មកដឹងឥរិយាបថមនុស្សរីកចម្រើន និងមានគំនិតសហគ្រិនទាំង ៧យ៉ាងនេះ ឧកញ៉ា ផន វណ្ណិត បញ្ជាក់ប្រាប់ច្បាស់ៗ

ជុំវិញ​ឧកញ៉ា

“មនុស្សភាគច្រើននៅលើសកលលោកយើងនេះគឺមានបែបបទនិងមានភាពរីកចម្រើនលូតលាស់មិនដូចគ្នាទេ។ ឥរិយាបថ ជាផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការដើរ, ឈរ, អង្គុយ, ដេក ក៏សំខាន់បំផុតសម្រាប់មនុស្សដែលកំពុងចាប់ផ្តើមធ្វើជាម្ចាស់នៃវាសនារបស់ខ្លួនផងដែរ”។ បើតាម​​​ការ​លើក​ឡើងរបស់លោកឧកញ៉ា ផន វណ្ណិត អតីតសាស្រ្តាចារ្យ និងបច្ចុប្បន្នជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោម្នាក់។

លោកឧកញ៉ាថា បើនិយាយពីឥរិយាបថ គឺវាមានភាពទូលំទូលាយខ្លាំង ដូចជាឥរិយាបថថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង អ្នកលក់ អ្នកបើកបរ និងនិយាយជារួមឥរិយាបថ គឺសំដៅទៅលើផ្នត់គំនិតនៃរបៀបឆ្លើយតបទៅនឹងជីវិតនៃមនុស្សម្នាក់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

លោកឧកញ៉ាក៏បានលើកឡើងនៅសញ្ញា ៧ យ៉ាងបញ្ជាក់ពីឥរិយាបទមនុស្សរីកចម្រើន និងគំនិតសហគ្រិន ដូចខាងក្រោម៖

១.ស្គាល់ខ្លួនឯង មានគោលដៅច្បាស់លាស់៖ ភាពជោគជ័យ​ដែល​យើងស្រមៃ​ចង់បាន​នោះ បាន​រសាត់​បន្តិចម្តងៗរហូត​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត​ក៏មានដែរ ព្រោះតែយើង​មិនបាន​ស្វែងយល់​ពី​ខ្លួនឯង​ច្បាស់ និង​មិនមាន​គោលដៅ​ជីវិត​ពិតប្រាកដ។ បើយើងមិនស្គាល់ខ្លួនឯងឲ្យច្បាស់លាស់នោះទេ ជីវិតរបស់យើងមិនដឹងចង់បានអ្វីឲ្យពិតប្រាដកជោគជ័យនឹងមិនកើតមានបានឡើយ។

ស្គាល់​ខ្លួនឯង គឺ​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​ខ្លួនឯង ចំណុចខ្លាំង​និង​ចំណុច​ខ្សោ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ព្រមទាំងកំណត់​គោលដៅ​សម្រាប់​ជីវិត និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ឲ្យ​បាន​ច្បាស់។ 

២.ឧស្សាហ៍ព្យាយាម៖ គឺជាគុណភាពមួយដែលអាចអភិវឌ្ឍន៍បានប្រសិនបើយើងរៀនគ្រប់គ្រងពេលវេលានិងធនធានក្នុងការអនុវត្តភារកិច្ចនិងកាតព្វកិច្ចរបស់យើង។ លើសពីនេះទៀតវាគឺជាគុណធម៌គ្រឹះដែលជួយប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលច្រអូសរបស់យើងទៀតផង។

៣.ខិតខំស្វែងរកចំណេះដឹងថ្មីៗ៖ ការប្រមូលបានព័ត៌មានល្អៗជាក់លាក់ ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះផ្តត់គំនិតជោគជ័យបង្កើនចំណេះដឹងថ្មី។ ក្នុងន័យជាក់លាក់ចំណេះដឹងត្រូវបានកំណត់ជាសំណុំនៃសមត្ថភាពជំនាញ ដែលអាចបកស្រាយការពិតដោះស្រាយបញ្ហានិងដឹកនាំឥរិយាបថរបស់ខ្លួន។

ទោះយ៉ាងណាយើងដឹងគ្រប់គ្នាហើយថា ដំណើរការនៃការកសាងចំណេះដឹងគឺវាស្មុគស្មាញខ្លាំងណាស់ ដូច្នេះបានជាមានសាលារៀន វគ្គបណ្តុះបណ្តាលផ្សេងៗគ្នាដែលបានបង្កើតឡើងសម្រាប់ការបង្កើត ទ្រឹស្តីនៃចំណេះដឹង។ លោកឧកញ៉ាបន្ថែម។

៤.សេពគប់កល្យាណមិត្ត៖ មានច្រើនប្រភេទណាស់ក្នុងការសេពគប់មិត្ត ព្រោះមិត្តខ្លះក៏នាំយើងឲ្យបានជោគជ័យ ខណៈមិត្តមួយចំនួនក៏នាំឲ្យខាតបង់ប្រយោជន៍ផងដែរ។ មិត្ត​ដែលគួរ​ឲ្យ​សេពគប់ គឺមិត្ត​ចេះ​ថែទាំ​មិត្ត ទំនុកបម្រុង​មិត្ត ហ៊ាន​លះបង់​ជីវិត​ខ្លួន ដើម្បី​ការពារ​មិត្ត ប្រាប់​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ដល់​មិត្ត បង្ហាញ​នូវ​អំពើ​ល្អ និង​បង្ហាញផ្លូវ​ទៅកាន់​សេចក្តីសុខ និងមិត្ត​មិន​ត្រេកអរ​ចំពោះ​គ្រោះថ្នាក់​របស់​យើង ចេះ​ជួយ​អាសា​គ្នា។

លោកឧកញ៉ាបានអះអាងថា៖ “មិត្តភាពជួយឱ្យមានការចេះដឹង ការចេះដឹងជួយឱ្យមិត្តភាពរឹងមាំ”។

៥.ទំនេរគិតរឿងរកស៊ី បង្កើតមុខរបរ ការងារ៖ នៅពេលដែលយើងបណ្តុះផ្នត់គំនិតចង់ចេញរកស៊ី គឺយើងមើល​ឃើញ​ឧបសគ្គ និង​ការ​​រាថយ​របស់​​អ្នក​ចង់​រកស៊ី ឬ​​អ្នក​កំពុង​ជួប​បរាជ័យ​។ ម្យ៉ាងយើងក៏ឈ្វែងយល់បន្ថែមទៀតពី​​បុគ្គល​ល្បី​ៗ​កើត​ចេញ​ពី​ភាព​បរាជ័យ ហើយក្រោយមកក៏បាននាំភាពជោគជ័យត្រឡប់កមវិញ។ បើចង់កើត ត្រូវតែប្រឹង បើមិនប្រឹង គឺមិនកើត។

៦.តែងលើកទឹកចិត្តផ្តល់យោបល់ដល់អ្នកផ្សេង៖ មនុស្សក្នុងពិភពលោកតែងតែជួបប្រទះនូវការបាក់ទឹកចិត្តជាច្រើនលើកជាច្រើនសានៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចងើបចេញពីស្ថានការណ៍នោះបានដែរឬមួយក៏អត់ទេ។ បើអ្នកឃើញមនុស្សស្ថិតក្នុងស្ថានភាពបែបនេះ អ្នកគឺជាគ្រូពេទ្យចិត្តសាស្រ្តដ៏ចំណានម្នាក់ក្នុងការផ្តល់យោបល់លើកទឹកចិត្តអូសទាញផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវថ្មីហើយប្រាប់ពួកគេថា អ្នកជឿជាក់ថាអ្នកអាចធ្វើវាបាន។

៧.រីករាយពេលមនុស្សជុំវិញខ្លួនបានជោគជ័យ៖ ការដែលមានចិត្តរីករាយសាទរចំពោះមនុស្សនៅជុំវិញខ្លួនសម្រេចបំណងធំអ្វីមួយ គឺវាពិតជាជម្រុញលើកទឹកចិត្តខ្លាំងមែនទែនសម្រាប់ជីវិតរបស់យើង ខណៈការអបអរសាទរទាំងនេះក៏ជាកម្លាំងមិត្តភាពរបស់យើងចំពោះមនុស្សជុំវិញខ្លួនផងដែរ៕