ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតព្រះសង្ឃរៀនសូត្រជ្រៅជ្រះត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា “ព្រះរាជទានជាទីប្រឹក្សាផ្ទាល់”

ជុំវិញ​ឧកញ៉ា

ថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រិន វាគ្មិនបណ្តុះបណ្តាលភាពជោគជ័យ និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមឧកញ៉ា ផន វណ្ណិត ដែលត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សព្វព្រះរាជហឬទ័យតែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីប្រគល់ធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានការនិមន្តយាង និងអញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងមន្រ្តីរាជការ ក្រសួងពាក់ព័ន្ធ ក្នុងវត្តបទុមធម្មយុត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា មានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំដែលទើបទទួលងារជាទីប្រឹក្សាសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាលវិទ្យាល័យព្រះសីហមុនីរាជា នឹងបន្តចូលរួមផ្សព្វផ្សាយទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធដែលជាឃ្លាំងឱសថសម្រាប់ព្យាបាលជំងឺសង្គមទៅដល់យុវជនជំនាន់ក្រោយឲ្យដើរលើផ្លូវល្អ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងធម្មការ និងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្តមឧកញ៉ាបានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា តាមរយៈការផ្តល់ងារជាទីប្រឹក្សាគឺពិតជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដើម្បីធ្វើការ នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។

សូមជម្រាបជូន ឯកឧត្តមឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញវិស័យអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានចាប់កំណើតនៅខេត្តព្រៃវែង ដោយជីវភាពគ្រួសារលំបាករស់នៅជាអ្នកចំណាកស្រុកបាន​ឆ្លង​កាត់​ការ​លំបាក តស៊ូ​រៀន​សូត្ររហូត​បង្កើតមុខជំនួញ​គ្រោកៗក្នុង​ដៃ​ មិនតែប៉ុណ្ណោះលោកអាច​ដឹក​នាំនិងបណ្តុះបណ្តាល​មនុស្ស​រាប់​ពាន់នាក់ផងដែរ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតទីប្រឹក្សាក្រសួងធម្មការ និងសាសនា ហើយក៏ជាអតីតអ្នក​បួសក្នុងសាសនាព្រះពុទ្ធប្រមាណជាង ១៣ឆ្នាំ និងការសិក្សាចប់ថ្នាក់អនុបណ្ឌិតនៅប្រទេស​ឥណ្ឌា​។ ក្រោយមាតុភូមិនិវត្តមកកម្ពុជាវិញលោកបានចូលបង្រៀន​នៅ​សាលា Newton Thilay និងសាស្រ្តាចារ្យបង្រៀននៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ និង​បញ្ញាជាតិ និងជាគ្រូបណ្តុះបណ្តាលភាពជោគជ័យដល់សិស្សនិស្សិតរាប់ពាន់នាក់ផងដែរ។

ជីវិត​ជា​សាស្ត្រាចារ្យ បាន​ធ្វើ​ឱ្យអតីតអ្នកបួសរូបនេះ រៀន​សូត្រ​កាន់​តែ​ច្រើន​ឡើង និង​ស្វែង​យល់​ពី​សង្គម​កម្ពុជា​កាន់​តែ​ច្បាស់ ខណៈដែលលោកតែង​យក​បទ​ពិសោធន៍​ខ្លួន​ធ្លាប់​ជួប​ប្រទះ​មក​ចែក​រំលែក​ដល់​សិស្ស និស្សិត ព្រម​ទាំង​បង្រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ធ្វើ​ឱ្យ​សិស្ស​ទាំង​អស់​គោរព​ស្រលាញ់​លោក​យ៉ាង​ខ្លាំង។ លើស​ពី​នេះ លោក​តែង​ដឹក​នាំ​និស្សិត ចូល​រួម​ការងារ​សង្គម​​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ដឹកនាំគ្រប់ជាន់ថ្នាក់​ទទួល​ស្គាល់​គុណ​តម្លៃ​របស់​លោក។ 

ជាមួយនឹងបទពិសោធន៍ជោគជាំ និងចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាជាបញ្ញវន្តខ្មែររូបដែលនោះ ជាហេតុបណ្តាលឲ្យឯកឧត្តមឧកញ៉ាទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមប្រឹក្សាការអប់រំលើវិស័យព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គមនៅប្រទេសកម្ពុជា៕