បរិស័ទខ្មែររាប់ម៉ឺននាក់បានសាងផ្នួសបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ខណៈប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធមានរហូតទៅ ៩៥% ។ ការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ សម្រាប់សីលធម៌សង្គម និងជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ ពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានព្រះសង្ឃរាប់ពាន់អង្គបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតក្នុងមួយឆ្នាំៗ ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងអភិវឌ្ឍនផ្នែកបញ្ញាស្មារតីទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។
ទន្ទឹមនឹងនោះ មានព្រះសង្ឃរាប់រយអង្គបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ជ្រៅជ្រះផ្នែកពុទ្ធសាសនានៅប្រទេសអភិវឌ្ឍន៍មួយចំនួនលើពិភពលោក និងក្នុងតំបន់ ដូចជា៖ សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន ចិន ម៉ាឡេស៊ី មីយ៉ានម៉ា និងថៃជាដើម។
ក្រោយបញ្ចប់ការសិក្សានៅបរទេសបញ្ញវន្តសង្ឃព្រះពុទ្ធសាសនាខ្មែរជាច្រើនអង្គបានត្រឡប់មកមាតុភូមិវិញ ដើម្បីដឹកនាំ អប់រំពុទ្ធបរិស័ទឲ្យប្រព្រឹត្តនូវអំពើល្អ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់ពីមាគ៌ានាំទៅរកសេចក្តីសុខផ្លូវចិត្ត ហើយព្រះសង្ឃក៏បានដឹកនាំកសាងសមិទ្ធិផលនានាក្នុងសង្គម ដូចជាធ្វើកិច្ចការមនុស្សធម៌ វត្តអារាម និងសមិទ្ធិផលនានាជាច្រើនទៀតផងដែរ។
ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តឲ្យស្គាល់ព្រះសង្ឃពុទ្ធសាសនាខ្មែរ និងអតីតព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះក្នុងផ្នែកព្រះពុទ្ធសាសនា ឬអាចនិយាយបានថា “បញ្ញវន្តខ្មែរផ្នែកខាងព្រះពុទ្ធសាសនា” ដែលបាននឹងកំពុងដឹកនាំស្ថាប័នព្រះពុទ្ធសាសនាជា ស្ថាប័នរដ្ឋ សាលារៀន សមាគម និងកាន់កាប់មុខជំនួញប្រាក់លានជាច្រើននៅក្នុងដៃ ក្រោយសិក្ខមកជាគ្រហស្ថវិញ។
១.ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម
ព្រះអង្គគ្រូមានព្រះឋានៈជា ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្ត រាជបូណ៌ ក្នុងខេត្តសៀមរាប។ ព្រះតេជព្រះគុណ គឺជាបព្វជិតមួយរូប ដែលប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លា ដែលបានបង្កើតឱ្យមានកម្មវិធីសិក្សា សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ យុវជនយុវតី ព្រមទាំងបានកសាងសាលា ពុទ្ធិកសិក្សា និងបានជំរុញឱ្យសមណសិស្ស សិក្សាបានដល់ ពុទ្ធិកវិទ្យាល័យ ។
ព្រះអង្គកំពុងមានគម្រោងដឹកនាំប្រជាពុទ្ធបរិស័ទ បង្កើតឱ្យមានពុទ្ធិកសាកលវិទ្យាល័យ លើទឹកដីសៀមរាបអង្គរ ដើម្បីប្រមូលធនធានមនុស្សសំរាប់ ជួយអភិវឌ្ឍន៍សង្គមជាតិ និងផ្សព្វផ្សាយព្រះពុទ្ធសាសនាតទៅអនាគត ។
២.ធម្មបណ្ឌិត ហេង មុណីចិន្តា
លោកធម្មបណ្ឌិត ជានាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ នៅស្រុកសង្កែ ខេត្តបាត់ដំបង និងបញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាដ៏កម្រមួយរូប ហើយធម្មបណ្ឌិតបាននិពន្ធ និងចងក្រងសៀវភៅ ឯកសារ និងបកប្រែគម្ពីរព្រះពុទ្ធសាសនាជាច្រើនប្រភេទសម្រាប់ដំកល់ក្នុងសង្គមជាតិ ព្រមទាំងព្រះពុទ្ធសាសនាដើម្បីអប់រំណែនាំជាមាគ៌ាឆ្ពោះរកសុខសន្តិភាពក្នុងសតវត្សរ៍ទី២១នេះ។
៣.ព្រះសុមេធវង្សបណ្ឌិត ញ៉ែម គឹមតេង
ព្រះអង្គ គឺជាបណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនានៃសាកលវិទ្យាល័យញូដែល្លី ប្រទេសឥណ្ឌា និងជាអតីតប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ព្រះអង្គត្រូវបានចាត់ថា អ្នកប្រាជ្ញខ្មែរដែលបានរៀនសូត្របានច្រើនខាងព្រះពុទ្ធសាសនា ទាំងក្នុងស្រុក និងក្រៅស្រុក និងយល់យ៉ាងច្បាស់នូវធម៌វិន័យនេះ ព្រមទាំងសីលធម៌សង្គម។
គួររម្លឹកជូនថា ព្រះអង្គ ញ៉ែម គឹមតេង កន្លងមកបានលះបង់កម្លាំងចិត្តក្នុងការរៀបរៀងនិងចងក្រងសៀវភៅព្រះពុទ្ធសាសនាជាច្រើនដើម្បីទុកជាចំណេះដឹង និងជាពន្លឺក្នុងការសិក្សាស្រាវជ្រាវពុទ្ធឪវាទទ្រឹស្តីព្រះសម្ពុទ្ធជាម្ចាស់។ ហើយព្រះអង្គត្រូវបានគេស្គាល់ថាជាសិស្សចំណិតរបស់សម្តេចព្រះមហាឃោសន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃដែលបានធម្មយាត្រាស្វែងរកសុខសន្តិភាពពេញពិភពលោក។
៤.សម្តេចព្រះមហាអរិវង្ស បណ្ឌិត ឃី សុវណ្ណរតនា
ព្រះអង្គត្រូវបានចាត់ថាជាបញ្ញវន្តខ្មែរមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រ កាន់តែពិសេសទៀតនោះ ព្រះអង្គមានសមត្ថភាពនិយាយបានចំនួន ១០ភាសា គឺភាសាអង់គ្លេស បារាំង ថៃ វៀតណាម ចិន ឡាវ ភូមា បាលី សំស្រ្កឹត និងភាសាស្រីលង្កា។
ព្រះអង្គ ឃី សុវណ្ណរតនា បានបញ្ចប់ថ្នាក់បណ្ឌិតទស្សនៈវិជ្ជា នៃសាកលវិទ្យាល័យញូដេលី ប្រទេសឥណ្ឌា និងចប់ថ្នាក់បិរញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យកណ្យាណី ប្រទេសស្រីលង្កាផ្នែកទស្សនវិជ្ជាពុទ្ធសាសនា នឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ជាមួយគ្នានេះ ព្រះអង្គបានបញ្ចប់វគ្គវិក្រឹត្តិការមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល។
បច្ចុប្បន្នព្រះអង្គមានតួនាទីជាអគ្គលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសកលវិទ្យាធិការរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ។
៥.ឯកឧត្តមឧកញ៉ា ផន វណ្ណិត
លោកជាអ្នកវិនិយោគ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ព្រមទាំងជាអ្នកជំនួញវិស័យអចលនទ្រព្យដ៏ជោគជ័យ និងល្បីឈ្មោះមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ លោកត្រូវបានគេស្គាល់គ្រាប់ថា ជាអតីតអ្នកបួសរៀនសូត្របានជ្រៅជ្រះនៅក្រៅប្រទេសផ្នែកខាងព្រះពុទ្ធសាសនា។ បច្ចុប្បន្នឯកឧត្តមឧកញ៉ា បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់នូវទស្សនទានព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជន យុវនារីរាប់ពាន់នាក់នាពេលកន្លងមក ដើម្បីប្រែក្លាយឲ្យជាបញ្ញវន្តឆ្នើមក្នុងទស្សវត្សរ៍ទី២១នេះ។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីប្រទេសឥណ្ឌា ផ្នែកទស្សនៈវិជ្ជាព្រះពុទ្ធសាសនា និងហើយកំពុងបន្តថ្នាក់បណ្ឌិតផងដែរ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី៣០ ខែកក្កដាកន្លង ឯកឧត្តមឧកញ៉ា ផន វណ្ណិត ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ តែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។ ខណៈដែលពេលកន្លងទៅ លោកជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា។
៦.ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត
សម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាប្រទេសខ្មែរទាំងមូល មានមោទនៈភាព ដោយហេតុថា សម្រាប់ព្រះពុទ្ធសាសនានិកាយថេរវាទ ព្រះអង្គបណ្ឌិត យ៉ន សេងយៀត គឺជាព្រះសង្ឃខ្មែរទី ១ ដែលសាកលវិទ្យាល័យ Harvard ផ្តល់អាហារូបករណ៍ សិក្សា និង បានបញ្ចប់កម្រិតថ្នាក់ក្រោយបណ្ឌិត ឬ Post Doctoral Research Fellowship លើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចាប់តាំងពីសាកលវិទ្យាល័យនោះបានបង្កើតក្នុងឆ្នាំ ១៦១៣ ។
ព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម និង ក្រោយឧត្តមសិក្សានៅស្រីលង្កា ជាប្រធានពុទ្ធិសមាគមសមណនិស្សិតខ្មែរ ស្រីលង្កាផងដែរ។ ដោយបានបួសក្នុងព្រះពុទ្ធចក្រជាង ២០ ឆ្នាំមកនេះ ព្រះអង្គបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា។
ឆ្នាំ ២០០៨ ព្រះអង្គគឺជា គ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ហើយក្នុង ២០១០ ព្រះអង្គទទួលសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ ២០១៤។ ព្រះអង្គបណ្ឌិត ត្រូវបានប្រជាជនកម្ពុជា ទទួលស្គាល់ជាអ្នកមានចំណេះដឹងក្នុងវិស័យពុទ្ធចក្រ និងមានជំនាញ និងសមត្ថភាព កាន់កិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សា ក្នុងក្រសួងធម្មការ និងសាសនា។
ក្នុងឆ្នាំ២០០៦ ដល់ បច្ចុប្បន្ន ព្រះអង្គជា សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គ គឺជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាថែមទៀត។
ក្រៅពីតួនាទីក្នុងវិស័យអប់រំនេះ ព្រះអង្គមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនាសមាជិកប្រតិបត្តិ នៃ ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។
៧.ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន
ព្រះអង្គបណ្ឌិត គឺជាបញ្ញវន្តសង្ឃខ្មែរដែលពោរពេញដោយសមត្ថភាពទាំងផ្លូវពុទ្ធសាសនា និងផ្លូវលោក ដែលបាននិមន្តផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធដល់យុវជនខ្មែរាប់ពាន់នាក់នៅក្នុងវគ្គសិក្ខាសាលា និងតាមបណ្តាលពិធីបុណ្យនានានៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ព្រះអង្គបាននិពន្ធ និងចងក្រងឯកសារ រៀបរៀងសៀវភៅជាច្រើនផងដែរ។
បច្ចុប្បន្នព្រះអង្គ សុខ ប៊ុនធឿន ជាព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះអនុគណខណ្ឌមានជ័យ និងជាប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
៨.ភិក្ខុវជិរប្បញ្ញោ គូ សុភាព
ព្រះអង្គមានប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានស្គាល់ និងទទួលស្គាល់ថាជា គ្រូឱសថផ្នែកផ្លូវចិត្តមួយនៅប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នជាសាស្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌។
ព្រះតេជគុណជាវាគ្មិនដែលមានប្រជាប្រិយ ក្នុងការបង្រៀនព្រះពុទ្ធសាសនា ភាពជាអ្នកដឹកនាំ និងការលើកទឺកចិត្ត។ ព្រះតេជគុណបានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យត្រយ (Troy University, USA) ឯកទេសផ្នែកអប់រំ។
ជាមួយគ្នានេះដែលព្រះអង្គ គូ សុភាព ក៏ជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម “អាហារផ្លូវចិត្ត” និង “ជំនួយសុខភាពផ្លូវចិត្ត” និងជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ។
៩.ឯកឧត្តម ហឿន សំនៀង
ឯកឧត្តមជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប។ ជាអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បួសរៀនជ្រៅជ្រះ ក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៩ព្រះវស្សានិងបានចូលរួមសកម្មភាពសង្គម និងព្រះពុទ្ធសាសនាទាំងជាតិ និងអន្តជាតិ ជាច្រើនផងដែរ។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។
លោក ហឿន សំនៀង មុនបានសម្តេចព្រះនរោត្តមសីហមុនី តែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៦៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ជាអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕