លោក យ៉ន សេងហាន ធ្លាប់ចូលរួមបកប្រែគម្ពីរអភិធម្មពុទ្ធសាសនាភាសាថៃមកខ្មែរ មុនទទួលងារឧកញ៉ា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក និងជាគ្រូបណ្តុះបណ្តាលភាពជាអ្នកជោគជ័យ មុខជំនួញ និងការងាររបស់លោកទាំងពីរនេះជឿថា មានអ្នករកស៊ីខាងអចលនទ្រព្យ ពិតជាបានស្គាល់លោកច្បាស់ណាស់ ក៏ប៉ុន្តែប្រហែលជានៅមិនទាន់ស្គាល់ទេពីដំណើរជីវិតពិតរបស់លោកថាមានដំណើរការយ៉ាងណានោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលបានគោរមងារដ៏ឧដ្តុងឧត្តមជា “ឧកញ៉ា” និងគ្រប់គ្រងជំនួញជោគជ័យដូចសព្វថ្ងៃនេះ លោក យ៉ន សេងហាន កើតក្នុងគ្រួសារកសិករ មានបងប្អូនចំនួន ៩នាក់ ខណៈលោកគឺជាកូនទី៥ រស់នៅភូមិទីមួយ ឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម តែក្រោយមករដ្ឋាភិបាលបានកាត់បំបែកចេញមកជាខេត្តត្បូងឃ្មុំថ្មី។ កាលពីកុមារភាពរបស់លោករស់នៅជាមួយឪពុកម្តាយក្រីក្រលំបាកសឹងតែរកអ្វីហូបគ្មាន ដោយពេលខ្លះលោកហូបក្តួចនិងពោតលាយជាមួយបាយផងក៏មាន ដែលទាំងនេះគឺជាបទពិសោធន៍ដ៏ជូរជត់របស់លោក។

លោកឧកញ៉ា យ៉ន សេងហាន បានលើកឡើងថា៖ បញ្ហានិងឧបសគ្គជាច្រើនដែលជួបកន្លងមកគឺធ្វើឲ្យលោករឹងមាំ…! ប្រសិនបើខ្ញុំមិនបានជួបរឿងរ៉ាវទាំងអស់នឹងទេ…! ឆាកជីវិតរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ ការខិតខំប្រឹងប្រែងរបស់ខ្ញុំប្រហែជាអាចមានកម្រិត តែដោយសារភាពពិបាកវេទនាក្រីក្រឪពុកម្តាយលំបាកខ្លាំងហ្នឹងហើយ ដែលធ្វើឲ្យខ្ញុំមានការតស៊ូ”

ដោយសារតែជីវភាពគ្រួសារលំបាកខ្លាំងពេក កាលណោះលោកបានទៅរៀនសូត្រនៅវត្ត ក្នុងឆ្នាំ ១៩៩៩ បន្ទាប់មកក៏សម្រេចិត្តសុំលោកឪពុកម្តាយបួសជាព្រះសង្ឃដើម្បីបានសិក្សារៀនសូត្រ។ ក្រោយបួសបានមួយរយៈសាមណេរ យ៉ន សេងហាន ក៏បានចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅវត្តគល់ទទឹង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាមួយលោកគ្រូធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន។ ដោយការខិតខំមិនបោះចោលការព្យាយាម បានប្រែក្លាយលោកមកជាអ្នកមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាដ៏ជំនាញមួយរូបនៅកម្ពុជា។ ក្នុងឆ្នាំ២០០១ លោកក៏ទទួលភារៈជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដក នៅវត្តធុតង្គចំការដូង រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើជាគ្រូបង្រៀនព្រះវិន័យបិដកបាន ២ឆ្នាំ លោកក៏បានទៅដឹកនាំនិងទទួលភារៈជាចៅអធិការវត្តមួយ ឈ្មោះថា វត្តបន្ទាយថ្មី ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយជានិច្ចកាលតែងតែនិមន្តផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទឲ្យបានយោបល់ដឹងប្រកបដោយបញ្ញា។

ជាអកុសលនៅក្នុងឆ្នាំ២០០៤ ដោយសារសុខភាពរបស់លោកចុះទ្រុធទ្រោមនិងមានជំងឺឈឺច្រើនផង ក៏សម្រេចចិត្តលាចាកសិក្ខាបទមកជាគ្រហស្ថវិញ (សឹកមកជាពលរដ្ឋសាមញ្ញ) ។ ក្រោយសឹកភ្លាម លោកបន្តអាជីពជាគ្រូបង្រៀន ប៉ុន្តែបានប្តូរជំនាញមកបង្រៀនភាសាអង់គ្លេសកម្រិតទាបវិញម្តង។

ជីវិតនិងពេលវេលាចេះតែដើរទៅមុខឥតឈរនោះ មិនបង្អង់យូរឡើយ លោក យ៉ន សេងហាន ក៏បានចូលបំរើការងារផ្នែកព្រីនឯកសារគូបពី (Copy) នៅម្តុំបាក់ទូក ប៉ុន្តែដោយលោកជាមនុស្សចង់ចេះចង់ដឹង ក៏លៃពេលវេលារៀនផ្នែកកុំព្យុទ័របណ្តើរធ្វើការបណ្តើរ ក្រោយមកលោកបានក្លាយជាគ្រូបង្រៀនកុំព្យុទ័រ។

ធ្វើជាគ្រូបង្រៀនកុំព្យុទ័របានមួយរយៈលោកទៅចាប់អាជីពថ្មីមួយទៀត គឺជាអ្នកបកប្រែឯកសារភាសាថៃ ហើយកាលណោះលោកក៏ចូលរួមបកប្រែគម្ពីរអភិធម្មជាភាសាថៃមកភាសាខ្មែរ ដោយសារលោកធ្លាប់ជាគ្រូបង្រៀនព្រះអភិធម្មផងនោះ។

យ៉ាងណាជីវិតយើងគ្រប់គ្នាត្រូវមានការប្តូរ ហើយសម្រាប់ជំឈានបន្ទាប់ លោក សេងហាន បានចូលបំរើការងារក្នុងវិស័យឯកជនជំនាញទីផ្សារអស់រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០០៥ ដល់ ឆ្នាំ ២០០៩។

លោក យ៉ន សេងហាន បានលើកឡើងនូវប្រវត្តិជូរជត់មួយ កាលពី១៣មុន ដែលកាលនោះលោកបានរៀបអាពាហ៍ពិពាហ៏ សូម្បីថ្លៃទឹកដោះបង្គាប់១៥០០ដុល្លារ ក៏លោកគ្មានគ្រប់ មានតែ៦០០ដុល្លារ (ជំពាក់គេ៩០០ដុល្លារ)  និងមានតែ១០ម៉ឺនរៀលតស៊ូរស់ជាមួយភរិយា ដោយជាប់បំណុលគេជាច្រើន ពីព្រោះតែម្ដាយឪក្មេក យកលុយគេមករៀបការអោយ។

លោកថ្លែងថា ធ្វើការឲ្យគេរាប់សិបឆ្នាំហើយ ដូចជាមិនមានការរីកចម្រើន ក្នុងឆ្នាំ២០០៩ ខ្ញុំសម្រេចបោះបង់ចោលការងារជាមួយប្រាក់ខែថេរ ចេញមករកស៊ីលក់ខោអាវ ស្បែកជើង និងគ្រឿងសម្អាង មុខរបរទាំងនេះមិនទទួលបានជោគជ័យខ្ញុំបានប្តូរមុខរបរជាច្រើន។ ជាមនុស្សចង់មានចង់បាន និងមានបេះដូងដើម្បីជួយដល់សង្គមផងនោះ ក្នុងឆ្នាំ២០១៣ លោក សេងហាន សម្រេចបើកក្រុមហ៊ុនអាហារបំប៉ន ហើយក្រោយមកទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកលើកឡើងពីសាវតារចាប់ផ្ដើមប្រឡូកក្នុងការករស៊ីយ៉ាងដូច្នេះថា “ដើមឆ្នាំ២០១៨ ខ្ញុំបានហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យទាំងគម្រោងពុះដីឡូតិ៍ និងគម្រោងសាងសង់បុរី ក្រោយមកជោគជ័យត្រឹមរយៈពេលខ្លី”។

បន្ទាប់ពីហែលឆ្លងជីវិតពោរពេញដោយការតស៊ូស្ទើរតែពាក់កណ្ដាលនៃជីវិតមក លោក សេងហាន ក៏ទទួលបានជោគជ័យទាំងក្នុងវិស័យអចលនទ្រព្យ និងជាគ្រូបណ្តុះបណ្តាលអាជីវកម្មជោគជ័យ មិនតែប៉ុណ្ណោះលោកបានចូល​រួម​ចំណែក​ជួយ​​ដល់​សង្គម​ជាតិ​ជា​ច្រើននា​ពេល​កន្លង​មកក្នុងកិច្ចការមនុស្សធម៌។

កិច្ចការងារមនុស្សធម៌ និងការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាជារឿយៗ លោក យ៉ន សេងហាន អគ្គនាយក​ក្រុមហ៊ុន សេងហាន ​ដែលផ្តើមចេញពីជីវិតអ្នកលក់ស្បែកជើងនៅមុខរោងចក្ររូបនេះក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ នស/រតក/០២២០/២២៨ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ឧកញ៉ា យ៉ន សេងហាន បានលើកហេតុផលដែលជាកក្តាដ៏សំខាន់ក្នុងការជម្រុញលើកទឹកចិត្តឲ្យលោកមកដល់សព្វនេះ គេដោយសារលោកមានគោលបំណងដើម្បីជួយជាតិ តាមរយៈការបណ្តុះធនធានមនុស្ស ព្រោះធនធានមនុស្សគឺជាផ្នែកមួយសំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រទេស។ លោកឧកញ៉ាថ្លែងថា ដោយសារខ្ញុំធ្លាប់អត់ ចឹងអារឿងក្រក្រីនេះហើយភាគច្រើនបាននៅជាមួយខ្ញុំ ដូច្នេះខ្ញុំយល់ដឹងច្រើនណាស់ពីភាពលំបាក។ដូច្នេះហើយបានជាខ្ញុំព្យាយាមបណ្តុះបណ្តាលបំផុសលើកទឹកចិត្តមនុស្សជុំវិញខ្លួនឲ្យមានការតស៊ូ មានគោលដៅ និងមានផែនការក្នុងជីវិតច្បាស់លាស់ ទាំងនេះជាហេតុផលដែលជំរុញឲ្យខ្ញុំប្រឹងប្រែងទាំងថ្ងៃទាំងយប់បង្កើតអាជីវកម្មឡើងដើម្បីកាត់បន្ថយការចំណាក់ស្រុក។

លោកបន្តថា ប្រសិនបើត្រឹមម៉ាចាយវាយគឺខ្ញុំអត់ប្រឹងដូចសព្វថ្ងៃនេះទេ ព្រោះខ្ញុំគិតថាជីវិតកើតមកដែលមានតម្លៃនោះគឺអាស្រ័យលើយើងជួយអ្នកដទៃឲ្យរីកចម្រើនដែរ។

លោកបន្ថែមថា៖ សព្វថ្ងៃនេះខ្ញុំប្រឹងស្ទើរ ៨០%ហើយ គឺដើម្បីតែសង្គម និងមនុស្សជុំវិញខ្លួន ដែលអាចឲ្យពួកគាត់ងើបឈរឡើងដោយខ្លួនឯង ដូចអ្វីដែលខ្ញុំបានធ្វើកន្លងមក។ ព្រោះយើងដឹងថា ភាពក្រីលំបាកនឹងគឺវាជារឿងស្មុគស្មាញមួយនៅក្នុងជីវិតពូជអំបូរ វាមិនត្រឹមតែខ្លួនយើងមួយនោះ ប៉ុន្តែវាបានបន្តធ្វើឲ្យពិបាកគ្រប់ជំនាន់ ចឹងខ្ញុំប្រឹងប្រែងការងារនឹង ដើម្បីឲ្យពួកគាត់ស្តា និងកែប្រែប្រវត្តិសាស្រ្តចាប់ផ្តើមពីថ្ងៃនេះតទៅ មិនខ្វល់ថាពូជគាត់មកពីណា ពីមិនមុនយ៉ាងម៉េចនោះទេ គឺកែប្រែចាប់ពីម៉ោងនេះទៅដើម្បីជួយអ្នកដទៃឲ្យបានជោគជ័យដែរ៕