ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក ហើយគិតមកទល់ពាក់កណ្តាលឆ្នាំ ២០២១ នេះមិនទាន់មានភាពថមថយនៅឡើយនោះទេ ។ ស្របពេលជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់មិនតិចដែរ ដែលកត្តានេះហើយ បានជំរុញឱ្យម្ចាស់អាជីវកម្មតូច ធំ ក៏ដូចជាសហគ្រិនគ្រប់រូប ដែលកំពុងក្តាប់ជំនួញនៅក្នុងដៃ ត្រូវតែជំនះរកដំណោះស្រាយ ចំពោះឥទ្ធពលដ៏អាក្រក់នៃជំងឺកូវីដ ១៩ នេះ ដើម្បីរក្សាអាជីវកម្មរបស់ខ្លួនឱ្យបានគង់វង្សទៅមុខទៀត ។
លោកឧកញ៉ា ហ៊ួត ជា ដែលជាម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារ:សំណង់គ្រប់ប្រភេទ បានធ្វើការចែករំលែកពីបទពិសោធន៍មួយចំនួន ក្នុងការរៀបចំយុទ្ធសាស្រ្ត ដើម្បីរក្សាមុខជំនួញរបស់លោក ឲ្យនៅតែអាចបន្តឈរជើងរឹងមាំ ក្នុងស្ថានភាពដ៏លំបាកបំផុតមួយនេះបាន ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាក់ស្តែងលោកឧកញ៉ា បានប្រាប់ពីទស្សន:ផ្ទាល់ខ្លួន ដោយធ្វើការព្យាករណ៍ថា យ៉ាងហោចណាស់ ស្ថានភាពកូវីដនៅកម្ពុជាអាចនឹងបន្តជះឥទ្ធពលអាក្រក់ ៣ ឆ្នាំ ដោយឥឡូវនេះឃើញថាវាកំពុងកើតឡើងជិតចូល ២ ឆ្នាំហើយ ក្នុងន័យនេះលោកចង់សង្កត់ធ្ងន់ថា ៖ ការព្យាករណ៍ទុកមុន ពីផលប៉ះពាល់នៃឥទ្ធពលកូវីដមកលើអាជីវកម្ម គឺជារឿងចាំបាច់បំផុត ដែលសហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានភាពវៃឆ្លាតត្រៀមខ្លួនទុកជាមុនឱ្យបានដាច់ខាត ។
លើសពីនេះ ឧកញ៉ា ហ៊ួត ជា បានបន្ថែមទៀតថា ៖ «សម្រាប់អាជីវកម្មខាងផ្គត់ផ្គង់គ្រឿងសំណង់ និងអចលនទ្រព្យរបស់ខ្ញុំ រងផលប៉ះពាល់មួយចំនួនដែរ អាចថាត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ តែមិនប៉ះពាល់ខ្លាំងពេកនោះទេ ព្រោះជាទូទៅការសាងសង់ លំនៅឋាន ឬសំណង់ផ្សេងៗ មិនអាចបញ្ចប់ត្រឹមរយ:ពេលខ្លី ១ខែ ២ខែ ឬត្រឹម ៥ខែនោះទេ ពោលគឺពួកគាត់នឹងបន្តទិញវត្ថុធាតុដើមសាងសង់ជាបន្តបន្ទាប់ ទោះកំពុងស្ថិតក្នុងស្ថានភាពកូវីដរាតត្បាតក៏ដោយ»។
លោកឧកញ៉ា ហ៊ួត ជា ក៏បានចង្អុលបង្ហើបពីយុទ្ធសាស្ត្រា ដែលលោកកំពុងតែអនុវត្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដោយសារកូវីដកន្លងមកថា៖ ក្រៅពីរៀបចំយុទ្ធសាស្ត្រទីផ្សារអាជីវកម្មឱ្យត្រូវតាមបែបផែននៃបរិបទគន្លងថ្មីនេះ លោកក៏បានងាកទៅបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់នឹងមុខរបរមួយចំនួន ដែលកំពុងរងផលប៉ះពាល់ផងដែរ៕