តើអ្នកដឹងទេ? ហេតុអ្វីបានជាបុគ្គលិកមួយចំនួន ក្រោយពេលឡើងឋានៈឬតួនាទីមិនយូរប៉ុន្មានផង ក៏ស្រាប់តែត្រូវថ្នាក់លើឬប្រធានក្រុមហ៊ុនដកហូតតួនាទីវិញ? គឺដោយសារបុគ្គលិករូបនោះចូលចិត្តជិះសេះព្រលែងដៃ ពោលក្រោយពេលឡើងឋានៈឬតួនាទី ពួកគាត់មានមោទនភាពចំពោះខ្លួនឯងឡើងភ្លេចខ្លួន លែងខិតខំបំពេញការងារជូនក្រុមហ៊ុន ជាពិសេសពួកគាត់មិនព្រមអភិវឌ្ឍសមត្ថភាពឱ្យស័ក្តិសមទៅនឹងឋានៈឬតួនាទីរបស់ខ្លួន។
បើចង់ជោគជ័យនៅកន្លែងការងារ នៅពេលទទួលភារកិច្ចកាន់តែសំខាន់ មានឋានៈឬតួនាទីកាន់តែខ្ពស់ យើងត្រូវតែខិតខំធ្វើការទ្វេដង។ ជាពិសេសនោះ ធ្វើអ្វីក៏ដោយត្រូវធ្វើឱ្យបានហ្មត់ចត់ ច្រូតពីក្បាលឱ្យដល់កន្ទុយ ធ្វើឱ្យមានគុណភាពខ្ពស់ និងធ្វើឱ្យបានបរិមាណច្រើន។ ផ្ទុយទៅវិញ សូមកុំធ្វើដើម្បីតែស៊ីម៉ោង កុំធ្វើហើយទុកចោល ឬទុកស្អែកចាំធ្វើបន្តទៀត។ ម្យ៉ាងកុំធ្វើគ្រាន់តែដល់ម៉ោងភ្លាមរៀបចំអីវ៉ាន់ចេញទៅផ្ទះភ្លែតនោះ ព្រោះបើសិនជាយើងប្រកាន់ឥរិយាបថបែបនេះ ទោះបីធ្វើការពេញមួយជីវិតក៏ដោយ ក៏មិនអាចក្លាយជាមេគេបានដែរ។
ត្រូវចងចាំថា បុគ្គលដែលអាចធ្វើជាមេកើយគេបាន លុះត្រាតែបុគ្គលនោះចេះជំរុញខ្លួនឯង។ តើជំរុញខ្លួនឯងយ៉ាងម៉េចទៅ? គឺជំរុញខ្លួនឯងឱ្យមានសេចក្ដីអត់ធ្មត់ខ្ពស់ និងធ្វើកិច្ចការឱ្យបានលទ្ធផលច្រើនជាងអ្នកដទៃ។ ឧទាហរណ៍ថា បើអ្នកដទៃដើរបាន១០គីឡូម៉ែត្រ យើងត្រូវជំរុញខ្លួនឯងឱ្យដើរបានលើសគេពី៣ទៅ៤គីឡូម៉ែត្រ។ បើបុគ្គលិកដទៃធ្វើការត្រឹមម៉ោង៥ល្ងាចចប់ចេញទៅផ្ទះ យើងត្រូវធ្វើការរហូតដល់ម៉ោង៦ល្ងាចចាំចេញទៅផ្ទះ។ ក្នុងករណីកិច្ចការដែលកំពុងធ្វើនោះជាកិច្ចការបន្ទាន់ តែយើងធ្វើមិនទាន់រួចរាល់ គឺត្រូវយកកិច្ចការនោះទៅធ្វើនៅផ្ទះពេលយប់ឡើងឱ្យចប់។ ព្រោះបើយើងទុកការងារនោះចោល ហើយការងារនោះផុតថ្ងៃកំណត់ហើយនៅតែមិនទាន់រួចរាល់ នោះថៅកែក្រុមហ៊ុនប្រាកដជាមិនសប្បាយចិត្តឡើយ។
ដូច្នេះ ក្រោយពេលឡើងឋានៈឬតួនាទី យើងត្រូវខិតខំបំពេញការងារឱ្យបានច្រើនជាងមុន និងលះបង់ពេលវេលាជាមួយក្រុមហ៊ុនឱ្យបានច្រើនជាងមុន។ ព្រោះថា គ្រប់ម្ចាស់ក្រុមហ៊ុន ឬថៅកែទាំងអស់ រមែងចង់បានបុគ្គលិកដែល “ចេះប្រាំ ធ្វើការងារបានដប់” ប៉ុន្តែគេមិនចង់បានបុគ្គលិកដែល “ចេះដប់ តែធ្វើការបានត្រឹមប្រាំនោះទេ”៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី