South Bridge International School Cambodia (SISC) គឺជាសាលាអន្ដរជាតិថ្មីមួយ ដែលផ្ដល់ការអប់រំកម្រិតស្តង់ដារអន្តរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំងផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ត្រូវបានបង្កើតឡើងដោយពាណិជ្ជករល្បីឈ្មោះពីររូបនៅស្រុកខ្មែរ។
សាលាអន្តរជាតិ South Bridge គឺជាសាលាសម្រាប់សិស្សានុស្សិស្សភាគច្រើនកូនអ្នកមាន កូនបរទេស កូនមន្រ្តីទូតនៅរាជធានីភ្នំពេញ ដោយការបង់ថ្លៃសិក្សាមានតម្លៃរាប់ពាន់ ឬម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។ សិស្សដែលបញ្ចប់ការសិក្សានៅសាលាអន្តរជាតិមួយនេះ ក៏អាចទៅសិក្សានៅសកលវិទ្យាល័យឯបរទេសបានផងទៀត។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តើពាណិជ្ជកររូបណាខ្លះចូលរួមបង្កើតសាលាអន្តរជាតិ South Bridge International School លំដាប់ពិភពលោកនៅប្រទេសកម្ពុជា?
សាលាអន្តរជាតិ South Bridge ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅបុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ។ សាលានេះគឺជាការវិនិយោគរួមគ្នារវាងអ្នកឧញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកឧញ៉ា ថៃ ជាហួត ម្ចាស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។
South Bridge International School ត្រូវបានវិនិយោគសាងសង់សាលាក្នុងតម្លៃប្រមាណ ១២លានដុល្លារអាមេរិក ចំនួននេះដោយមិនទាន់គិតបញ្ចូលតម្លៃបរិក្ខារបំពាក់ផ្សេងៗ និងតម្លៃដីដែលមានទំហំជាង៤ហិកតានៅក្នុងបុរី ប៉េង ហួត ដែលមានស្រាប់។
ការបង្កើតសាលាអន្តរជាតិ South Bridge នេះឡើងជាសញ្ញាវិជ្ជមានមួយដើម្បីផ្ដល់ឱកាសឲ្យផ្នែកឯកជន ចូលរួមផ្ដល់សេវាប្រកបដោយគុណភាព ខណៈដែលក្រសួងអប់រំយុវជន និងកីឡា ក៏មានគោលដៅរួចមកហើយក្នុងការពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។ South Bridge International School ទទួលសិស្សចូលរៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យ ជាមួយនឹងបរិក្ខារទំនើបៗ និងគ្រូក្នុងស្រុក និងពីបរទេសដែលមានសមត្ថភាពខ្ពស់ និងបទពិសោធជាច្រើនឆ្នាំក្នុងវិស័យអប់រំ។
លោក Ray Mondyager អគ្គនាយកក្រុមហ៊ុន South Bridge International School limited បានអោយដឹងថា សាលារបស់យើងមានបទពិសោធន៍ អប់រំនិងមានសាខានៅប្រទេសជាច្រើន ហើយយើងក៏រីករាយក្នុងការមកវិនិយោគវិស័យអប់រំនៅកម្ពុជា។ សាលារបស់យើងមានគ្រូជនជាតិខ្មែរ និងគ្រូជនជាតិបរទេសដើម្បីបណ្ដុះបណ្ដាល និងបង្រៀនសិស្សប្រកបគុណភាពខ្ពស់ ។
សាលាអន្ដរជាតិ South Bridge ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលបានទទួលអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយធានាឲ្យបាននូវការសិក្សា យ៉ាងម៉ត់ចត់ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈ បុគ្គលដែលចេះដោះស្រាយបញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស៕