មុននេះបន្តិច លោកឧកញ៉ា អ៊ឹង គីមហុង ទើបតែប្រកាសជាផ្លូវការថា នឹងបញ្ជាទិញផ្លែមៀនប៉ៃលិន(តាង៉ែន) បន្តពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ចំនួន ២តោន។ ការប្រកាសរួមចំណែក ទិញផ្លែមៀនប៉ៃលិន បន្តរបស់ ឧកញ៉ា អ៊ឹង គីមហុង គឺបន្ទាប់ពីលោកឧកញ៉ា បានដឹងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមិត្តសម្លាញ់របស់ខ្លួន កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលទិញផ្លែមៀនប៉ៃលិន រហូតដល់ ១ពាន់តោន ពីប្រជាកសិករផ្ទាល់ ដែលកំពុងដង្ហើយហៅ រកទីផ្សារលក់ចេញ។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែប្រកាសកាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ថា លោកនឹងទិញមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ការប្រកាសនេះធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។
អ្វីដែលគួរឱ្យស្ងើចសរសើរនោះ គឺផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសប្រមូលទិញ ១ពាន់តោន នោះ នឹងត្រូវដាក់លក់នៅផ្សារ កសិផលធម្មជាតិ ឡេង ណាវ៉ាត្រ ក្នុងតម្លៃខាតដើម គឺត្រឹមតែ ១៩០០រៀល ប៉ុណ្ណោះ៕
ចុចអានអត្ថបទ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញផ្លែមៀនប៉ៃលិន ១ពាន់តោន ហើយលក់ចេញតម្លៃ ១៩០០រៀលក្នុងមួយគីឡូ