សណ្ឋាគារដ៏ចំណាស់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ គិតដល់ពេលបច្ចុប្បន្នមានអាយុកាល ៥២ឆ្នាំ គឺជារតនសម្បត្តិនៃប្រវត្តិសាស្ត្រដោយស្នាព្រះហស្តព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ។
សណ្ឋាគារសាងសង់តាមរចនាប័ទ្មបុរាណនៃរាជធានីភ្នំពេញមួយគឺសណ្ឋាគារ កាំបូឌីយ៉ាណា ដែលស្ថិតនៅក្បែរ ទន្លេ (ទន្លេបួនមុខ) និងមានផ្តល់នូវទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាលសម្រាប់ជាការរៀប ចំធ្វើសន្និសីទ និងពិព័រណ៍ ហើយក៏ជាប់ឆ្នេរទន្លេដែលស្ថិតនៅតាមដងទន្លេសម្រាប់ភ្ញៀវគយគន់ផងដែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ សណ្ឋាគារកាំបូឌីយ៉ាណា ត្រូវបានចាប់ផ្តើមសាងសង់ឡើងដោយស្ថាបត្យករ Lu Ban Hap ក្នុងអំឡុងពេលជាយុគសម័យនៃស្ថាបត្យកម្មខ្មែរថ្មី។ បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ បានតែមួយឆ្នាំ សណ្ឋាគារដែលមាន ១០០ បន្ទប់ នាពេលនោះ បានបិទទ្វារទៅវិញនៅឆ្នាំបន្ទាប់។ នៅឆ្នាំ ១៩៧០ ក្នុងជំនាន់សម័យលន់ នល់ បានប្រើប្រាស់សណ្ឋាគារនេះជាបន្ទាយយោធា បន្ទាប់មកទៀតក៏ត្រូវបានកាន់កាប់ក្រោមរបបខ្មែរក្រហម។
លុះដល់ឆ្នាំ១៩៩១ វិនិយោគិនសិង្ហបុរី បានកាន់កាប់សណ្ឋាគារនេះ ហើយបានកែលម្អ និងបើកទទួលភ្ញៀវឡើងវិញ មុននឹងសណ្ឋាគារ ត្រូវបានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទិញបន្តនោក្នុងឆ្នាំ២០០៥។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញអចលនទ្រព្យសណ្ឋាគារនេះ ហើយបានបន្តវិនិយោគដើម្បីស្តារសណ្ឋាគារឲ្យមានភាពរុងរឿង ដោយរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។
ក្នុងថ្ងៃខួបកំណើត សណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអាយុ ១៥ឆ្នាំនេះ អ្នកឧកញ៉ាក៏សូមចូលរួមអបអរសាទរដល់ក្រុមការងារនៅសណ្ឋាគារកាំបូឌីយ៉ាណា ចំពោះការខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការងារ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា៖ “រយៈពេល១៥ឆ្នាំហើយដែលសណ្ឋាគារកាំបូឌីយ៉ាណាបានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ អគារនេះមានភាពរឹងមាំជាយូរមកហើយ និងមានន័យលើសពីសណ្ឋាគារ សម្រាប់រូបខ្ញុំ។ សណ្ឋាគារកាំបូឌីយ៉ាណាតំណាងឱ្យវប្បធម៌ និង ប្រាប់ពីរឿងរ៉ាវរបស់យើង។”
អ្នកឧកញ៉ាបន្តថា៖ “សព្វថ្ងៃនេះ យើងមិនត្រឹមតែផ្តល់កិត្តិយសដល់សណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែសណ្ឋាគារនេះក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្ត និងដំណើរឆ្ពោះទៅមុខរបស់យើងផងដែរ។”
គួររម្លឹកថា សណ្ឋាគារកាំបូឌីយ៉ាណា ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមាន ២៣៨ បន្ទប់។ ទោះបីមិនមែនជាសាខាសណ្ឋាគារអន្តរជាតិក្តី នៅតែមានកិត្តិនាមមានការទទួលស្គាល់ទាំងភ្ញៀវក្នុងស្រុក និងនៅបរទេស។
នៅក្នុងផែនទីបែងចែកតំបន់ របស់ការិយាល័យទទួលបន្ទុកស្ថាបត្យកម្ម-នគរូបនីយកម្ម នៃរាជធានីភ្នំពេញ (Bureau de l’architecture et urbanisation – BAU) សណ្ឋាគារកាំបូឌីយ៉ាណាក៏ជាអត្តសញ្ញាណរបស់រាជធានីភ្នំពេញ ក្រៅពីតំបន់មួយចំនួនទៀតដូចជា វិមានឯករាជ្យ វត្តឧណ្ណាឡោម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាលសន្និសីទចតុមុខ ពុទ្ធសាសនបណ្ឌិត និងវិមានរដ្ឋសភាជាតិជាដើម៕