អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកឱ្យដឹងមុននេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ដោយសារស្ថានភាពជំងឺរាតត្បាតនេះ មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ កំពុងតែប្រឈមនឹងអស្ថិរភាពហិរញ្ញវត្ថុដែលជះឥទ្ធិពលដល់ដំណើរការទាំងមូលរបស់មន្ទីរពេទ្យ។
ហ្វេសប៊ុក របស់អ្នកឧកញ៉ាដដែល បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំ និងភរិយាខ្ញុំ ក៏ដូចជាក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនវីង នឹងចូលរួមក្នុងការផ្តួចផ្តើម និងបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យ»។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការផ្ដួចផ្ដើមគំនិតធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា និងចំស្ថានភាពមន្ទីរពេទ្យកំពុងដង្ហើយហៅ រកជំនួយសប្បុរសធម៌ ជួយជីវិតកុមារក្នុងប្រទេសកម្ពុជានេះ គឺផ្ដើមចេញពីបេះដូង ហើយជាជំហានឆ្ពោះទៅមុខ រួមមានដូចជាការផ្ដល់ការគិតគូរដល់អ្នកដទៃ ក៏ដូចជាការផ្តល់ជំនួយ ទោះធំឬតូចក្តី។
អគ្គនាយកក្រុមហ៊ុន Royal Groups អ្នកឧកញ៉ា គិត ម៉េង បន្ថែមទៀតថា៖ «ខ្ញុំផ្តល់ជំនួយនៅពេលណាដែលខ្ញុំអាចធ្វើបាន នៅកន្លែងណាដែលខ្ញុំអាចធ្វើបាន។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ មន្ទីរពេទ្យកុមារអង្គរបានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី៨ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យក្នុងការបន្តផ្តល់ការព្យាបាលកុមារបន្ថែមទៀត»។
កន្លងមក ដោយសារតែបញ្ហាកង្វះខាតថវិកាក្នុងការចំណាយប្រចាំថ្ងៃ និងប្រចាំខែ មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប នាពេលកន្លងទៅ ក៏បានប្រឹងប្រែងធ្វើយុទ្ធនាការសប្បុរសជនធម៌ ដោយអំពាវនាវដល់សប្បុរជនទាំងឡាយ អាចបរិច្ចាគត្រឹមតែ ១ដុល្លារ ឬច្រើនជាងនេះ ក្នុងមួយខែជារៀងរាល់ខែ នោះមន្ទីរពេទ្យនឹង អាចបន្ត សកម្មភាពយូរអង្វែង ដើម្បីបន្តជួយសង្គ្រោះជីវិត និងថែទាំសុខភាពកុមារកម្ពុជាឲ្យបានល្អប្រសើរ។
បើតាមការឱ្យដឹងពីមន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំ មន្ទីពេទ្យនេះ ត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ៦.៣លានដុល្លារអាមេរិក ដែលទទួលបានពីការរៃអង្គាស់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែដោយសារឆ្នាំនេះ មានករណីផ្ទុះជំងឺកូវីដ១៩ បានធ្វើឱ្យមន្ទីពេទ្យរៃអង្គាសថវិកាមិនគ្រប់ចំនួន សម្រាប់ចំណាយក្នុងឆ្នាំ២០២១ ដែលកំពុងតែជះឥទ្ធិពលដល់ចំណាយលើប្រតិបត្តិការព្យាបាលរបស់មន្ទីពេទ្យកុមការនេះ យ៉ាងយ៉ាប់យឺន៕