បើទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ មិនទាន់បិទបញ្ចប់នៅឡើង ប៉ុន្តែធនាគារ វឌ្ឍនៈនៅតែបន្តខិតខំវិនិយោគលើផែនការពង្រីកសាខារបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈនិងការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីសម្រេចឱ្យបានផែនការពង្រីកសាខានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២២ខាងមុខនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនានេះ ធនាគារ វឌ្ឍនៈ បានប្រារព្ធពិធីបើកដំណើរការសាខានៅខេត្តរតនគិរីបន្ថែមទៀត ដែលស្ថតិនៅគារលេខ ០២៩ ផ្លូវលេខ ៧៨ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ខាងកើតរង្វង់មូល ចម្ងាយប្រហែល៣៥០ម៉ែត្រនៅខាងស្តាំដៃ ជាប់នឹងសាលាក្រុងបានលុង)។
នៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការនៅពេលនេះមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំ អាង និងលោកជំទាវអ្នកឧកញ៉ា ឈុន លាង ដែលជាស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងថ្នាក់ដឹកនាំភ្ញៀវកិត្តិយសជាច្រើនទៀត បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាខេត្តរតនគិរី ក៏ដូចជាការចូលរួមអបអរសាទរតាមរយៈទំព័រកាសែត និងការជូនកន្ត្រកផ្កាដ៏ស្រស់ស្អាត អមដោយពាក្យពេចន៍ជូនពរល្អៗ សម្រាប់ជាការលើកទឹកចិត្តនិងកម្លាំងចិត្តផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ២៥ សាខា ដែលនៅរាជធានីភ្នំពេញមាន ១២សាខា និងនៅតាមបណ្តាខេត្តមាន ១៣សាខា ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តរតនគិរី។
មុនដំណាច់ឆ្នាំ២០២១ នេះ ធនាគារ វឌ្ឍនៈ គ្រោងនឹងបើកឱ្យដំណើរការសាខាចំនួន ៤ ទៀត រួមមាន សាខាខេត្តព្រះវិហារ សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តព្រៃវែង និងសាខាខេត្តឧត្តរមានជ័យផងដែរ៕