នៅដើមខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងឧកញ៉ា ការផ្តល់និងដកហូតគោរមងារឧកញ៉ា។ ការបង្កើតក្រុមការងារអន្តរក្រសួងនេះ ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយ ឃើញលោកអ្នកនាងដែលទទួលបានគោរមងារជាឧកញ៉ាមួយចំនួនតូចបានធ្វើឲ្យប៉ះពាល់កិត្តិយស កិត្តិនាម ដោយប្រព្រឹត្តប្រាស់ចាកខុសក្រមសីលធម៌ សេចក្តីថ្លៃថ្នូរសង្គម និងភ្លេចខ្លួនធ្វើឲ្យខូចតម្លៃងារឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
“ចំពោះស្ថានភាពឧកញ៉ាដំបូងឡើងកាលពីខ្ញុំទទួលបានគោរមងារជាឧកញ៉ា ឃើញថាថ្លៃថ្នូរខ្លាំងណាស់ ព្រោះពាក្យថាឧកញ៉ា ឧក+ញ៉ា គឺជាអ្នកដែលរៀនសូត្រចេះដឹង មានចំណេះជ្រៅជ្រះ ឬក៏អ្នកមានក្រមសីលធម៌ និយាយជារួម អ្នកដឹងខុសដឹង ហើយត្រូវបានរដ្ឋាភិបាល សម្តេចតេជោ សំណើរសុំទៅព្រះមហាក្សត្រដើម្បីផ្តល់គោរមងារឲ្យជាឧកញ៉ា”។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ BTV កាលពីពេលថ្មីៗនេះ។
អ្នកឧកញ៉ាបានថ្លែងថា មានឧកញ៉ាខ្លះបង្កើតញ្ហា ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឧកញ៉ា ដែលមានតាំងពីបុរមបុរាណមក។ ដើមឡើយឧកញ៉ាទាល់តែអ្នកបំរើព្រះមហាក្សត្រផ្ទាល់ ទើបបានងារជាឧកញ៉ា ប៉ុន្តែដល់ក្រោយមកមនុស្សមួយចំនួនយកងារនឹងទៅប្រើប្រាស់ខុសទិសដៅ ដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាតែងតាំង។
បើតាមអ្នកឧកញ៉ាចាស់វស្សារូបនេះ បានគូសបញ្ជាក់ថា ឧកញ៉ាខ្លះអត់យល់អំពីតួនាទីភារកិច្ច ដែលបានគោរមងារជាឧកញ៉ា ការពិតងារជាឧកញ៉ាគឺធ្វើការជួយជនក្រីក្រ ជួយអភិវឌ្ឍន៍ប្រទេសជាតិ ជួយរកការងារឲ្យប្រជាជនធ្វើ មិនមែនឧកញ៉ាទៅធ្វើឲ្យរាស្រ្តទឹកភ្នែកនោះទេ។ ដូច្នេះ ក្រោយទទួលបានគោរមងារឧកញ៉ា ត្រូវតែកែប្រែចរិតឲ្យបានល្អសមរម្យជាឧកញ៉ា។
“ឧកញ៉ាខ្លះអត់យល់បានគោរមងារឧកញ៉ាហើយ ពេលដល់គេអត់ហៅគោរមងារឧកញ៉ា ខឹងគេទៀត សម្រាប់ខ្ញុំនរណាហៅអីហៅទៅមិនឈឺក្បាល ទៅស្រេចតែចិត្តខ្ញុំអត់ឈឺក្បាលនោះទេ ប៉ុន្តែខ្ញុំបានឃើញមួយចំនួនបានងារឧកញ៉ាហើយគឺវាភ្លើតភ្លើនភ្លេចខ្លួនអស់ទៅ នេះហៅថា ចរិតរបស់បុគ្គលមិនកែប្រែ”។ អ្នកឧកញ៉ាបន្ថែម។
បន្ទាប់ពីមានរឿងរ៉ាវឧកញ៉ាមួយចំនួនបានប្រព្រឹត្តខុសក្នុងគ្រួសារ សង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះឧកញ៉ា ហើយត្រូវបានសង្គមហ្វេសប៊ុកវាយប្រហារឥតញញើតដៃផងនោះ អ្នកឧកញ៉ាបានលើកឡើងថា ការរិះគន់ណាមួយត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ ជាជាងវាយប្រហារប៉ះពាល់ដល់អ្នកដទៃ ព្រោះយើងមិនមែនជាតុលាការទេ។
“សម្រាប់ខ្ញុំ បើជេរជារួមចង់ឲ្យអ្នកជេរខុសនឹងមានទោសទៀតផង ព្រោះនៅពេលអត់ការងារធ្វើមានឧកញ៉ាច្រើនណាស់ ដែលវិនិយោគទុនបង្កើតការងារឲ្យប្រជាជនធ្វើនៅទូទាំងប្រទេសលើគ្រប់វិស័យ ការងារតិចឬច្រើន ប៉ុន្តែឧកញ៉ាទាំងអស់ហ្នឹងបានបង្កើតការងារឲ្យប្រជាជនធ្វើ។ ឧកញ៉ា គាត់បានចូលរួមអភិវឌ្ឍន៍ប្រទេសច្រើនដូចជាសាងសង់ផ្លូវលំ ប្រឡាយទឹកជាច្រើនមហិមារ”។ អ្នកឧកញ៉ានិយាយ។
អ្នកឧកញ៉ាបានលើកឡើងថា នៅពេលដែលប្រទេសជាតិជួបទុក្ខលំបាក គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម ក៏មានឧកញ៉ាជួយ និងអភិវឌ្ឍនកសាងឡើងវិញដែរ។ ជាក់ស្តែងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ កើតឡើងជិត២ឆ្នាំមកនេះ ឃើញមានលោកអ្នកឧកញ៉ាបានចូលរួមចំណែកច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលទាំងនេះសមជាគោរមងារឧកញ៉ា។
“ខ្ញុំមិនដឹងថាគេចាយលុយឬម៉េចនោះទេ ប៉ុន្តែឧកញ៉ាច្រើនមែនទែនខ្ញុំអត់ដឹងទេ ព្រោះបើគេចាយលុយខ្ញុំឃើញខ្ញុំហ៊ានថា បើខ្ញុំអត់ឃើញផង។ ចំពោះខ្ញុំ ចេញគោរមងារអោយហើយ ចេញលិខិតប្រាប់ងារឧកញ៉ាត្រូវធ្វើម៉េចៗ បើវាទទួលបានចាំឲ្យគោរមងារ បើទទួលមិនបានទេកុំអោយគោរមងារអី ហើយឧកញ៉ាដែលបានទទួលគោរមងារហើយត្រូវត្រួតពិនិត្យឡើងវិញ សមរម្យជាឧកញ៉ាដែលឬទេ បើអត់សមរម្យទេដកទៅ”។ អ្នកឧកញ៉ានិយាយ។