ថៅកែ​​និង​បុគ្គលិក បើ​ចង់​​ឲ្យ​​ជោ​គ​ជ័យ​​ទាំង​អស់​គ្នា ត្រូវ​មាន​ចំណុច​ទាំង​នេះ

ជុំវិញ​ឧកញ៉ា

បុគ្គលិកទំាងអស់ មុននឹងចូលមកធ្វើការនៅក្រុមហ៊ុនយើង គឺសុទ្ធតែ​បានឆ្លងកាត់ការសម្ភាស និង​ត្រួត​ពិនិត្យជីវប្រវត្តិសង្ខេបយ៉ាងត្រឹមត្រូវ ហ្មតចត់ទំាងអស់ ដោយយើងយល់​ថា​ ពួក​គេពិត​ជាមាន​សមត្ថភាព និងស្មោះត្រង់អាចបំពេញកិច្ចការនោះបាន។



ដូច្នេះពេលគេបំពេញកិច្ចការងារ គួរបណ្តោយឱ្យគេធ្វើទៅតាមចំណេះដឹង តាមជំនាញ​របស់​គេ​សិន​ទៅ​។ គួរកុំសង្ស័យ ឬមានមន្ទិលណាមួយលើគេ ថាគេធ្វើមិនបានល្អ មិនបានត្រឹម​ត្រូវតាម​យើងចង់​បាន។ បណ្តោយឱ្យគេធ្វើតាមជំនាញ ចំណេះដឹងរបស់គេសិនទៅ តែបើគេធ្វើមិន​ទាន់បាន​ល្អយើង​ហៅ​គេមកណែនាំ បង្ហាញផ្លូវ ឬកែតម្រូវឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ជាបទពិសោធ មានក្រុមហ៊ុនមួយចំនួនពេលជួលបុគ្គលិកមកធ្វើការ បែរជាមានការសង្ស័យ​បុគ្គលិក​បែប​នេះ ឬបែបនោះ មិនទុកចិត្តបុគ្គលិក ឬជួនកាលបង្គាប់ឱ្យគេទៅធ្វើការ​ខុសជំនាញ ឬទៅធ្វើការ​ដែល​មិនមែនជាចំណេះដឹង ជាជំនាញរបស់គេទៅវិញ ឬជួនកាលរហូតសង្ស័យគេថា ជា​មនុស្ស​មិន​ល្អ​ មិនស្មោះត្រង់ចំពោះក្រុមហ៊ុន ឬធ្វើការមិនពេញដៃពេញជើង។

ថៅកែខ្លះបង្កប់មនុស្សឱ្យតាមដានទៀតក៏មាន។ការឃ្លាំមើលបុគ្គលិក​ គឺដោយ​សារម្ចាស់ក្រុមហ៊ុន​យល់​ថា ខ្លាចបុគ្គលិកនោះលួចកឹបកេងពេលវេលា ឬម៉ោងធ្វើការរបស់ក្រុមហ៊ុន ឬយក​ម៉ោង​ក្រុម​ហ៊ុន​ទៅ​ធ្វើការឱ្យអ្នកដទៃ។ ការឃ្លាំមើលបែបនេះ គឺជាការល្អមួយហើយ តែពេលខ្លះប៉ះពាល់​អារម្មណ៍​ការងារបុគ្គលិក ព្រោះគេយល់ថា គ្មានសុវត្ថិភាពការងារ គ្មានសន្តិភាពផ្លូវចិត្ត និងហាក់​មាន​កាំបិតភ្ជង់ពីក្រោយខ្នងរហូត។ ម្ចាស់ក្រុមហ៊ុនខ្លះព្រួយបារម្ភខ្លាចគេធ្វើការមិនអស់ពីសមត្ថភាព មិន​ពេញ​លេញលក្ខណៈ ធ្វើការឡេះឡោះ ឬធ្វើអ៊ែលៗជាដើម។


ការធ្វើបែបនេះ គឺជារឿងល្អសម្រាប់ថៅកែ ដើម្បីដឹងថាបុគ្គលិកណាខ្ជិលឬឧស្សាហ៍ ដើម្បីណែនាំ កែ​លម្អ។ ប៉ុន្តែ ប្រសិនបើឃ្លាំមើលក្នុងន័យផ្សេងនោះមិនល្អឡើយ ជាពិសេសប្រសិន​បើសាមីខ្លួន​គេ​ដឹងថា យើងជាថៅកែឃ្លាំមើលគេ មិនទុកចិត្តលើសមត្ថភាពគេ គេនឹងខឹង អាក់អន់ថ្នាំងថ្នាក់ចិត្ត ឬឈាន​ដល់ការលែងមានទំនុកចិត្ត ឬលែងមានទឹកចិត្តក្នុងការបំពេញការងារក៏ថាបាន។


បើគង់តែមានមន្ទិល ឬសង្ស័យបែបនេះដដែល ពេលសម្ភាសការងារ បើសង្ស័យ​គួរតែ​កុំ​ជ្រើស​រើស​យក​គេ​មកធ្វើការប្រសើរជាង ព្រោះកុំនាំឱ្យខាតពេល ខាតថវិកា និងខាតជួលមនុស្ស​ឱ្យឃ្លាំមើល​ជា​ដើម​៕


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី