អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត៖ ចាត់ថ្នាក់អ្នកមានសម័យថ្មីតាមកម្រិតទាំង ៣ប្រភេទនេះ មិនមែនតាមទឹកលុយទេ

ជុំវិញ​ឧកញ៉ា

កន្លងមក ធ្លាប់មានទ្រឹស្ដី និងទស្សនៈចម្រុះជាច្រើន ទាក់ទងនឹងការវាយតម្លៃ និងចាត់ថ្នាក់ពាក្យថា “អ្នកមាន” កម្រិតទាប កម្រិតមធ្យម និងមានបំផុតខុសៗគ្នា។ អ្នកជំនាញមួយចំនួន ពួកគាត់បានវាយតម្លៃទៅលើចំនួនលុយដែលបុគ្គលម្នាក់កំពុងមានជាក់ស្ដែង ចន្លោះពីចំនួនប៉ុន្មាន ដល់ប៉ុន្មានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តែសម្រាប់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ហៅលោកគ្រូ នេតឈ័រ អគ្គនាយកក្រុមហ៊ុន ECON Group Ltd  និងជាអ្នកជំនាញខាងបណ្ដុះផ្នត់គំនិតដ៏ល្បីល្បាញមួយរូបនៅកម្ពុជា មានទស្សនៈផ្សេងពីការលើកឡើងខាងលើ។ អ្នកឧកញ៉ាបណ្ឌិត មិនបានចាត់ថ្នាក់អ្នកមាន ទៅតាមចំនួនទឹកលុយ ឬទ្រព្យសម្បត្តិដែលពួកគាត់កំពុងមានឡើយ តែចាត់ថ្នាក់ អ្នកមាន ឬអ្នកដែលអាចក្លាយជាអ្នកមានសម័យថ្មី (ក្រោយសម័យរំដោះ ឆ្នាំ១៩៧៩) ទៅតាមលក្ខណៈសម្បត្តិ និងការខិតខំប្រឹងប្រែងរៀងៗខ្លួន។

ក្នុងន័យនេះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានលើកពីទស្សនៈផ្ទាល់ខ្លួនថា អ្នកមានសម័យថ្មី និងអាចមានឱកាសក្លាយជាអ្នកមានបានយ៉ាងពិតប្រាកដ គឺជាក្រុមមនុស្ស ដែលស្ថិតក្នុងតថភាពជាក់ស្ដែងទាំង ៣ ខាងក្រោមនេះ៖   

អ្នកមានប្រភេទទី១៖ ពួកគាត់ គឺជាក្រុមអ្នករៀន អ្នកសូត្រ អ្នកមានមុខជំនួញ ហើយក៏ស្ថិតត្រកូលអ្នកមានតាំងពីដើមមកស្រាប់។ ម្លោះហើយ អាណាព្យាបាលគាត់ តែងតែយកចិត្តទុកដាក់ខ្ពស់ លើការបញ្ជូនកូនៗរបស់ពួកគាត់ ឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ទោះត្រូវចំណាយលើការអប់រំនេះ អស់លុយច្រើនក៏ពួកគាត់មិនរុញរា។

ជាលទ្ធផល ពេលកូនៗពួកគាត់បញ្ចប់ការសិក្សា មានទាំងចំណេះ ជំនាញ ច្បាស់លាស់ មិនថារៀននៅក្នុងស្រុក ឬមកពីសាលានៅបរទេសទេ គឺនឹងយកសមត្ថភាព ចំណេះជំណាញ និងទ្រឹស្ដីដែលបានរៀនសូត្រនោះ មកបង្កើតមុខជំនួញ ឬអាជីវកម្មណាមួយដោយខ្លួនឯង។ បើមិនដូច្នេះទេ គឺកូនចៅគាត់ មកបន្តកាន់កាប់មុខរបរ ដែលឱពុកម្ដាយគាត់មានស្រាប់។

ក្រុមពូួកគាត់នេះហើយ ដែលអាចចាត់ថ្នាក់ថា ជាក្រុមអ្នកមានប្រភេទទី១ នៅស្រុកយើង ហើយក៏ជាក្រុមដែលមានសំណាងតាំងពីដើម ហើយបើពួកគាត់បណ្ដុះបណ្ដាលកូនចៅគាត់ជំនាន់ក្រោយ បានល្អប្រសើរទៀត កាន់តែធ្វើឱ្យត្រកូលរបស់ពួកគាត់ ឈរឈ្មោះជាគ្រួសារអភិជនតជំនាន់ថែមទៀតផង។

អ្នកមានប្រភេទទី២៖ ជាក្រុមអ្នកមានទុនរកស៊ី ដោយផ្ដើមចេញពីការប្រឹងប្រែងធ្វើការ និងសន្សំ បូកផ្សំនឹងការមានគំនិត មានចំណេះដឹង ជំនាញ តែមិនមានការទំនុកបំរុងពីអាណាព្យាបាលបានពេញលេញទេ។ ពោល គឺក្រុមអ្នកមានប្រភេទទី២នេះ ពួកគាត់ ភាគច្រើនផ្ដើមពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ធ្វើការឱ្យគេ ហើយសន្សំទុនទុករកស៊ី វិនិយោគ ក៏បន្តចេញធ្វើជំនួញដោយរហូតជោគជ័យ ក្លាយជាអ្នកមាន។

ឧទាហរណ៍៖ អ្នកខ្លះ គាត់ទៅធ្វើការងារសន្សំលុយនៅស្រុកគេ ហើយពេលសន្សំលុយបានគ្រប់គ្រាន់ហើយល្មមតែ អាចមកខ្មែរវិញ និងបើកអាជីវកម្ម ឬមុខរបរច្បាស់លាស់ណាមួយ ពួកគាត់ក៏ចាប់ផ្ដើមធ្វើផែនការអាជីវកម្មដ៏ត្រឹមត្រូវមួយ ហើយដើរតាមនោះ រហូតទទួលបានជោគជ័យ ក្លាយជាអ្នកមាន។

អ្នកមានប្រភេទទី៣៖ ក្រុមអ្នកមានប្រភេទចុងក្រោយនេះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត សង្កត់ធ្ងន់ថា ជាក្រុមមនុស្សកំសត់ជាងគេ ប៉ុន្តែជាមនុស្សដែលរឹងមាំបំផុត! ក្រុមមនុស្សប្រភេទទី៣ ដែលអាចក្លាយជាអ្នកមាន ហើយនឹងមិនងាយធ្លាក់ខ្លួនក្រវិញនេះ ពួកគាត់ជាក្រុមមនុស្សដែលមានគំនិត មានប្រាជ្ញា ខំប្រឹងរៀន មានជំនាញ មានចំណេះ មានការអត់ធ្មត់ មានការប្រឹងប្រែង និងជាពិសេស មិនព្រមចុះចាញ់ឧបសគ្គឡើយ។

ក្រុមមនុស្សដែលជោគជ័យ ក្នុងប្រភេទទី៣នេះ ជាមនុស្សដែលតោងភ្ជាប់នឹងវិន័យល្អផ្ទាល់ខ្លួន ចេះដាក់ខ្លួន រៀនសូត្រពីមនុស្សនៅជុំវិញ មិនចុះចាញ់ មុនធ្វើឡើយ! កត្តាដូចបានរៀបរាប់នេះហើយ ទើបគេតែងឃើញក្រុមមនុស្សរឹងមាំក្នុងប្រភេទនេះ ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គួរជាទីមោទនៈភាព និងជាបុគ្គលគំរូ ក្នុងសង្គមថែមទៀតផង។

ជារួមមកវិញ លោកគ្រូ នេតឈ័រ ចង់សង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាក្នុងសង្គមសុទ្ធតែអាចទទួលបានឱកាសក្លាយជាអ្នកមានបាន គឺអាស្រ័យលើការប្រឹងប្រែង និងឱកាសផ្សេងៗគ្នា ហើយពាក្យថា អ្នកមាន ឬបុគ្គលជោគជ័យពិតប្រាកដ គឺមិនអាចវាស់វែងបានត្រឹមតែ ទឹកលុយ ទ្រព្យសម្បត្តិ តែប៉ុណ្ណោះឡើយ៕  

អានអត្ថបទ៖ ឧកញ៉ា យូ សាម៉េត ទទួលបានគោរមងារជា «អ្នកឧកញ៉ា»