តើមហាសេដ្ឋីលំដាប់កំពូល ពុង ឃាវសែ គ្រប់គ្រងអាណាចក្រជំនួញប្រាក់លានប៉ុន្មាននៅក្នុងដៃ?

ជុំវិញ​ឧកញ៉ា

នៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ឧកញ៉ា ពុង ឃាវ​សែ ហាក់​បី​ដូចជា​មិន​មានការស្រុត​ចុះសោះឡើយ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​ល្បី​ល្បាញរន្ទឺ​ឡើងៗ តាមរយៈការអភិវឌ្ឍន៍​គម្រោង​វិនិយោគតម្លៃវ៉ាល់លានដុល្លារ​អាមេរិកជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និងបណ្តាល​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រឧកញ៉ាញូស៍ បានជួបពិភាក្សាជាមួយពាណិជ្ជករខ្មែរ និងបរទេសជាច្រើននាក់នាពេលកន្លងទៅ ដោយពួកគាត់បានលើកឡើងដូចៗគ្នាថា អ្នកឧកញ៉ា ពុង ឃាវសែ គឺជាពាណិជ្ជករខ្មែរដ៏គំរូម្នាក់ ដែល​មាន​ឥទ្ធិពល​រឹង​មាំ​បំផុត​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍មកហើយ ជាមួយនឹងភាព​​លេច​​ធ្លោ​​ជាង​​គេ​​ក្នុងចំណោម​ពាណិជ្ជករគ្រាក់ៗក្នុង​ពិភព​ជំនួញ​នៅប្រទេស​កម្ពុជា។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា, ធនាគារប្រៃសណីយ៍កម្ពុជា, ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC, និងជាអ្នកដឹកនាំធុរកិច្ចគួរឱ្យគោរពនៅប្រទេសកម្ពុជានិងប្រទេសកាណាដា។ លោកធ្លាប់បម្រើការជាប្រធានក្រុមប្រឹក្សាភិបាល, ប្រធាន, នាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយចំនួន ដូចជា៖ក្រុមហ៊ុនផ្គត់ផ្គង់នាវា និង Oriental Commercial Inc ជាដើម។ 

តើអ្នកឧកញ៉ា ពុង ឃាវសែ មានប្រវត្តិយ៉ាងណា? កំពុងក្តោបក្តាប់ជំនួញប្រាក់លានប៉ុន្មាននៅក្នុងដៃ? សូមតាមដានជាមួយឧកញ៉ាញូស៍ ដូចតទៅ៖

ជីវិតរស់នៅក្នុងរបបខ្មៅងងឹតស្រអាប់ស្ទើរតែរកពន្លឺគ្មាននៃផ្សែងសង្គ្រាមខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ លោក ពុង ឃាវសែ មានជីវិតហាក់មិនខុសពីប្រជាពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀតឡើយ ខណៈដែលមានការប្រហារជីវិតធ្វើទារុណកម្មដោយការបង្អត់បាយ ជាពិសេសបង្ខំអោយធ្វើការងារខ្លាំងហួសកម្លាំងព្រមទាំងមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគទៀតផង។

ជីវិតមានតម្លៃថ្លៃ និងមានសំណាងខ្ពស់ លោក ពុង ឃាវសែ ក៏បានរួចផុតពីរបបក្រហមខ្មែរ ដោយ​បានទៅរស់នៅជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ។ ក្នុង​ឆ្នាំ​ ​១៩៨០ លោកបានចាកចេញពីជំរំ​​ទៅកាន់ប្រទេស​កាណាដា​ ក្រោមជំនួយ​ពី​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ប្រទេស​នេះ។ ទៅដល់ប្រទេសកាណាដា លោក​ទទួល​បានការ​ងារ​ជា​បុគ្គលិក​ផ្នែក​លក់​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ប៉ុន្តែលោកធ្វើបានត្រឹមតែរយៈពេល ៨ខែប៉ុណ្ណោះ ដោយសារតែអាជីវកម្មជួបបញ្ហាហិរញ្ញវត្ថុ លោកក៏អត់ការងារធ្វើវិញ។

ជីវិតធ្លាប់ស្គាល់ភាពលំបាកស្ទើរអស់ជីវិតក្នុងភ្លើងសង្គ្រាម បានបង្រៀនលោកឲ្យចេះតស៊ូននាលមិនចុះចាញ់រាល់ឧបសគ្គរាប់ម៉ឺនជំពូក បន្តជំរុញលើកទឹកចិត្តលោក​សម្រេចចិត្ត​យក​ប្រាក់សន្សំ​ទាំងអស់​ដែល​ទទួល​បាន​ពី​ការងារដំបូងទៅ​ចាប់ផ្តើម​អាជីពថ្មី គឺ​ជាងមាស​តូចតាច​មួយ​រូប​ ​ដោយ​ចាប់ផ្តើម​ឡើងជា​មួយ​នឹង​តូប​ទំហំ​ ​២,៥​ ​ម៉ែត្រការ៉េ​មួយ​កន្លែង​ ​ដែល​ស្ថិត​ក្នុង​ហាង​លក់​គ្រឿងទេស​មួយ​នៅ​សង្កាត់​ទីក្រុង​ចិន ​នៃ​ទីក្រុង​ម៉ុង​រ៉េ​អាល់​។​ នេះបើតាមអ្នកឧកញ៉ាបានប្រាប់សារព័ត៌មាន Khmertime ពេលកន្លងមក។

លោកបានថ្លែងថា ក្នុងរយៈពេល​តែ​ ​៦​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​អាជីវកម្ម​របស់​លោក​បាន​រីក​ដុះដាល​ ​ហើយ​បាន​ផ្លាស់​​ប្តូរ​ទីតាំង​ដោយ​ជោគជ័យ​ទៅកាន់​ហាង​មួយ​ដែល​មាន​ទំហំ​ជាង​តូប​ចាស់​របស់​លោក​ ​៤​ ​ដង​។​ ​លោក​មិនបាន​ដឹង​ទាល់តែសោះ​ថា​ ​នេះ​គឺជា​ជោគជ័យ​ដំបូង​ក្នុងចំណោម​ជោគជ័យ​ជាច្រើន​ទៀត​ដែល​លោក​នឹង​សម្រេច​បាន​។​

បន្ទាប់ពីទទួលបាននូវភាពជោគជ័យលើមុខរបបដំបូងក្នុងជីវិត ​នៅ​ឆ្នាំ​ ​១៩៨៨ លោកបាន​បោះជំហាន​ចូល​ទៅកាន់​វិស័យ​ផ្ទេរ​ប្រាក់ ខណៈដែលលោក​មិនសូវ​មានការ​​យល់ដឹង​ពី​វា​ទាល់តែសោះ​ ប៉ុន្តែលោកបានសំឡឹងមើលឃើញឪកាសវិនិយោគ នៅពេលដែល​ប្រជាជន​កម្ពុជា​ឯនាយ​សមុទ្រ​ចាប់ផ្តើម​ផ្ញើ​ប្រាក់​ទៅ​បងប្អូន​ឪពុក​ម្តាយ​ដែល​នៅ​ប្រទេស​កម្ពុជា​។​ នៅពេល​ចាប់ផ្តើម​ដំបូងលោកមាន​ប្រាក់​ផ្ញើ​ត្រឹមតែ​ ​១០​ ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​ ​ពីរ​ឆ្នាំក្រោយ​មក​ ​(​១៩៩០​)​ ​មូលនិធិ​ផ្ទេរ​ប្រាក់​បាន​កើនឡើង​ដល់​ជាង​ ​២​ ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

អាជីវកម្មចេះតែរីកចម្រើនឡើងៗឥតឈប់ឈរនៅប្រទេសកាណាដា ជាហេតុជំរុញចិត្តលោក ពុង ឃាវសែ មានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសខ្លួន។ ក្នុងឆ្នាំ១៩៩១ លោកបាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគដែល​មាន​សក្តា​នុ​ពល​ ដោយលោកបានស្វះស្វែង​ធ្វើការ​វិនិយោគ​ជាមួយសហគ្រិនខ្មែរនិងបរទេស។ ស្របជាមួយគ្នានោះ លោកត្រូវ​បាន​ផ្តល់​អា​ជ្ញាប័​ណ​ឲ្យ​បើក​ដំណើរការ​ក្រុមហ៊ុន​ ​Canadia​ ​Gold​ ​&​ ​Trust​ ​​ជា​ការ​បណ្តាក់​ទុនបង្កើត​រួមគ្នា​ជាមួយ​ ​នឹង​ធនាគារជាតិ​នៃកម្ពុជា ដើម្បីផ្តល់សេវា​ធ្វើ​មាស​ ​ចេញ​កាក់​មាស​ ​និង​បម្រើសេវា​កម្ម​ធនាគារ​។

តាមរយៈសកម្មភាពវិនិយោគដ៏មហិមារលើក្រុមហ៊ុន Canadia Good & Trust ​​ពេលនោះ​មក​ហើយ​ ​ដែល​អ្នកឧកញ៉ា​​ ​ពុង​ ​ឃា​វ​សែ​ ​បាន​ចាប់ផ្តើម​កសាង​កេរ្តិ៍ឈ្មោះ​ល្បាញល្បីរហូត​បាន​មកដល់​សព្វថ្ងៃ​បង្កើតអាណាចក្រជំនួញវ៉ាល់លានជាច្រើននៅក្នុងដៃ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ពុង ឃាវសែ បាន​វិនិយោគ​ស្ទើរ​តែ​គ្រប់​វិស័យនៅ​កម្ពុជា អ្វី​ដែលមានភាព​លេច​ធ្លោ​ជាង​គេ​ គឺ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង សំណង់​​អចលន​ទ្រព្យ។ លើសពីនេះលោក​ក៏​វិនិយោគទៅលើក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Cambodia-​Vietnam Insurance Plc.។ មិនតែប៉ុណ្ណោះ លោកបានបន្ត​វិនិយោគ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​ក្រោបដណ្តាប់​ទៅដោយរោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ​ផ្សារ ឃ្លាំង​ស្តុក​ទំនិញ ជាច្រើនផ្សេងទៀត។

សកម្មភាពក្នុងការវិនិយោគដ៏​ល្បី​ល្បាញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នក​ឧកញ៉ាតាមរយៈ​ក្រុមហ៊ុន​ ​OCIC​ ​បាន​សាងសង់​ស្ពាន​ព្រះមុនីវង្ស​ ​ស្ពាន​អាកាស​ ​​ផ្លូវថ្នល់ នឹងទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​រួមមាន៖

ទី១ ទីក្រុង​រណប​កោះពេជ្រ៖ ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​រាជ​ធានី​ភ្នំពេញ ជា​ទីកន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ដូចជា អគារ​ស្នាក់​នៅ​រួម ខុនដូ ផ្សារ​ទំនើប សណ្ឋាគារ ដែល​ភាគ​ច្រើន​វិនិយោគ​ដោយពាណិជ្ជករជនជាតិ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ទី២ ទីក្រុង​រណប​ជ្រោយ​ចង្វារ៖ ដែលគ្រប់គ្នាស្គាល់ថា ទីក្រុង​នៃ​អនាគត ​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា OCIC ក្រោម​ទុន​ប្រមាណ ១៦០០​លាន​ដុល្លារ​អាមេរិក​ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មាន​ការ​សាង​សង់​អគារ​ពាណិជ្ជកម្ម​ធំៗ ផ្សារ​ទំនើប លំនៅ​ដ្ឋាន​ប្រណីតៗ អគារ​ស្នាក់​នៅ​រួម និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។

​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​មិនបាន​ឈប់​នៅ​ទីនោះ​ទេ​ ដោយបាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិកបន្ថែមទៀត ទៅ​លើ​គម្រោង​បុរី​លំនៅ​ដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើនដូចជា៖ មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ​ ​ភូមិ​វប្បធម៌​កម្ពុជា​ ​សណ្ឋាគារ​ឯករាជ្យ​ក្រុង​ព្រះសីហនុ​​ បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វរជន អូឡាំព្យាស៊ីធី នៅ​ជុំវិញ​ស្តាត​អូឡាំពិក សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូរិយា សុវណ្ណា អគារខុនដូរ… និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្ត​ព្រះសីហនុ ។ល។។

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានដឹងជ្រាបច្បាស់អំពីគម្រោងអភិវឌ្ឍន៍​សាងសង់​ព្រលាន​យន្តហោះ​​អន្តរជាតិភ្នំពេញថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ស្រុក​កណ្ដាល​ ស្ទឹង និង​ខេត្ត​តាកែវ​ត្រូវ​បានវិនិយោគទឹកប្រាក់វ៉ាល់លានដុល្លាររបស់អ្នក​ឧកញ៉ា ពុង ឃាវសែ​ អគ្គនាយក​​ក្រុមហ៊ុន OCIC។

គម្រោងធំមហិមារនេះត្រូវបានអ្នកឧកញ៉ា ចាត់ថាជា “​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​”​ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ផ្តល់​សិទ្ធិ​សាងសង់​និង​ប្រតិបត្តិ​ការ​នៃ​គម្រោង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ គ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

បន្ថែមពីនេះ គម្រោងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគិនក្នុងស្រុក និងបរទេសនោះ គឺគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដែលអភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះ នឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណះ តំបន់សំណង់លំនៅដ្ឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាល ជាដើម៕