ឧកញ៉ា​ស្រី ចាន់ថន​ ចេញ​មុខ​បង្កើត​រោងចក្រ​ច្នៃ​ផ្លែមៀន តាង៉ែន លក់​លើ​ទីផ្សារ​

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន បានប្រកាស​នឹង​បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ​ខ្មែរ ដែល​ដាំ​ដុះ​ដំណាំកសិកម្ម​ពិបាក​រកទីផ្សារ លោក​ឧកញ៉ា​បាន​បង្ហាញ​ឆន្ទៈក្នុង​ការ​បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង សម្រាប់​លក់​លើ​ទីផ្សារ។

ដោយសារតែការរីករាលដាល នៃជម្ងឺកូវីត-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជាលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ និងវិស័យកសិកម្ម។

លោក​ឧកញ៉ា​បាន​គិតគូរ​សម្រេចចិត្តនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ដែល​អាច​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង ក៏ដូចជាដើម្បីបញ្ជាក់​ឲ្យ​បរទេសដឹងថា ជនជាតិ​ខ្មែរ​ក៏​អាច​ផលិត​បាន​នូវ​ផលិតផល​នានា ដែលអាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ផង​ដែរ ។

ឧកញ៉ា​ស្រី ចាន់ថន បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈ ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនៅតាមបណ្តាខេត្តនានា ជា​ផ្នែក​មួយ​ជំរុញអភិវឌ្ឍ​ដល់វិស័យទេសចរណ៍ ។ ជាមួយគ្នានោះ ឧកញ៉ា​ក៏​បានបង្ហើប​ពី​គម្រោង​បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយ​ដល់​វិស័យកសិកម្ម វិស័យឧស្សាហកម្មនៅក្នុងប្រទេស ហើយ​សង្ឃឹមប្អូនខ្មែរទាំងអស់នឹងជួយគាំទ្រនូវផលិតផលក្នុង​ស្រុក។

គួរ​បញ្ជាក់​ថា ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន​ Jets Group និង 7NG-Skyland ថ្មីៗនេះ បាន​បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន​Jet’s Express ដែល​ផ្តល់សេវា​ដឹកជញ្ជូនបញ្ញើអ៊ីវ៉ាន់ឆាប់រហ័ស តាមរយៈប្រព័ន្ធបច្ចេកវិទ្យា​នៅ​ ២៥ខេត្ត/ក្រុង ទូទាំងប្រទេសកម្ពុជា ៕