កូនចៅចិន មិនប្រាកដថាសុទ្ធតែពូកែ កូនខ្មែរមិនសុទ្ធតែអន់។ ជាច្រើនជំនាន់មកហើយ គេតែងតែនិយាយថា កូនចិនពូកែ កូនខ្មែរមិនសូវជាខ្មេះ ជាពិសេស គេតែងនិយាយថា កូនខ្មែរ ដែលជាប់សែស្រឡាយចិន ឬចិនឆៅ (ចិនសុទ្ធ) ច្រើនតែរៀន និងធ្វើជំនួញជួញដូរពូកែជាងកូនខ្មែរសុទ្ធ។
កូនខ្មែរពូកែតែខាងធ្វើការឱ្យគេ តែមិនពូកែខាងធ្វើជំនួញដោយខ្លួនឯង រហូតមានអ្នកខ្លះគិតថា បើមានកូនប្រុសរៀនបានខ្ពស់ ធ្វើការងារធំ គួរដណ្តឹងកូនស្រីជាកូនចៅចិន ឬបើជាកូនស្រី គួរឱ្យរៀបការជាមួយកូនប្រុស ជាកូនចៅចិន។
ការយល់ឃើញបែបនេះ គឺជាការយល់ខុសមួយ។ ទស្សនៈនេះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះជាទូទៅ ទោះកូនខ្មែរសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ដែលមានការតស៊ូ ព្យាយាម អត់ធ្មត់ខ្ពស់ និងចេះចាប់យកឱកាស គឺសុទ្ធតែអាចក្លាយជាអ្នកពូកែរកស៊ីបានដូចគ្នា។ ភាពប៉ិនប្រសប់ក្នុងការធ្វើជំនួញ ឬអាជីវកម្មរបស់មនុស្សម្នាក់ៗ គឺមិនអាស្រ័យលើកត្តាជាតិសាសន៍ ឬតំណពូជនោះទេ។
ជាតិសាសន៍ណា ក៏ដូចជាតិសាសន៍ណាដែរ ប្រសិនបើទទួលបានការបណ្ដុះបណ្ដាលពីរបៀបធ្វើជំនួញពីក្មេង ឬធ្លាប់រស់នៅក្នុងពិភពអ្នកជំនួញ បូករួមទំាងទទួលបានការសិក្សាអប់រំខ្ពង់ខ្ពស់ លើជំនាញ ពាក់ព័ន្ធនឹងការរកទទួលទានពួកគេសុទ្ធតែអាចក្លាយជាអ្នកពូកែធ្វើជំនួញដូចគ្នា។ផ្ទុយទៅវិញ ប្រសិនបើកូនចិនសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ពុំទទួលបានការអប់រំលើផ្នែកធ្វើជំនួញពីក្មេងមកទេ ឬពុំបានឈ្វេងយល់ពីជំនួញឱ្យបានទូលំទូលាយ ពុំមានបទពិសោធលើវិថីជំនួញ ឬពុំបានរៀនសូត្រជ្រៅជ្រះលើជំនាញរបស់ខ្លួន គឺពួកគេមិនពូកែរកស៊ីដូចគ្នា៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី