ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ទៅជាង ១.៨៩៩សាខាទូទាំងប្រទេស។ លើសពីនេះទៀត ក្រុមហ៊ុនមួយនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយទៅដល់ផ្នែកមនុស្សធម៌ និងសង្គមជាតិ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែលមានឈ្មោះថា កាឌីម៉ិច (Kadimex)។ ជាមួយនឹងការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុន កាមេឌីម៉ិច បានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា វិញនៅឆ្នាំ ១៩៩៥ ដោយផ្តោតសំខាន់លើអាជីវកម្មស្នូលរបស់ខ្លួន គឺការចែកចាយប្រេងឥន្ធនៈ។ នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។
នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានសាងសង់ស្ថានីយស្ដុកប្រេងទី២ របស់ខ្លួន មានទីតាំងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ ដែលជាកំពង់ផែ និងទីក្រុងកំពង់ផែ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលអាចឱ្យ កម្ពុជា តេលា ផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ទាំងឧស្សាហកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ តាមរយៈបណ្តាញចែកចាយយ៉ាងទូលំទូលាយនៅក្នុងប្រទេស។
លោកឧកញ៉ា ឈុន អូន បានបោះទុនវិនិយោគក្នុងវិស័យនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាករបស់ក្រុមហ៊ុន និងដើម្បីទទួលបានចំណែកទីផ្សារកាន់តែច្រើនថែមទៀត នៅក្នុងទីផ្សារក្នុងស្រុករបស់កម្ពុជា នាប៉ុន្មានឆ្នាំខាងមុខ ក្រុមហ៊ុនបានបង្កើតដេប៉ាតឺម៉ង់ស្រាវជ្រាវ និងអភិវឌ្ឍអាជីវកម្មថ្មីមួយ ដំណើរការដោយបុគ្គលិកអន្តរជាតិ មកពីសហរដ្ឋអាមេរិក ន័រវែស បារាំង និងចក្រភពអង់គ្លេស។
តាមរយៈសារនៅលើគេហទំព័រផ្លូវការរបស់កម្ពុជា តេលា លោកឧកញ៉ា ឈុន អូន បានឲ្យដឹងថា “ការបង្កើត និងដំណើរការអាជីវកម្មដែលមានទំហំធំធេងនេះ គឺជាការប្រគួតប្រជែងមួយដ៏ធំ។ វាតម្រូវឱ្យមានយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយភាពទាន់ពេលវេលា និងមានភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអនុវត្ត និងភាពរីកចម្រើនលូតលាស់ប្រកបដោយចីរភាព”។
លោកថា ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ក្រុមហ៊ុនរបស់យើង បានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីបំពេញ និងគោរពតាមស្តង់ដារអន្តរជាតិ ដោយបានបំពាក់ និងធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបច្ចេកទេស ផលិតផល និងសេវាអតិថិជន ព្រមទាំងការកសាងសមត្ថភាពធនធានមនុស្សរបស់យើង។
ប្រធាននាយកប្រតិបត្តិបានគូសបញ្ជាក់ថា ខណៈពេលដែលយើងយល់ពីសារៈសំខាន់នៃនិរន្តរភាពហិរញ្ញវត្ថុ ក្នុងនាមជាសហគ្រាសមួយ យើងក៏ទទួលស្គាល់ពីសារៈសំខាន់ នៃកិច្ចការពារបរិស្ថានរបស់យើង ដើម្បីសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយសារតែការប្ដេជ្ញាចិត្តរបស់យើងចំពោះប្រតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន ក្រុមហ៊ុន តេលា បានទទួលពានរង្វាន់ ISO 9001: 2008 ។
ឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេសក្នុងការគ្រប់គ្រង នឹងជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ក្រុមហ៊ុន។ លោកបានឲ្យតំបូន្មានថា “គន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់យើង គឺការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីឧត្តមភាព” ។
ខាងក្រោមជាសេវាកម្ម និងផលិតផលរបស់ កម្ពុជា តេលា៖
ក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមានទីតាំងជាយុទ្ធសាស្រ្តនៅទូទាំងប្រទេស ដើម្បីឱ្យប្រជាជនកម្ពុជាម្នាក់ៗ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលប្រេងឥន្ធនៈ និងហ្គាសរបស់ខ្លួន។ ស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។
សហគ្រិនជើងចាស់ជោគជ័យក្នុងពិភពជំនួញនៅកម្ពុជា ឧកញ៉ា ឈុន អូន បានមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានវិនិយោគបន្ថែមវិស័យដឹកជញ្ជូន គឺរថយន្តដឹកទំនិញច្រើនជាង ៦០០ គ្រឿង សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃ ក្នុងការដឹកជញ្ជូនឱ្យបានទាន់ពេលវេលាដល់អតិថិជន។ លោកកំពុងធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ នូវដំណើរការអាជីវកម្ម និងប្រតិបត្តិការដឹកជញ្ជូន ស្របតាមស្តង់ដារជាសកលសម្រាប់ការដឹកជញ្ជូន និងសេវាកម្ម ឱ្យស្របតាមស្តង់ដារ ISO 9001:2018។
កម្ពុជា តេលា បាននឹងកំពុងដំណើរការហាងលក់ទំនិញនៅតាមស្ថានីយចំនួន ៥០ កន្លែង ដែលផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទ ។ ចាប់ពីឆ្នាំ ២០១៩ មក កម្ពុជា តេលា មានផែនការដាក់អាជីវកម្មបន្ថែមទៀត ដោយបន្ថែមសេវាកម្មកាហ្វេ (Lunar Coffee) ទៅកាន់ស្ថានីយផ្ដល់សេវាកម្មរបស់ខ្លួន។
អាជីវកម្មហ្គាស LPG ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០០៦ មានធុងផ្ទុកហ្គាស LPG ដែលមានរាងស្វែរ ចំនួន ២ ដែលមានសមត្ថភាពផ្ទុក ១.០០០ ម៉ែត្រគូប និងមានផែនការពង្រីកសមត្ថភាពផ្ទុករហូតដល់ ៥.០០០ ម៉ែត្រគូប។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធិភាព និងរៀបចំរោងចក្រសម្រាប់ច្រកហ្គាស LPG ចំនួន ២កន្លែងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
រោងចក្រផលិតប្រេងរំអិល របស់តេលា គឺជារោងចក្រដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ និងបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារសកល និងមានអ្នកបច្ចេកទេស និងវិស្វករគីមី ដែលទទួលការបណ្តុះបណ្តាលជាន់ខ្ពស់។ រោងចក្រនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ១០.០០០ តោន នៃផលិតផលប្រេងរំអិល ដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា។
ដោយមានការទទួលស្គាល់ពី LLOYD International សម្រាប់ស្ដង់ដារប្រេងឥន្ធនៈកម្រិតអន្តរជាតិ បច្ចុប្បន្ននេះ កម្ពុជា តេលា មានស្ថានីយស្តុកប្រេង និងហ្គាស ធំៗចំនួនពីរ គឺនៅចំណតកុងតឺន័រក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ ខណៈស្ថានីយស្ដុកប្រេងមួយបន្ថែមទៀត នៅបាត់ដឹង តាមបណ្តោយផ្លូវលេខ ៥ កំពុងសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ក៏បានរក្សាទុកទីតាំងដើម្បីសាងសង់ស្ថានីយស្ដុកប្រេង ចំនួនពីរបន្ថែមទៀត នៅកំពង់ចាម និងនៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ផែបណ្ដែតរបស់តេលា ប្រវែង ១.២៥០ ម៉ែត្រ ត្រូវបានបំពាក់ដោយ បណ្តាញបំពង់ ទីធ្លាប្រតិបត្តិការ និងបង្គោលថ្មជាច្រើន ដែលត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ចាប់ពី ៥០០ ទៅ ៦០.០០០ តោនដើម្បីចូលចតដោយសុវត្ថិភាព និងងាយស្រួល។