ផ្លែល្ម៉ើស្រស់នៅចម្ការឧកញ៉ា លឹម ប៊ុណ្ណា ជិត ៨០ តោន នឹងត្រូវដាក់លក់នៅថ្ងៃទី ០៣ ខែកក្កដា ខាងមុខនេះ។
បើតាមលោក វី រ៉ែន ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា បានឲ្យដឹងថា ចម្ការល្មើរបស់ឧកញ៉ា លឹម ប៊ុណ្ណា មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានដាំដុះនៅលើផ្ទៃដី ៣៥ហិចតាតាំងពីឆ្នាំ២០១៧ និងបានពង្រីកបន្ថែមចំនួន១០ហិចតាទៀត។
ពូជល្ម៉ើដែលបានដាំគឺ «ពូជបាហ៉ី» ជាប្រភេទហូបស្រស់ ពណ៌លឿងមានរសជាតិផ្អែមស្រួយ និងពណ៌ក្រហមមួយប្រភេទផ្សេងទៀតដែលបានដាំដុះលើផ្ទៃដីរួចហើយ តែមិនទាន់បានផលទេ គឺពូជល្ម៉ើ «ខូណេស៊ី» ហូបស្រស់ដូចគ្នា។


លោកបានបញ្ជាក់ទៀតថា ឆ្នាំទី១ល្ម៉ើទទួលបានផលដំបូងខ្ទង់ប្រមាណ ១០តោន ដោយឡែកសម្រាប់ឆ្នាំទី២នេះទិន្នផលមានការកើនឡើងខ្ពស់ជិត៨០ តោន។


គួរបញ្ជាក់ថា តំបន់រមណីយដ្ឋានកែងគោលស្ទោងរបស់ឧកញ៉ា លឹម ប៊ុណ្ណា គឺជាបណ្ដុំអាជីវកម្មចម្រុះមានការ៉ាសសាំង ម៉ាត ហាងកាហ្វេ ភោជនីយដ្ឋាន ឃ្លាំងស្តុកស្រូវ លក់ចេញ និងចំការមានផ្ទៃដី ១,៣៥០ហិកតា ដែលចែកចេញជាចំការល្ម៉ើ ចំការស្វាយចន្ទី ចំការស្វាយកែវរមៀត ចំការក្រូចពោធិ៍សាត់ និងដំណាំស្រូវ។ ដោយឡែកចំការល្ម៉ើដែលមានការទាក់ទាញចំណាប់អារម្មណ៍ជាងគេនេះ ស្ថិតនៅក្នុងចំការតាខ្នា មានផ្ទៃដីជាង ៤០ ហិតា៕