល្លារនាពេលកន្លងមក។ ហើយថ្មីៗនេះបានបរិច្ចាគថវិកាខ្ទង់លានដុល្លារ និងផ្តល់ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕