ផ្តើមចេញពីការជួលកាសែតវីដេអូមួយកេះតូចដឹកនាំតាមកង់ ប្រែក្លាយជាម្ចាស់ក្រុមហ៊ុនទូរទស្សន៍ ហង្សមាស គ្រុបដ៍ធំឈានមុខគេប្រចាំស្រុកខ្មែរ

ជុំវិញ​ឧកញ៉ា

ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះពេញនិយម កម្មវិធីសម្បូរបែបគុណភាពកម្រិត HD ដែលផ្សាយក្របដណ្តប់ទូទាំងប្រទេស និងពិភពលោកកំពុងមានសន្ទុះយ៉ាងខ្លាំងជាមួយនឹងយុទ្ធសាស្ត្រប្រកួតប្រជែងដ៏ក្តៅគគុកជាមួយប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ជាង ១២ឆ្នាំមកនេះ ទូរទស្សន៍ហង្សមាស HDTV ចាប់យកចំណែកទីផ្សារប្រហែល ៧០% នៃឧស្សាហកម្មកម្សាន្តនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូរទស្សន៍ហង្សមាស HDTV ជាផ្នែកមួយនៃក្រុមហ៊ុន PHALITAKAM RAKSMEY HANG MEAS VIDEO GROUP ដែលជាក្រុមហ៊ុនកម្សាន្តឈានមុខគេនិងជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅកម្ពុជា ដែលផោ្តតជាសំខាន់ទៅលើការផលិតចម្រៀងខ្មែរតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនមួយនេះបានវិវត្តខ្លួនឥតឈប់ឈរទាំងការផលិតបទចម្រៀង ផលិតខារ៉ាអូខេ និងធ្លាប់បានផលិតនូវខ្សែភាពយន្តជាប្រភេទដុំមួយរឿងផងដែរដែលមានចំណងជើងថា “នេសាទក្រពើ”។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងភាពជោគជ័យដ៏អស្ចារ្យក្នុងពិភពជំនួញនៅស្រុកខ្មែរនាពេលបច្ចុប្បន្ន ក៏មិនអាចមើលរំលងបានឡើយនូវសហគ្រិន និងជាមគ្គុទេសន៍ក្នុងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនាំមកនូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ គ្មាននរណាក្រៅពីលោកឧកញ៉ា អ៊ឹង ឆៃងួន គឺជាម្ចាស់ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនហង្សមាសវីដេអូ ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដើម្បីផលិតវីដេអូ ចម្រៀង និងសិល្បៈក្នុងស្រុក។ នៅឆ្នាំ២០០១ លោក ឆៃងួន ជាប្រធានសមាគមសិល្បៈចម្រៀង និងភាពយន្ត ដែលជាសមាគមសម្រាប់ផលិតចម្រៀង និងខ្សែភាពយន្ត។

ផ្តើមចេញពីការជួលកាសែតវីដេអូមួយកេះតូចដឹកនាំតាមកង់ក្នុងអំឡុងទស្សរ៍ ៨០ ដោយមានការយកចិត្តទុកដាក់ អត់ធ្មត់ តស៊ូព្យាយាមទាំងយប់ទាំងថ្ងៃ ទីបំផុតនៅដើមឆ្នាំ១៩៩០ លោក អ៊ឹង ឆៃងួន បានបង្កើតក្រុមហ៊ុន ហង្សមាសវីដេអូ ជាក្រុមហ៊ុនដំបូងគេដោយបានទទួលសិទ្ធិចែកចាយផ្តាច់មុខនៅរឿងភាគមកពីទីក្រុងហុងកុង និងប្រទេសសឹង្ហបុរី។ ឈ្មោះ ហង្សមាស នៅជំនាន់នោះត្រូវបានគេទទួលស្គាល់នៅទូទាំងប្រទេសទៅលើគុណភាព ត្រជាក់ភ្នែក និងសម្លេងច្បាស់ល្អ។

នៅឆ្នាំ១៩៩៤ លោក ឆៃងួន បោះទុនវិនិយោគលើផលិតកម្ម រស្មីហង្សមាស ដំបូងគេបង្អស់ដែលផលិតបទចម្រៀងខារ៉ាអូខេខ្មែរជាច្រើនពាន់បទ ខណៈមកដល់ពេលបច្ចុប្បន្នមានអ្នកគាំទ្រ និងទស្សនាវីដេអូចម្រៀងរាប់លាននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ផលិតកម្ម រស្មីហង្សមាស ក៏មានតារាចម្រៀងដំបូងគេដែលមានកំពូលតារាចម្រៀងចុះកុងត្រាប្រចាំផលិតកម្ម។

នៅឆ្នាំ២០០៩ លោក ឆៃងួន ក៏បានសម្រេចចិត្តបង្កើតស្ថានីយវិទ្យុហង្សមាស FM (១០៤.៥ មេកាហឺត) ដែលធ្វើការផ្សាយចម្រៀងដែលផលិតផ្តាច់មុខ ដោយក្រុមហ៊ុនដើមរបស់ខ្លួន។ ជំហានបន្ទាប់ លោកក៏សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយវិទ្យុរស្មីហង្សមាស FM (៩៥.៧ មេកាហឺត) ដើម្បីតម្រូវចិត្តអតិថិជនដែលនិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស។ 

ការវិវត្តឥតឈប់ផលិតកម្មដែលមានអាយុកាលវែងជាងគេរបស់លោកឧកញ៉ា អ៊ឹង ឆៃងួន នៅតែបន្តវិនិយោគទៅលើស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV នៅក្នុងឆ្នាំ២០១២ ដែលផ្តោតការផ្សាយជាចម្បងទៅលើការកម្សាន្ត ខណៈកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍នេះ គឺមានប្រជាប្រិយបំផុត ក្នុងចំណោមអ្នកទស្សនា។ ដោយទទួលបានការគាំទ្រខ្លាំងត្រឹមរយៈពេលដ៏ខ្លី ក្រុមហ៊ុន ហង្សមាស បន្តបើកស្ថានីយ៍ថ្មីមួយទៀត គឺប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ក្នុងឆ្នាំ២០១៤។

អគារទំនើបដ៏ធំមានកំពស់៩ជាន់ រួមមានស្ទូឌីយោភ្លោះ សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និងលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់ ព្រែកឯង រាជធានីភ្នំពេញ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការនៅថ្ងៃទី ខែ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ថានីយ៍ទូរទស្សន៍ដែលផ្តើមចេញពីអាជីវកម្មជួលកាសែតវីដេអូតូចៗនៅទស្សវត្សរ៍ ៨០ លោកឧកញ៉ា អ៊ឹង ឆៃងួន ត្រូវបានចាត់ថា ជាស្ថានីយ៍ដំបូងគេដែលហ៊ានចំណាយទុនទិញសិទ្ធិកម្មវិធីល្បីលំដាប់ពិភពលោកមកផលិតដូចជា៖ The Voice Cambodia, Cambodian Idol, X Factor Cambodia, Cambodia’s Got Talent, The Voice Kids Cambodia, Cambodian Idol Junior, Killer Karaoke Cambodia, The Mask Singer Cambodia, I am A Singer Cambodia ព្រមទាំងការប្រគំតន្ត្រីទេសចរណ៍ធំ ៗ សម្រាប់ក្រុមហ៊ុនល្បីៗនៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន ហង្សមាស ក៏បានចាប់ផ្តើមបង្កើតនូវការផលិតទៅលើភាពយន្តជាប្រភេទរឿងភាគបន្ថែមទៀតផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនៃក្រុមហ៊ុនមួយនេះកាន់តែមានភាពល្បីល្បាញទ្វេដង។

នៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់ឧកញ៉ា អ៊ឹង ឆៃងួន បានចាប់ដៃសហការគ្នាជាលើកដំបូង ក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា សម្ព័ន្ធទូរទស្សន៍កម្ពុជាគ្រុប ខូ អិល ធី ឌី ជាមួយក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន២ រួមមាន៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្រុមហ៊ុន បាយ័ន គ្រុប របស់លោកជំទាវហ៊ុន ម៉ាណា។

គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហង្សមាសគ្រុប គ្រប់គ្រងទៅលើ ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ប៉ុស្តិ៍វិទ្យុហង្សមាស និងរស្មីហង្សមាស ផលិតកម្មភាពយន្តរស្មីហង្សមាស ផលិតកម្ម Phleng Records និងផលិតកម្ម WE៕