ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែមានភាពរីកចម្រើនខ្លាំង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនិងគម្រោងថ្មីៗជាច្រើន រីកដុះដាលនៅគ្រប់ជ្រុងទូទាំងប្រទេស ។ ការរីកចម្រើននៅក្នុងវិស័យនេះទៀតសោត បានបង្កើតឱ្យមានចំនួននៃភ្នាក់ងារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាយើងកាន់តែកើនឡើងផងដែរ ដែលបង្ករឱ្យមានការប្រកួតប្រជែងខ្ពស់ ។
ទាក់ទងជាមួយចំណុចនេះ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានធ្វើការចែករំលែកអំពីបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តបាន ដើម្បីក្លាយជាភ្នាក់ងារអចលទ្រព្យដ៏ជោគជ័យមួយរូប ។
ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កក្តាទី១ ត្រូវស្គាល់ឱ្យបានច្បាស់ចំពោះម្ចាស់អចលនទ្រព្យ
នៅក្នុងន័យនេះ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ចង់បង្ហាញថា ប្រសិនបើអ្នកជាចង់វិនិយោគលើវិស័យដីធ្លី ឬសំណង់អាគារផ្សេងៗ រឿងដែលចាំបាច់បំផុត គឺត្រូវតែស្គាល់ម្ចាស់អចលនទ្រព្យទាំងនោះ បានឱ្យបានច្បាស់ជាមុនសិន និងអាចទាក់ទងទៅពួកគាត់ដោយផ្ទាល់បាន ដូច្នេះវាមានន័យថាអ្នកអាចជោគជ័យ ៥០ % ហើយ ។
កត្តាទី ២ ត្រូវស្គាល់អ្នកទិញឱ្យបានច្បាស់
ក្នុងចំណុចនេះក៏សំខាន់ដែរ ក្រៅពីស្គាល់អ្នកលក់ច្បាស់លាស់ហើយ ម្ចាស់ក្រុមហ៊ុន Khmer Real Estate រូបនេះ បានសង្កត់ធ្ងន់ទៀតថា៖ ” បើសិនចង់ជោគជ័យថែមមួយកម្រិតទៀតអ្នកគឺត្រូវចាំបាច់ស្គាល់អ្នកទិញឲ្យបានច្បាស់លាស់ដូចគ្នា ។ ព្រោះក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានដើរតួធ្វើជាអ្នកទិញ ទាំងអ្នកមិនទិញផង ទាំងបងប្អូនសាច់ញាតិអ្នកទិញផង ទាំងភ្នាក់ងារអចលនទ្រព្យខ្លះបានដើរតួធ្វើជាអ្នកទិញផង ដែលធ្វើឲ្យការលក់ដូរទាំងនោះមានភាពលំបាក ។ អ៊ីចឹងបុគ្គល ឬភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យគឺត្រូវស្គាល់អ្នកទិញឲ្យបានច្បាស់ ហើយអាចទាក់ទងទៅកាន់ពួកគាត់ដោយផ្ទាល់បាន ” ។
កក្តាទី ៣ ត្រូវស្គាល់តម្លៃនៃអចលនទ្រព្យ
ដូច្នេះ ការដែលស្គាល់អ្នកលក់ ស្គាល់អ្នកទិញ គឺជាមួយផ្នែកធំនៃភាពជោគជ័យហើយ ប៉ុន្តែចំណុចដែលសំខាន់មួយផ្សេងទៀតគឺត្រូវស្គាល់តម្លៃនៃអចលនទ្រព្យឲ្យបានច្បាស់ដូចគ្នា ។
ជាក់ស្តែងលោក គឺម ហ៊ាង សង្កត់ធ្ងន់ថា ៖ ” ដី សំណង់ អាគារ ខុនដូ សណ្ឋាគារ តើរបស់ដែលអ្នកលក់ហ្នឹងមានតម្លៃប៉ុន្មាន ដោយតម្លៃដែលគាត់លក់ហ្នឹងពិតជាតម្លៃទីផ្សារ ក្រោមទីផ្សារ ឬនៅលើទីផ្សារ ហើយសម្រាប់អ្នកដែលទិញ តើគាត់ចង់បានតម្លៃបែបណា ” ។
ដូច្នេះក្នុងនាមជាភ្នាក់ងារអចលន្យទ្រព្យជោគជ័យ គឺត្រូវចាំបាច់ឆ្អិនទៅលើវិស័យហ្នឹង ដោយស្គាល់អ្នកលក់ច្បាស់ ស្គាល់អ្នកទិញច្បាស់ និងស្គាល់តម្លៃទីផ្សារ ហើយក្តាប់ចំណុចសំខាន់ទាំង ៣ នេះឱ្យបាន ៕