ឧកញ៉ា ម៉ាន់ ច័ន្ទឌី៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យចាំបាច់ត្រូវតែស្របតាមច្បាប់និងបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ថ្លែងថា ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យមួយឲ្យស្របតាមច្បាប់បទដ្ឋានត្រឹមត្រូវ អ្នកអភិវឌ្ឍនទាំងឡាយមិនថា ទាំងអ្នកអភិវឌ្ឍដីធ្លី ឬក៏អ្នកអភិវឌ្ឍលំនៅដ្ឋាននោះទេ ចាំបាច់ត្រូវតែជាអ្នកអភិវឌ្ឍស្របច្បាប់ ដោយគោរពតាមគោលការណ៍ច្បាប់របស់រដ្ឋ ត្រូវមានកាតព្វកិច្ចចូលរួមបង់ពន្ធជាមួយរាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាលើកឡើងដូច្នេះនៅក្នុងសិក្ខាសាលាតាមអនឡាញ ក្រោមប្រធានបទ របៀបអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ស្របតាមច្បាប់បទដ្ឋានត្រឹមត្រូវ ដែលរៀបចំដោយសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា កាលពីថ្ងៃទី២៦ សីហាម្សិលមិញ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីមៀម គ្រុប ឲ្យដឹងថា អ្នកអភិវឌ្ឍដែលជោគជ័យ គឺអ្នកអភិវឌ្ឍនោះ ត្រូវចេះរកអ្នកប្រឹក្សាយោបល់ មិនថាទាំងផ្នែកច្បាប់ ឬផ្នែកហិរញ្ញវត្ថុនោះទេ។ ម៉្យាងវិញទៀង អ្នកអភិវឌ្ឍនោះ ត្រូវចេះប៉ាន់ស្មាន និងវាយតម្លៃនៅតំបន់ដែលជាកន្លែងអភិវឌ្ឍន៍នោះផងដែរ ដោយត្រូវស៊ើបសួរ ប្រឹក្សាជាមួយមន្ត្រីជំនួញ ទាំងភូមិបាលស្រុក/សង្កាត់ ភូមិបាលខេត្ត/ខណ្ឌ អំពីតំបន់អភិវឌ្ឍទាំងនោះ។

អ្នកជំនាញជើងចាស់រូបនេះ បានបង្ហាញនូវយុទ្ធសាស្រ្តធ្វើទីផ្សារឲ្យទទួលបានជោគជ័យ ដោយប្រើយុទ្ធសាស្រ្ត លក់ដូចជាមិនលក់ ឬលក់បែបប្រឹក្សាយោបល់ មានន័យថា យើងមិនចាំបាច់ទៅប្រម៉ូតផលិតផលរបស់យើងនោះទេ តែអ្វីដែលសំខាន់គឺត្រូវធ្វើជាអ្នកប្រឹក្សាយោបល់ឲ្យអតិថិជនរបស់យើង ដោយរកដំណោះស្រាយឲ្យគាត់ ដោយធ្វើខ្លួនយើងឲ្យក្លាយជាអ្នកនាំសំណាងឲ្យអតិថិជនរបស់យើង ដោយផ្តល់ជាជម្រើសឲ្យគាត់ថា តើនៅពេលដែលគាត់ទិញផលិតផល ឬសេវាកម្មនោះហើយ​ គាត់នឹងទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ នាពេលអនាគត់។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បញ្ជាក់ថា កត្តាសំខាន់ៗក្នុងការវាយតម្លៃ អចលនទ្រព្យមួយដែលមានសក្តានុពល ក្នុងនាមយើងជាអ្នកអភិវឌ្ឍមួយរូប យើងត្រូវដឹងពីគន្លឹះសំខាន់ៗចំនួន៣ គឺទី១ ការផ្តោតទៅលើតំបន់អភិវឌ្ឍន៍នោះ មានន័យថា បើសិនជាយើងដឹងថា តំបន់នោះមានសក្តានុពលហើយ យើងមិនត្រូវងាករេទៅតាមអ្វីដែលគេថានោះទេ ទី២ ត្រូវផ្តោតលើការយកចិត្តទុកដាក់ ដោយក្តោបព័ត៌មានអចលនទ្រព្យឲ្យបានជុំនៅក្នុងតំបន់ដែលយើងកំពុងតែអភិវឌ្ឍនោះ និងចំណុចទី៣ គឺមើលឱកាសក្នុងការលក់ចេញ មានន័យថាចំពោះការលក់ គឺយើងមិនត្រូវលក់រហូតដល់ចំណេញកប់នោះទេ គឺយើងត្រូវលក់ក្នុងតម្លៃសមរម្យ៕