នៅពេលថ្មីៗនេះ លោកឧកញ៉ា យ៉ន សេងហាន បានសម្រេចចិត្តសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងនៅទីជនបទខ្ពស់ត្រដែតផ្អើលភូមិកំណើត ដើម្បីជាកាដូចំពោះលោកអ្នកមានគុណទាំងទ្វេររបស់លោកដែលមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក នៅភូមិទីមួយ ឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ប៉ុន្តែស្រុកក្រូចឆ្មារត្រូវបានកាត់បំបែកជាមួយខេត្តត្បូងឃ្មុំ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សេងហាន ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍ថា៖ “តាមពិតទៅខ្ញុំចង់ធ្វើជូនគាត់តាំងពីឆ្នាំ២០១៥មកម្លេះ ប៉ុន្តែពួកគាត់មិនអោយធ្វើខ្លាចអស់លុយ ហើយក្រោយមកខ្ញុំបានលួងលោមគាត់ម្តងជាពីរដង បន្ទាប់មកគាត់ឯកភាពក៏សម្រេចថាសាងសង់ជូនគាត់ភ្លាម”។
ចំពោះតម្លៃនៃការសាងសង់ភូមិគ្រឹះរបស់អតីតកូនអ្នកខេត្តកំពង់ចាមរូបនេះ សម្រាប់លោកឪពុកអ្នកម្តាយដែលមានវ័យជាង ៨០ឆ្នាំប្លាយហើយនោះ គឺទាំងចាក់ដីដំរាប់ទីធ្លាផ្ទះ និងរបង គិតជាទឹកប្រាក់មានប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក។
“បើនិយាយពីរំភើប គឺមិនដឹងថាយកអ្វីមកថ្លែងស្មានឲ្យត្រូវនោះទេ ព្រោះជាអ្វីដែលយើងប៉ងយូរហើយ សូម្បីតែក្នុងឆ្នាំ២០១៥ នៅពេលដែលខ្ញុំមានលទ្ធភាពសាងសង់ផ្ទះជូន ប៉ុន្តែគាត់មិនអនុញ្ញាតិឲ្យធ្វើ ហើយពេលនោះគឺខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានទេ។ រហូតដល់ឆ្នាំ២០១៨ហ្នឹង ខ្ញុំក៏បញ្ឆោតគាត់ថា ធ្វើផ្ទះគឺអស់ត្រឹមតែពីរបីម៉ឺនទេ ដល់ពេលចាក់ដី និងធ្វើរបងអស់ពីរបីម៉ឺនបាត់”។ លោកឧកញ៉ាបន្ថែម។
ឧកញ៉ាញូស៍ បានជូនសំណួរទៅកាន់ឧកញ៉ា យ៉ន សេងហាន ថា ទៅថ្ងៃអនាគតតើលោកមានកាដូធំៗអ្វីខ្លះសម្រាប់ជូនដល់លោកអ្នកមានគុណ? លោកឆ្លើយតបមិនបង្អង់យូរដោយស្នាមញញឹមថា គោលបំណងទៅថ្ងៃខាងមុខ ខ្ញុំមានតែសូមឲ្យគាត់ (ឪពុក-ម្តាយ) មានសុខភាពល្អ និងនាំគាត់ដើរលេងឲ្យបានច្រើនប្រទេសបន្ថែមទៀត។
លោកថា នៅពេលបច្ចុប្បន្ននេះខ្ញុំកំពុងតែធ្វើចេតិយ៍ទុកសម្រាប់គាត់ បានប្រមាណ ៥០%ហើយ គាត់មានការសប្បាយចិត្តជាខ្លាំង។ លោកបញ្ជាក់ថា ការសាងសង់ចេតិយ៍នេះគឺមិនមានការប្រមាថដល់ជីវិតគាត់នោះទេ គ្រាន់យើងរៀបចំជូនពេលគាត់មើលឃើញដឹងលឺតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា មុនទទួលបានគោរមងារដ៏ឧដ្តុងឧត្តមជាឧកញ៉ា និងមុខជំនួញជោគជ័យជាច្រើនដូចសព្វថ្ងៃនេះ លោកឧកញ៉ា យ៉ន សេងហាន កើតក្នុងគ្រួសារកសិករ មានបងប្អូនចំនួន ៩នាក់ ខណៈលោកគឺជាកូនទី៥ រស់នៅភូមិទីមួយ ឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម តែក្រោយមករដ្ឋាភិបាលបានកាត់បំបែកចេញមកជាខេត្តត្បូងឃ្មុំថ្មី កាលពីកុមារភាពរបស់លោករស់នៅជាមួយឪពុកម្តាយក្រីក្រលំបាកសឹងតែរកអ្វីហូបគ្មាន ដោយពេលខ្លះលោកហូបក្តួចនិងពោតលាយជាមួយបាយផងក៏មាន ដែលទាំងនេះគឺជាបទពិសោធន៍ដ៏ជូរជត់របស់លោក៕
សូមចុចអានអត្ថបទទាក់ទងខាងក្រោម៖