បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ មហាសេដ្ឋីវ័យក្មេងបំផុតនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្ដើមបោះទុនវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការផ្លូវការ ក្នុងពេលឆាប់ៗនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមរយៈកិច្ចសម្ភាសជាមួយនឹងគេហទំព័រOkhna News អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគោលបំណងធំរបស់លោក ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលនេះថា៖ “គោលដៅរបស់ខ្ញុំគឺត្រូវសាងសង់គម្រោងលំនៅឋានតម្លៃ ក្រោមមធ្យមនៅ ២៥ខេត្តក្រុង។ ដូច្នេះហើយយើងបង្កើតគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយសម្រួលដល់អតិថិជន ដែលត្រូវបង់រំលស់រយៈពេលវែង”។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើអាគារលេខ H07 B នៃមហាវិថី អូស៊ី អាយស៊ី ភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អភិបាល និងជានាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖ “ជាជំហានដំបូង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងខ្ញុំ គឺផ្ដល់សេវាឥណទាន សម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ណាវ៉ាត្រា”។
លោកបន្តថា យើងនឹងរួមសហការ ជាមួយនឹងដៃគូ ដែលមានកន្លងមកដើម្បីអភិវឌ្ឍន៍ និងជួយសង្គមជាតិយើង។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺជាកាតាលីករដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា យើងឱ្យមានការជឿនលឿនដូចប្រទេសដទៃទៀត។
លោកបានបន្ថែមទៀតថា ៖ “អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឡើងដើម្បី ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានចំណូលទាប (ក្រោមមធ្យម) អាចទិញលំនៅឋានបានស្នាក់នៅ និងបន្តប្រកប ការងារបានដោយរលូន និងមានភាពកក់ក្ដៅ ដល់ការរស់នៅពិសេសដល់ស្រទាប់យុវវ័យ”។
គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុបចំនួន ៨៣គ្រឹះស្ថាន ក្នុងនោះក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែលកំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕