អគារពាណិជ្ជកម្មភ្លោះខ្ពស់ធំស្គឹមស្កៃនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ជាប់នឹងរដ្ឋសភា ណាហ្គាវើល The Bridge ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្មដែលមានឈ្មោះល្បីៗមកពីក្រៅប្រទេសជាច្រើនមកបោះទីតាំងជួល និងទិញនៅទីនោះ។ អគារភ្លោះខ្ពស់ The Bridge ជាការវិនិយោគរាប់រយលានដុល្លារអាមេរិករបស់មហាសេដ្ឋី សៀ ឬទ្ធី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តើមហាសេដ្ឋីប្រាក់លាន សៀ ឬទ្ធី កំពុងក្តោបក្តាប់មុខជំនួញប៉ុន្មានក្នុងដៃ?
ពាណិជ្ជករខ្មែរដ៏ឆ្នើមអ្នកឧកញ៉ា សៀ ឫទ្ធី ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge International Group និងជាអ្នកវិនិយោគដ៏លេចធ្លោមួយរូបក្នុងចំណោមមហាសេដ្ឋីល្បីៗជាច្រើននៅកម្ពុជា ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាច្រើនបានសម្លឹងនិងចាប់អាម្មរណ៍យ៉ាងខ្លាំងទៅលើសកម្មភាពដំណើរការពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរបស់លោក។
លោក សៀ ឬទ្ធី កើតក្នុងឆ្នាំ ១៩៧២ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារខ្មែរ-ចិន លោកក៏មិនខុសពីកុមារផ្សេងទៀតដែលត្រូវបានរួចផុតពីរបបខ្មែរក្រហម។ លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងផ្នែកភ័ស្តុភារ គឺក្រុមហ៊ុន World Bridge ដែលការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន CEVA និង Kerry Logistics។
ក្រុមហ៊ុន WorldBridge Group ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២មកម្លេះ ដែលគ្រប់គ្រងដោយផ្ទាល់របស់លោក ប៉ុន្តែ មុននឹងទទួលបានភាពជោគជ័យ មានបុត្រសម្ព័ន្ធក្រុមហ៊ុនរហូតដល់ទៅជាង៣០ក្រុមហ៊ុន លោកធ្លាប់ជាបុគ្គលិកបម្រើការងារផ្នែកដឹកជញ្ជូនទំនិញ ឲ្យកងកម្លាំងអង្គការសហប្រជាជាតិ UNTAC ប្រចាំប្រទេសកម្ពុជា។
លោក សៀ ឬទ្ធី បានបង្កើតមូលនិធិដើមទុនដ៏សំខាន់ដំបូងគេរបស់ប្រទេស គឺ Ooctane ដែលមានទឹកប្រាក់សរុប ៥៥ លានដុល្លារអាមេរិក សម្រាប់ការវិនិយោគក្នុងការបង្កើតសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។ ការវិនិយោគផ្ទាល់របស់លោក សៀ ឬទ្ធី ក៏រួមបញ្ចូលទាំងការបណ្តាក់ទុននៅទូទាំងតំបន់នៅលើវិស័យផ្សេងៗគ្នា រួមទាំងការវិនិយោគនៅប្រទេសសឹង្ហបូរី មីយ៉ាន់ម៉ា វៀតណាម និងឡាវ។
ការងារសប្បុរសធម៌របស់លោក សៀ ឬទ្ធី នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន កាកបាទក្រហមកម្ពុជា និងគំរោងគំនិតផ្តួចផ្តើមអនាគតទន្លេមេគង្គ (MFI)។ សេដ្ឋីផ្នែកចលនទ្រព្យល្បីល្បាញក្នុងពិភពជំនួញនៅប្រទេសកម្ពុជារូបនេះត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០ គឺដំណាលគ្នាជាមួយមហាសេដ្ឋី ៥ នាក់ផ្សេងទៀត។
បន្ថែមលើភាពជោគជ័យផ្នែកពាណិជ្ជកម្មក្រុមហ៊ុន WorldBridge Group បានបន្តស្វែងរកការវិនិយោគដែលកសាងឧស្សាហកម្មជាតិ និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញ។ ជាមួយគ្នានេះដែល World Bridge ក៏បានប្រកាសអំពីមោទនភាពចំពោះការវិនិយោគរបស់ខ្លួនក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតំលៃសមរម្យលើកដំបូងសម្រាប់អភិវឌ្ឍន៍ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា។
មហាសេដ្ឋី សៀ ឫទ្ធី ត្រូវបានចាត់ថា ជាធុរជនល្បីឈ្មោះបោះសំឡេងក្នុងវិស័យអចលនទ្រព្យ និងភ័ស្តុភារ (logistics) ឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធនៅក្នុងដៃរបស់មហាសេដ្ឋីរូបនេះរួមមាន៖
-វិស័យដឹកជញ្ជូន
១.ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ីនធើណាសិនណល ខេមបូឌា (WorldBridge International) គឺជាការវនិយោគទៅលើសេវាកម្មឈានមុខគេក្នុងវិស័យដឹកជញ្ជូនទាំងការនាំចេញ-ចូល នៅកម្ពុជា ដូចជា៖ ដឹកទំនិញតាមផ្លូវសមុទ្រ និងផ្លូវអាកាស ដឹកជញ្ជូនចែកចាយក្នុងស្រុក ដឹកជញ្ជូនឆ្លងព្រំដែន ដឹកជញ្ជូនតាមឡានធំៗ គ្រប់គ្រងសារពើភណ្ឌ សេវាកម្មរុះរើ និងសេវាកម្មបំពេញបែបបទគយនាំចេញ-នាំចូល។
២. ឃែរី វើលដ៍ប្រ៊ីដ ជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៧។ ក្រុមហ៊ុន Kerry Worldbridge Logistics ជាអ្នកប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ដែលជាការចាប់ដៃគូវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Worldbridge International (Cambodia) និងក្រុមហ៊ុន Kerry Logistics ដែលមានមូលដ្ឋាននៅហុងកុង។
ក្រុមហ៊ុន Kerry Worldbridge Logistics បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ តាំងពីពាក់កណ្ដាលឆ្នាំ២០១៥ លើផ្ទៃដីសរុប ៦៣ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ២ ។
បើតាមការបញ្ជាក់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន Kerry Worldbridge Logistics ក្នុងពិធីសម្ពោធកាលពីឆ្នាំ២០១៧ បានឲ្យដឹងថា គម្រោងនេះវិនិយោគទឹកប្រាក់សរុបប្រមាណជាង ១០០លានដុល្លារ។
អ្នកឧកញ៉ា បន្ថែមថា ការសម្ពោធតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគយមានដែនកំណត់នេះ គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យសេវាកម្មផ្នែកភ័ស្ដុភារ ដឹកជញ្ជូន និងភណ្ឌាគារគយមានដែនកំណត់ ក្នុងកម្រិតស្ដង់ដារអន្តរជាតិ ដូចបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដែលអាចទ្រទ្រង់ និងលើកស្ទួយ សុវត្ថិភាព ប្រសិទ្ធិភាពក្នុងការដឹកជញ្ជូន ការចល័ត ការផ្ទេរ និងរក្សាទុកទំនិញរបស់អ្នកវិនិយោគ។
៣.ក្រុមហ៊ុន ឃែរី អ៊ិចប្រេស ខេមបូឌា (Kerry Express Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និងសេវាបញ្ញើ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ រវាង ឃែរី អ៊ិចប្រេស និង វើលប្រីដ គ្រុប គិតមកដល់ពេលបច្ចុប្បន្នបាននឹងកំពុងបម្រើសេវានៅតាមបណ្តាខេត្តទាំងអស់នៃប្រទេសកម្ពុជា។
ជារៀងរាល់ថ្ងៃ ឃែរី អ៊ិចប្រេស បានចែកចាយឯកសារសំខាន់ៗជាច្រើនទៀតទៅកាន់អតិថិជនសំខាន់ រួមាន៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនទូរគមនាគមន៍ វិទ្យាស្ថានហិរញ្ញវត្ថុ សាលារៀន និងបណ្តាញអ្នកលក់រាយក្នុងស្រុក។
ឃែរី អ៊ិចប្រេស ក៏ជាប្រតិបត្តិករបញ្ជូនសាច់ប្រាក់ធំបំផុតរបស់កម្ពុជាផងដែរ ហើយបើនិយាយពីក្រៅប្រទេសវិញ ឃែរី អ៊ិចប្រេស មានវត្តមាននៅហុងកុង តៃវ៉ាន់ វៀតណាម ថៃ និងម៉ាឡេស៊ីផងដែរ។
៤. ក្រុមហ៊ុន Indo Trans Logistics Cambodia ត្រូវបានផ្តល់ដំណោះស្រាយសម្រាប់សេវាកម្មដឹកជញ្ចូនចម្រុះ តាមអាកាសចរណ៍ ឃ្លាំងស្តុកទំនិញ ដឹកជញ្ជូន និងចែកចាយ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្មោះត្រង់ខ្ពស់បំផុតមួយនៅប្រទេសកម្ពុជា។ នេះបើតាមការអះអាងនៅលើក្រុមហ៊ុន របស់មហាសេដ្ឋី សៀ ឬទ្ធី។
៥.ក្រុមហ៊ុន Empire Logistics Cambodia ជាភ្នាក់ងារដែលទទួលបានការអនុញ្ញាតតែមួយគត់ពីក្រុមហ៊ុនដឹកអ្នកដំណើរ United Airlines ក្នុងប្រទេសកម្ពុជា។ ដោយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៦ EMP ផ្តល់សេវាដឹកទំនិញតាមផ្លូវអាកាសដល់ក្រុមហ៊ុនបញ្ជូនបន្តក្នុងស្រុកនិងពិភពលោកជាច្រើន។
នៅឆ្នាំ ២០១៩ EMP បានដឹកជញ្ជូនទំនិញបរិមាណជាង ៩០០ តោនទៅកាន់គោលដៅនានានៅទូទាំងពិភពលោក ដូចជា សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង អ៊ីតាលី និងកាណាដា។
៦.ក្រុមហ៊ុន WorldBridge Aviation Services Co. Ltd (WAS) គឺជាភ្នាក់ងារដែលបានអនុញ្ញាតតែមួយគត់របស់ក្រុមហ៊ុនដឹកទំនិញវៀតណាមអ៊ែរឡាញ។ ចាប់ផ្តើមតាំងពីឆ្នាំ ២០១០ WAS បានផ្តល់សេវាកម្មដឹកទំនិញតាមផ្លូវអាកាសដល់ក្រុមហ៊ុនបញ្ជូនបន្តក្នុងស្រុកនិងពិភពលោកជាច្រើន។
នៅឆ្នាំ ២០១៩ ក្រុមហ៊ុន WAS បានដឹកជញ្ជូនទំនិញបរិមាណជាង ៩០០ តោនទៅកាន់គោលដៅទេសចរណ៍ទូទាំងពិភពលោក រួមទាំង អាស៊ី អឺរ៉ុប និងកាណាដា។
៧.ក្រុមហ៊ុន Thai Cargo គឺជាភ្នាក់ងារដែលមានការអនុញ្ញាតតែមួយគត់របស់ Thai Airways International Public Company Limited (THAI) ដែលបានបម្រើអតិថិជនក្នុងការដឹកជញ្ជូនទំនិញនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ១៤ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៦ ដោយដឹកជញ្ជូនផលិតកម្មទៅកាន់គោលដៅផ្សេងៗនៅជុំវិញពិភពលោក ជាពិសេស នៅតំបន់ភាគខាងកើតនៃអាស៊ី ដូចជា ចិនដីគោក ជប៉ុន កូរ៉េ និងតំបន់ជាច្រើនទៀត។
៨.ក្រុមហ៊ុន WorldBridge Secure Logistics (WSL) ដែលជាក្រុមហ៊ុនរួមបណ្តាក់ទុនជាមួយក្រុមហ៊ុន Brinks Global Services ខណៈនៅថ្ងៃទី០៩ ខែកក្កដានេះនៅសណ្ឋាគារសូហ្វីតែល ក្រុមហ៊ុនបានប្រកាសជាផ្លូវការអំពីការប្តូរឈ្មោះថ្មីរបស់ក្រុមហ៊ុនឡើងវិញ ដែលមានឈ្មោះ ពណ៌និងឡូហ្គោ របស់ក្រុមហ៊ុន ប្រ៊ីង ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូន សាច់ប្រាក់ លោហៈមានតម្លៃ ដូចជា ពេជ្រ និងគ្រឿងអលង្ការ ព្រមទាំងទំនិញមានតម្លៃផ្សេងៗទៀត។ WSL មានរថពាសដែកជាច្រើនដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទំនិញដែលមានតម្លៃហើយយើងត្រូវបានធានារ៉ាប់រង ១០០% ។
ប្រ៊ីងស៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៥៩ (អាយុ ១៦០ ឆ្នាំ) និងជាក្រុមហ៊ុនដឹកជញ្ចូនដែលមានសុវត្ថិភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ឥឡូវនេះ Brinks អាចតាមដានគ្រប់ចលនានៃយានយន្តរបស់យើង ២៤/៧ ដោយនាំមកនូវប្រសិទ្ធភាពបំផុតដល់ប្រតិបត្តិការ CIT ក្នុងការដឹកជញ្ជូនទូទាំងប្រទេស ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង កំពង់ចាម កំពត កំពង់ធំបន្ទាយមានជ័យ ស្វាយរៀង និង តាកែវ។
-ក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យ
១.អគារភ្លោះខ្ពស់ The Bridge បានបើកប្រតិបត្តិការអាជីវកម្មកាលពី ឆ្នាំ២០១៩ បន្ទាប់ពីបើកទ្វារភ្លាមទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្មដែលមានឈ្មោះល្បីៗមកពីក្រៅប្រទេសជាច្រើនរួមមាន៖ ប្រទេសសឹង្ហបុរី កូរ៉េ ចិន អាមេរិក ដែលក្រុមហ៊ុនទាំងអស់នោះកំពុងបម្រើសេវាកម្មយ៉ាងមមាញឹក ដូចជាសណ្ឋាគារ ខុនដូរ ការិយាល័យធ្វើការ សេវាកម្មសុខភាព មន្ទីរពេទ្យ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង កាហ្វេល្បីៗ ក្លឹប ស្កាយបារ ។ល។
អគារភ្លោះThe Bridge ស្ថិតនៅក្នុងតំបន់ពិសេស តាមបណ្តោយវិថីរដ្ឋសភា និងជិតស្ថានទូតអូស្រ្តាលី និង ជាប់នឹងទីក្រុងរណបកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ បើគិតពីអគារបច្ចុប្បន្ន ដែលសាងសង់ខ្ពស់ជាងគេបង្អស់នៅកម្ពុជា គឺអគារភ្លោះ The Bridge ដែលមានកម្ពស់ ៤៥ជាន់។
អគារភ្លោះ The Bridge នេះ ជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Worldbridge Land របស់អ្នកឧកញ៉ា សៀ ឫទ្ធី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Oxley Holdings ដោយបានបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក។
២.បន្ទាប់ពីមានភាពជោគជ័យនៃគម្រោង The Bridge ហើយបានក្លាយជាអគារតំណាងឲ្យនិមិត្តសញ្ញានៃការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះផងដែរគម្រោង The Peak ដែលជាគម្រោងថ្មីមួយទៀតក៏បាន បង្ហាញវត្តមានរបស់ខ្លួននៅក្នុងទីក្រុងផងដែរ។
The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន អកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។
គម្រោងវិនិយោគនេះមានតម្លៃ ៥៨០ លានដុល្លារក្នុងនោះរួមបញ្ចូលសំណង់អគារ ៥៥ ជាន់ចំនួន ៣ នេះវានឹងបន្ថែមខុនដូទំនើបៗចំនួន ១០១៥ យូនីតទៀតទៅលើចំនួនខុនដូដែលមានស្រាប់ហើយនៅទីក្រុងភ្នំពេញដែលកំពុងមានការរីកលូតលាស់នេះ។
៣.គម្រោង The Palms គឺជាលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ នៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅដ្ឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។
៤.ក្រុមហ៊ុន វើលដ៏ប៊្រីដ ហូម ជាបុត្រសម្ព័ន្ធថ្មី មួយទៀតរបស់ វើលប៊្រីដ គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ជាក្រុមហ៊ុនអភិវឌ្ឍន៏វិស័យអចលនវត្ថុឈានមុខគេ។ ក្រុមហ៊ុនរបស់មហាសេដ្ឋី សៀ ឬទ្ធី គឺនាំមកជូននូវលំនៅឋានមានតម្លៃ សមរម្យប្រកបដោយគុណភាពល្អ មានសុវត្តិភាព ដល់អ្នកដែលមានចំនូលទាប និងមធ្យមអោយមានលំនៅឋានជារបស់ខ្លួន។
វើលដ៏ប៊្រីដ ហូម បានអភិវឌ្ឍន៍លើគម្រោងធំៗក្នុងរាជធានីភ្នំពេញ រួមមាន៖ The Peak, The Bridge, The Palm Resort, Sky 31 Condo ដែលមានការិយាល័យលក់ស្ថិតលំនៅឋានទីក្រុងរណបសិរីមង្គល៖ ផ្លូវជាតិលេខ 21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥.ក្រុមហ៊ុន WorldBridge Land ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ហើយក៏បានធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសាងសង់លំនៅឋានសម្រាប់អ្នកមានចំណូលទាប និងចំណូលធ្យម (Affordable House)។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន កន្លងទៅ។
អ្នកឧកញ៉ាបន្ថែមថា WorldBridge Land បានបោះទុនវិនិយោគ ៦០លានដុល្លារ ទៅ៧០លានដុល្លារលើគម្រោង Affordable House ចំនួនបី។
៦. គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” WorldBridge Sport Village នឹងផុសឡើងនៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។
គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ។ ក្នុងគម្រោងមានការអភិវឌ្ឍខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡាជាដើម។
ធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានបោះទុនវិនិយោគ ប្រមាណជាង២០០លានដុល្លារ ក្នុងការសាងសង់គម្រោងដ៏ធំប្លែកគេមួយនេះ។ ស្ថិតនៅជាប់នឹងពហុកីទ្បដ្ឋានជាតិមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ភាគខាងជើងរាជធានីភ្នំពេញ។
គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍឡើងដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ៕
៧.ក្រុមហ៊ុន Oxley WorldBridge Cambodia ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានមូលដ្ឋានក្នុងតំបន់ ដែលបណ្តាក់រួមគ្នាដោយក្រុមហ៊ុន Oxley Holdings Limited និងក្រុមហ៊ុន WorldBridge Land (Cambodia) Co. , Ltd.
Oxley WorldBridge មានក្រុមអ្នកជំនាញរឹងមាំដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួន។ ក្រុមនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយសហការីរបស់ពួកគេមកពីក្រុមហ៊ុន Oxley Holdings Limited និងក្រុមហ៊ុន WorldBridge Land (ខេមបូឌា) ដើម្បីធានាបាននូវការផ្តល់នូវលទ្ធផលល្អបំផុតដល់វិនិយោគិននិងអតិថិជនរបស់ពួកគេ។
-វិស័យសេវាកម្មហិរញ្ញវត្ថុ
១.ធនាគារឯកទេស ប្រ៊ីដ ភីអិលស៊ី (Bridge Specialized Bank) ជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រង់របស់ WorldBridge Group ដែលត្រូវបានគេស្គាល់ថាជាធនាគារឯកទេស Oxley-WorldBridge ដែលបានដំណើរការចាប់តាំងពីចុងឆ្នាំ ២០១៤មកម្លេះ។ ក្នុងឆ្នាំ២០១៩ Bridge Specialized Bank ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥៦៩.៩១៥ ដុល្លារអាមេរិក (USD569,915) ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៥.៨៥២.៧៣០ ដុល្លារ (USD15,852,730) និងកម្ចីចំនួន ១២.៧៨៨.៤៧៥ ដុល្លារអាមេរិក USD12,788,475 ។
សេវាកម្មចម្បងរបស់ Bridge Specialized Bank គឺប្រាក់កម្ចីទិញផ្ទះ កម្ចីអាជីវកម្ម កម្ចីរថយន្ត និងប្រាក់កម្ចីផ្ទាល់ខ្លួន ដែលផ្តល់នូវគុណភាពការច្នៃប្រឌិតភាពបត់បែននិងដំណោះស្រាយហិរញ្ញវត្ថុដែលមានតំលៃសមរម្យដល់សហគមន៍ក៏ដូចជាការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។
២.ជាមួយបទពិសោធអាជីវកម្មបញ្ចាំជាង ៤០ឆ្នាំ នៅប្រទេសសិង្ហបុរី ឃែស យូ អាប់ បានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយមានការចូលរួមពីអ្នកវិនិយោគខ្មែរ និងសិង្ហបុរី។
ក្រុមហ៊ុន ឃែស យូ អាប់ គឺជា ក្រុមហ៊ុនបញ្ចាំ ស្របច្បាប់ ទី៤ ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មក្រោមស្លាកសញ្ញាឈ្មោះ ឃែស យូ អាប់ (Cash-U-Up Co.,Ltd) និងបានទទួលអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ និងទិញ លក់ ទ្រព្យបញ្ចាំនិង អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន លេខ 010សហវ.ឧហ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១០ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
Cash-U-Up ផ្តល់សេវាបញ្ចាំ រថយន្ត ម៉ូតូ គ្រឿង អលង្ការ សម្ភារៈ អេឡិចត្រូនិច ដែលមានអត្រាការប្រាក់ស្របតាមគោលការណ៍ដែលច្បាប់បានកំណត់ជាពិសេសការថែរក្សា សុវត្ថិភាព ទ្រព្យ បញ្ចាំ សម្រាប់អតិថិជន។
៣.ក្រុមហ៊ុនវិនិយោគ OOCTANE ត្រូវបានបង្កើតឡើង ជាមួយមូលនិធិ ៥លានដុល្លារ ក្នុងការជួយដល់ អាជីវកម្មបង្កើតថ្មី ក៏ដូចជា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការបណ្ដាក់ទុន។ ក្រុមហ៊ុនវិនិយោគនេះ ស្ថិតនៅក្រោមក្រុមហ៊ុន WoldBridge Group របស់អ្នមកឧកញ៉ា សៀ ឬទ្ធី។
មូលនិធិ OOCTANE CAMBODIA ជាមូលនិធិទ្រទ្រងអាជីវកម្មដល់ Starup និង SME ទាំងក្នុងស្រុក និង អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា បានបោះជំហានដំបូងដោយមានទឹកប្រាក់សរុប៥លានដុល្លារ ហើយមូលនិធិនេះ ក៏កំពុងចរចារជាមួយវិនិយោគិនសក្ដានុពលផ្សេងៗទៀត ដើម្បីពង្រីកមូលនិធិឲ្យមានប្រាក់កើនឡើងពី៥លានទៅ១០លានដុល្លារអាមេរិក និងបន្ថែមទឹកប្រាក់ឲ្យបាន២៥លានទៅ៣០លានដុល្លារអាមេរិក។
មូលនិធិ OOCTANE CAMBODIA នឹងផ្តល់ជូនចំពោះអ្នកចាប់ផ្តើមអាជីវកម្ម ដែលមានគំនិតច្នៃប្រឌិតសម្រាប់បុគ្គលមួយរូបក្នុងដំណាក់កាលដំបូង អាចនឹងមានចាប់ពី ៥ពាន់ដុល្លារដល់ ១ម៉ឺនដុល្លារអាមេរិក ឬយ៉ាងហោចណាស់ក៏មានដើមទុនតិចបំផុត ២,៥ ម៉ឺន ដុល្លារ។ រីឯអាជីវកម្មដែលមានផលិតផលប្រើប្រាស់ក្នុងទីផ្សាររួចហើយ នឹងអាចទទួលបានមូលនិធិចំនួន ២,៥ ម៉ឺនដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន។
-វិស័យម្ហូបអាហារ និងភេសជ្ជៈ
ក្រុមហ៊ុន Auskhmer Import Export Co.,Ldt ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១មក ដោយលោក Simon Roe ជាមួយក្រុមហ៊ុន WorldBridge Group បាននាំចូល និង ចែកចាយម្ហូប និង ភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ ដូចជា៖ សាច់គោអូស្ដ្រាលី និង អាមេរិក សាច់ចៀមអូស្ត្រាលី អយស្ទ័របារាំង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំដុតនំ ឈីស ស្រាបៀរពីប្រទសបែលហ្សីក រួមមានស្រាក្រហម និង ស្រាវីស្គីជាច្រើនមុខ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏ទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រាវីស្គីម៉ាក Macallan ដែលជាស្រាលំដាប់ថ្នាក់អន្តរជាតិលក់ដាច់ជាងគេទី២នៅលើពិភពលោក។
ក្រុមហ៊ុន Auskhmer បានចែកចាយបន្តទៅកាន់អាជីវកម្មធំៗដែលមានដូចជា Hypermarkets, Supermarket, Mini Marts, liquor stores សណ្ឋាគារ រមណីយដ្ឋាន កាស៊ីណូ ភោជនីយដ្ឋាន និងក្លឹបកម្សាន្តជាដើម។ ក្រុមហ៊ុនអ៊សខ្មែរ មានបុគ្គលិកកំពុងបម្រើការជាង ១០០ នាក់ ដែលមានការិយាល័យ ៣កន្លែង និងមានឃ្លាំងស្តុកទំនិញធំៗចំនួន ២ កន្លែង រួមទាំងសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា។
-ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល
១.WorldBridge Media
២. NRG radio FM 89 គឺជាស្ថានីយ៍វិទ្យុតន្រ្តីទី ១ និងស្ថានីយ៍វិទ្យុតន្ត្រីលេខមួយរបស់ប្រទេសកម្ពុជាចាប់តាំងពីបានចាប់ផ្តើមដំណើរការនៅថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១២ ។ ដោយមានបណ្តាញបញ្ជូនរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប បច្ចុប្បន្នគ្របដណ្តប់លើប្រជាជនខ្មែរចំនួន ៨០ ភាគរយ។
៣.ក្រុមហ៊ុន Worldbridge Outsourcing Solutions Co.,Ltd
-ឧស្សាហកម្ម
ក្រុមហ៊ុន Worldbridge Industrial Developments ដែលជាក្រុមហ៊ុននៅពីក្រោយហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ ខេតកណ្តាល ហើយនៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល ជិតគម្រោងអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ មួយនេះគឺត្រូវបានចាត់ទុកថាជា គម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។
បណ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ នឹងនាំមកនូវអនាគតមួយថ្មីសម្រាប់ សហគ្រាស ធុនតូចនិងមធ្យម សហគ្រិន និងការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ក៏ដូចជាការវិនិយោគ លើ វិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដោយនាំវិស័យទាំងអស់នេះ ឲ្យចូលរួមក្នុងខ្សែរសង្វាក់ផលិតកម្មបាន ពេញលេញ។
-ការថែទាំងសុខភាព
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) កម្ពុជា ផ្តល់នូវសេវាស្តង់ដារផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសសឹង្ហបូរីដល់ប្រជាជនកម្ពុជា។