ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពាក់គ្រឿងឥស្សរិយយសថ្នាក់«មិត្តភាព (Order of Friendship)» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានរួមចំណែកក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើតាមស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានសម្តែងសេចក្តីត្រេកអរជាខ្លាំងចំពោះព័ត៌មាននេះហើយខ្ញុំសូមសម្តែងការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះចក្ខុវិស័យនាយករដ្ឋមន្រ្តីរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព” ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។
អ្នកឧកញ៉ាថ្លែងថា៖ “គ្រឿងឥស្សរិយយសនេះគឺជានិមិត្តរូបនៃការចូលរួមចំណែកដ៏សំខាន់របស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងរុស្ស៊ី។ គ្រឿងឥស្សរិយយសនេះត្រូវបានប្រគល់ជូនបុគ្គល (រួមទាំងជនបរទេស) ឬអង្គការណាមួយដែលមានសមិទ្ធផលក្នុងការពង្រឹងសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នារវាងប្រជាជាតិ និងការលើកកម្ពស់វប្បធម៌ជាតិ និងប្រជាជនទៅវិញទៅមក”។
បើតាមអ្នកឧកញ៉ា ក្នុងចំណោមមេដឹកនាំអាស៊ីដែលបានទទួលគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពនេះ គឺមាន អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក លី ក្វាន់យូ និងអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់។ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦។ ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃចំណងមិត្តភាពរបស់យើង។ ប្រជាជនកម្ពុជាតែងតែឱ្យតម្លៃ និងរក្សាមិត្តភាព ហើយសមិទ្ធផលបែបនេះតែងតែនាំឱ្យមានមោទនភាពដល់ប្រទេសជាតិទាំងមូល។
សូមបញ្ជាក់ថា កម្ពុជា និងរុស្ស៊ី មានទំនាក់ទំនងការទូត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ដោយសម្តេចព្រះនរោត្តម សីហនុ និងលោក Nikita Khrushchev ដែលជាអគ្គលេខាបក្សកុម្មុយនីស្តសូវៀត ប៉ុន្តែទំនាក់ទំនងនេះបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម ក្រោយរបបនេះដួលរលំ កម្ពុជា និងសហភាព សូវៀត ក៏បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញ។ បន្ទាប់ពីសហភាពសូវៀតដួលរលំនៅចុងឆ្នាំ១៩៩១ បង្កើតមកជាសហព័ន្ធរុស្ស៊ីវិញ ក៏ទំនាក់ទំនងការទូតនៃប្រទេសទាំង២នៅរក្សាដដែល។
កាលពីទសវត្សរ៍៨០ កម្ពុជាបានជំពាក់បំណុលរុស្ស៊ី១,៥០០ លានដុល្លារអាមេរិកដែលខ្ចីយកមកទិញអាវុធ និងទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែកាលពីឆ្នាំ២០០៩ បំណុលនេះត្រូវបានរុស្ស៊ីសម្រេចលុបចោល៧០ភាគរយដោយនៅសល់បំណុលតែ៤៥០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុល ដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន៕