លោក សោម សម្បត្តិ៖ មនុស្ស​ត្រូវចេះ​ផ្សំគ្រឿង ៤យ៉ាង​នេះទើបទទួលបានសុភមង្គលពិតប្រាកដក្នុងជីវិត

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ក្នុងសិក្ខាសាលាមួយស្ដីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល» លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint បានលើកឡើងថា ពាក្យ«សុភមង្គល» ត្រូវផ្សំឡើងពីកត្តាគ្រឹះ ៤យ៉ាង ទើបលេចចេញនូវសុភមង្គលពិតប្រាកដមួយសម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សោម សម្បត្តិ បញ្ជាក់ថា៖ « ​ការសន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ ធាតុចូលរួមទាំង ៤យ៉ាងនេះ មនុស្សគ្រប់គ្នាត្រូវតែស្វែងរក និងបំពេញឱ្យបាន បើចង់ទទួលបានអត្ថន័យពេញលេញចេញពីពាក្យថា សុភមង្គលពិតប្រាកដ ទៅថ្ងៃមុខ»។

ម្ចាស់ក្រុមហ៊ុនថ្នាំលាបពណ៌ធម្មជាតិ ដដែលរូបនេះសង្កត់ធ្ងន់ថា៖ «មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ»។ លោក បន្តថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះទូលំទូលាយ ​សម្រាប់​ដោះស្រាយរាល់គ្រប់​បញ្ហាប្រឈមក្នុងជីវិត និងប្រើចំណេះដឹងឱ្យបានទូលំទូលាយ ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

សហគ្រិន​ដែលបង្កើតរោចក្រផលិតថ្នាំលាបដំបូងគេនៅស្រុកខ្មែរ រូបនេះបន្ថែមថា៖ ពាក្យថា ចំណេះដឹង ​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ បន្ថេមពីនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយទៀត​ដែរ​សម្រាប់​សុភមង្គល របស់មនុស្សទូទៅគ្រប់គ្នា មិនអាចខ្វះបាន។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។

ដូច្នេះមនុស្សគ្រប់គ្នា ដាច់ខាតត្រូវតែ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺ​មនុស្ស​គ្រប់គ្នា​ត្រូវតែ​សន្សំ​ថវិកា និងបណ្ដុះនូវទម្លាប់សន្សំនេះឱ្យបាន ធ្វើយ៉ាងណា​ឱ្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង និងគ្រួសារមាន​ភាពរឹងមាំ​។ លោក សោម សម្បត្តិ បញ្ជាក់បន្ថែម៕