“ដើរមកដល់ពេលនេះ គុណធម៌ ការសេពគប់ ភាពស្មោះត្រង់ ត្រូវតែមាន ហើយចាំបាច់ខ្លាំងទៀត”។ នេះគឺជាការរៀបរាប់ពីបទពិសោធន៍ជីវិតនិងសកម្មភាពរកស៊ីរបស់ ឧកញ៉ាហ៊ួត ជា លើបណ្ដាញសង្គម។ សហគ្រិនមានមុខជំនួញខាងគ្រឿងសំណង់ និងអចលនទ្រព្យរូបនេះ តែងបំផុសគំនិតលើកទឹកចិត្តឲ្យគិតអ្វីដែលល្អៗ ធ្វើអ្វីដែលមានគុណធម៌ ទាំងអស់គ្នាជានិច្ច។
តើក្បួនជោគជ័យឧកញ៉ាហួត ជា ដែលយកគោលការណ៍គុណធម៌ ការសេពគប់ និងភាពស្មោះត្រង់ មានឥទ្ធិពលយ៉ាងណាខ្លះចំពោះបទពិសោធន៍ជីវិតលោក។
គុណធម៌មានន័យថាជាសីលតម្លៃនៃបុគ្គលមានភាពជាប់លាប់ហើយជាក់ច្បាស់។ ការមានក្តីសន្តោសប្រណីការអត់ឱនមានចេតនាចង់ជួយអ្នកដទៃការមិនគុំកួន មិនព្យាបាទ មិនច្រណែន មិនធ្វើបាបអ្នកដទៃគឺជាធាតុល្អខាងក្នុងចិត្តរបស់បុគ្គលដែលមាន គុណធម៌ ។
គេអាចនិយាយបានថាឱ្យតែនរណាម្នាក់ឬសង្គមតូចណាមួយ ទទួលបានអ្វីមួយពីបុគ្គលណាម្នាក់ ឬក្រុមណាមួយនូវអំពើល្អ អំពើដែលមានប្រយោជន៍ ការអធ្យាស្រ័យការជួយយកអាសាឬជួយសង្គ្រោះ ឬក៏ការលើកលែងទោសឱ្យនោះហើយគឺគុណធម៌ ។ លើកជាឧទាហរណ៍ បើអ្នកមានទ្រព្យច្រើន ហើយលះបង់ទ្រព្យខ្លះដើម្បីជួយអ្នកក្រខ្សត់។ បើអ្នកមានចំណេះដឹងហើយចែករំលែកចំណេះដឹងទៅឱ្យអ្នកដទៃព្រោះ ចង់ឱ្យអ្នកដទៃមានចំណេះដឹងដូចខ្លួនដែរនោះហ្នឹងហើយគឺគុណធម៌ ។
ការសេពគប់ក៏ជារឿងសំខាន់ដែរ បើសេពគប់ខុសគឺ សេពគប់បុគ្គលពាលនឹងនាំយើងទៅរកសេចក្តីវិនាសអន្តរាយដោយប្រការផ្សេងៗ។ តែបើសេពគប់ត្រូវគឺសេពគប់បណ្ឌិត នឹងនាំទៅរកសេចក្តីចម្រើន រុងរឿងថ្កុំថ្កើងនិងមានអនាគតល្អបានជាទីរាប់អាននៃអ្នកផងទាំងពួង ។
មិត្តល្អគឺជាមិត្តដែលចេះជួយគ្នាក្នុងគ្រាមានទុក្ខធុរៈជួយអ្វីដែលអ្នកផ្សេងធ្វើបានដោយកម្ របើទោះជាមិត្តស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ ក៏នៅតែតស៊ូជួយរហូតដល់ទីបំផុត។ លោកលើកពីសន្តានចិត្តមិត្តល្អគួរចូលទៅសេពគប់ៈ
១- ឱ្យរបស់ទ្រព្យដ៏មានតម្លៃដល់មិត្ត
៣- អត់ធន់នឹងការងារដែលគេអត់ធន់បានដោយកម្រ សម្រាប់មិត្ត
៤- ប្រាប់សេចក្តីអាថ៌កំបាំងដល់មិត្ត ដោយពុំលាក់លៀម
៥- លាក់សេចក្តីកំបាំងរបស់មិត្ត មិនឱ្យបែកការណ៍ឡើយ
៦- មិនលះបង់ចោលគ្នាក្នុងគ្រា ដែលមានសេចក្តីអន្តរាយឬមានវិបត្តិឡើង
៧- កាលមិត្តអស់ទ្រព្យសម្បត្តិ ហើយក៏មិនមើលងាយនិងលើកទឹកចិត្តឱ្យតស៊ូឡើង ។
មិនថាការទំនាក់ទំនង ការងារនិងការសហការគ្នា អ្វីដែលសំខាន់នោះគឺភាពស្មោះត្រង់។ ទំនាក់ទំនងមួយអាចនៅស្ថិតស្ថេរបាន លុះត្រាតែដៃគូទាំងសងខាង មិនមានអ្វីលាក់បាំងនឹងគ្នា។ ការប្រាស្រ័យទាក់ទងដោយគ្មានចិត្តស្មោះត្រង់ចំពោះគ្នា នឹងនាំឱ្យសម្ព័ន្ធភាពបែកបាក់។ កិច្ចការ និងការសហការគ្នាមួយអាចសម្រេចជោគជ័យទៅបាន គឺត្រូវមានភាពស្មោះត្រង់ជាកត្តាមួយដ៏សំខាន់ ដោយសារតែវាជារឿងចាំបាច់ដែលអាចធ្វើឱ្យយើងមានភាពជឿជាក់លើគ្នាទៅវិញទៅមក៕
អត្ថបទ៖ ឧកញ៉ាស្រី