វិស័យអចលនទ្រព្យបាននិងកំពុងមានការរីកចំរើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាវត្តមានអាគារខ្ពស់ៗ អគារពាណិជ្ជកម្ម ខុនដូ បុរីលំនៅដ្ឋានជាច្រើនបានរីកលូតលាស់ដូចផ្សិតនៅរាជធានីភ្នំពេញ ពិសេសតម្លៃដីធ្លីក៏បានតែកើនឡើងយ៉ាងគំហុកផងដែរ ខណៈតំបន់ខ្លះកើនឡើងទ្វេរដង និងតំបន់មួយចំនួនទៀតកើនឡើងមួយគុណនឹងបីឬបួនក៏មាន។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មានអ្នកមានលុយច្រើន អ្នកមានលុយមធ្យមជាច្រើននាក់ ពួកគាត់បានលើកឡើងថា មិនដឹងទិញដីប្រភេទណា កន្លែងណាដែលផ្តល់ផលចំណេញ ហើយការទិញទៀតសោតត្រូវមើលលើកត្តាអ្វីខ្លះមុនសម្រេចចិត្តទិញដើម្បីកុំឲ្យចាញ់បោក ឬទិញដីកប់លក់មិនចេញ។
“ក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ” ឃ្លោងឃ្លា ៣ ប្រយោគខ្លីៗ លោកឧកញ៉ា ផន វណ្ណិត ជាអ្នកជំនាញអចលនទ្រព្យលើកឡើងដើម្បីជាការលើកទឹកចិត្តឲ្យយុវជនដែលចង់ប្រឡូកក្នុងវិស័យដីធ្លីយកមកធ្វើជាមូលដ្ឋានគិតពិចារណា និងវិភាគថាគួរវិនិយោគនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។ ម្យ៉ាងសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលមានលុយចង់វិនិយោគលើអចលនទ្រព្យនៅជាប់នឹងជាយក្រុងដើម្បីទុកយកចំណេញ។
លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ថ្លែងថា៖ “មែនទែនទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទិញដីទុកឱ្យបានយូរ កុំឱ្យឆាប់លក់វិញពេក ខណៈដែលរកចំណេញមិនចង់ទាន់ឃើញផងយើងលក់ចេញវិញបាត់។ សម្រាប់អ្នកទិញដីទុកកាន់តែយូរ ខ្ញុំជឿថា គាត់កាន់តែបានចំណេញច្រើន ប៉ុន្តែបើយើងខ្វះខាត ហើយយើងគិតថាលក់ទៅវាចំណេញលក់ទៅ”។
លោកឧកញ៉ាបន្តថា មានគេសួរខ្ញុំច្រើនទាក់ទងមូលហេតុអ្វីចាំបាច់យើងត្រូវទិញដីជាយក្រុង ខ្ញុំឲ្យចម្លើយថា ទិញដីជាយក្រុងមានឪកាសចំណេញច្រើន ហើយវាមានភាពងាយស្រួលសម្រាប់អ្នកដែលមានលទ្ធភាពតិចតូច ឬពួកគាត់លទ្ធភាពធម្យមឡើងទៅ។
អ្នកជំនាញអចលនទ្រព្យលោកឧកញ៉ា ផន វណ្ណិត បានពន្យល់យ៉ាងដូច្នេះថា៖ ការទិញដីជាយក្រុង ជាអាទិភាពសម្រាប់អ្នកមានជីវភាពមធ្យម យើងក្រឡែកមើលថយក្រោយបន្តិចនៅបួនប្រាំឆ្នាំមុនមនុស្សនៅក្រច្រើនណាស់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានយុវជនប្រមាណ ៤៥%នៅស្រុកខ្មែរយើងដែលពួកគាត់មានលុយហើយនឹកឃើញទិញដី មានលុយនឹកឃើញទៅបង្កើតអាជីវកម្ម ប៉ុន្តែ ៥៥%ទៀតពួកគាត់សម្រេចចិត្តនៅធ្វើការងារបានត្រឹមតែមួយរស់ៗ ដោយលើកហេតុផលថាការធ្វើការងារឲ្យគេមានចំណូលថេរ។
“ទិញដីជាយក្រុងមានឪកាសច្រើន ពីព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ចង់មិនចង់ដីកាន់តែថ្លៃជាក់ជាមិនខាន យើងត្រូវសំឡឹងមើលឲ្យបានវែងឆ្ងាយ។ ការអភិវឌ្ឍន៍ ខ្ញុំជឿថាអភិវឌ្ឍន៍គឺលឿនទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដូច្នេះឪកាសមានច្រើន។ សម្រាប់បងប្អូនអ្នកមានដីជាប់ជាយក្រុងពួកគាត់ច្បាស់ជាត្រូវប៉ាន់ ហើយចំណេញច្រើនទៀតផង។ ទៅមុខបន្តិចទៀតសម្រាប់អ្នកមានដីត្រឹមតែ ១ហិចតាគឺអស្ចារ្យ”។ លោកឧកញ៉ាបញ្ជាក់។
អ្នកជំនាញអលចនទ្រព្យរូបនេះ មានជំនឿយ៉ាងមុតមាំថា ប៉ុន្មានឆ្នាំខាងមុខទៀតយុវជន និងប្រជាពលរដ្ឋទាំងអស់ចាប់ផ្តើមមានផ្នត់គំនិត ហើយនឹកឃើញដីមានសារៈសំខាន់សម្រាប់គាត់។ យើងដឹងគ្រប់មកហើយ ចង់ចាប់ផ្តើមជំនួញប្រាកដជាត្រូវទិញដី ចង់ធ្វើផ្ទះក៏ត្រូវការទិញដី ចង់មានគ្រួសារក៏ត្រូវទិញដី ចង់បង្កើតកសិដ្ឋានជាដើមក៍ត្រូវការទិញដីទុក ដូច្នេះដីត្រូវមាន។
លោកឧកញ៉ាបានបង្ហាញទស្សនទានថា ប្រទេសកម្ពុជានិងមានការរីកចំរើន ៣ធំៗ គឺទី១ វិស័យបច្ចេកវិទ្យា ទី២ សេដ្ឋកិច្ច ដែលសំដៅដល់វិស័យកសិ-ឧស្សាហកម្ម និងទី៣ ការរីកដុះដាលនៃប្រជាសាស្រ្ត ប្រជាជននឹងមានការចេះដឹងច្រើនដើម្បីថ្លឹងថ្លែងក្នុងការវិនិយោគ ហើយខ្ញុំហ៊ានធានាថា អ្នកមានដីត្រឹមតែមួយហាត់ក៏អស្ចារ្យដែរ៕