“គ្រប់ទិសទាំងអស់មិនថា លិច កើត ជើង ត្បូង សុទ្ធសឹងតែជាទិសល្អ នៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើវិស័យអចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែវាក៏អាស្រ័យលើគោលបំណងផ្សេងៗគ្នាផងដែរ”។ នេះបើយោងតាមការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ជុំវិញប្រធានបទ ទិសមួយណាដែល្អក្នុងវិស័យដីធ្លី ។

ជាក់ស្តែងលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់ថា៖ ប្រសិនបើយើងចង់សាងសង់ផ្ទះ សម្រាប់រកស៊ីខ្លួនឯងផង និងទុកជួលផង ទិសដែលល្អជាងគេ គឺទិសខាងលិច ព្រោះថាទិសខាងលិចនៃរាជធានីភ្នំពេញ គឺសម្បូរទៅដោយរោងចក្រច្រើន ហើយសម្បូរប្រជាជនដែលជួលផ្ទះរស់នៅ។ ដូច្នេះអាចផ្តល់ផលចំណេញច្រើន សម្រាប់អ្នកមានដើមទុនចង់ធ្វើជាផ្ទះដើម្បីទុកជួល ។

ដោយឡែកសម្រាប់អ្នកដែលចង់វិនិយោគលើដីទុកចោល ដើម្បីទទួលបានផលចំនេញច្រើននៅក្នុងរយ:ពេល ៥ ឬ ១០ ឆ្នាំខាងមុខ លោក គឹម ហ៊ាង បានណែនាំថាជាទិសខាងត្បូង ព្រោះរដ្ឋាភិបាលកំពុងកំណត់ថា ទិសខាងត្បូង ជាតំបន់ដែលមានព្រលានយន្តថ្មី និងមានការអភិវឌ្ឍន៍ថ្មី ដែលនេះអាចជារឿងល្អ សម្រាប់បងប្អូនដែលមានបំណងចង់ទិញដីក្នុងពេលឥឡូវ និងលក់ចេញវិញបានផលចំណេញច្រើនក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ។

មួយវិញទៀត ប្រសិនបើចង់ធ្វើការអភិវឌ្ឍន៍អ្វីម៉្យាង ដូចជាទិញដីដើម្បីលក់ភ្លាមៗ ក្នុងរយ:ពេល ២ ៣ ឆ្នាំ ឬចង់សាងសង់ផ្ទះនៅ លក្ខណ:បែបស៊ីវីល័យទំនើប គឺទិសខាងជើង ព្រោះទីតាំងនេះមានសក្តានុពលខ្លាំង ដូចជាមានគម្រោងភ្នំពេញថ្មី និងមានផ្សារធំៗដូចជា អ៊ីអន ២ ផ្សារ Global House និងផ្សារម៉ាក្រូជាដើម ជាពិសេសមានបុរី និងសម្បូរទៅដោយអ្នកមានៗ រស់នៅច្រើន ។

លើសពីនេះ អ្នកជំនាញផ្នែកដីធ្លីនៅកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់បងប្អូនដែលចង់ទិញដីដើម្បីសាងសង់ផ្ទះនៅខ្លួនឯង អាចងាកទៅរកទិញខាងកើតនៃទីក្រុងភ្នំពេញបាន ព្រោះទីតាំងនេះ ជាតំបន់មិនសូវមានរោងចក្រ ហើយមានអាកាសធាតុល្អបរិសុទ្ធដោយសារមានដើមឈើច្រើន និងស្ថិតនៅតាមបណ្តោយដងទន្លេ ។


ជារួមមកលោកឧកញ៉ាបណ្ឌិត គឹម ហ៊ានបានសង្កត់ធ្ងន់ទៀតថាទិសទាំង ៤ សុទ្ធតែល្អដូចគ្នាក្នុងវិស័យដីធ្លី ប៉ុន្តែវាត្រូវស៊ីសងទៅលើគោលបំណងរបស់យើង ថាចង់ធ្វើការវិនិយោគ ឬចង់ធ្វើការអភិវឌ្ឍន៍ នៅតាមតំបន់ទាំងនោះតែប៉ុណ្ណោះ ៕
អានអត្ថបទ៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ៖ ចង់ក្លាយជាអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ ចាំបាច់ត្រូវមានចំណុចសំខាន់ទាំងនេះសិន