ស្ថាបនិកក្រុមហ៊ុន Jet’s Group លោកឧកញ៉ា ស្រី ចាន់ថន កាលពីថ្ងៃទី០៣ កញ្ញា ២០២១ បានបន្តដឹកនាំក្រុមការងារបច្ចេកទេស និងស្រាវជ្រាវចុះផ្ទាល់ ដើម្បីប្រមូលទិន្ន័យ និងសិក្សាបន្ថែមឱ្យកាន់តែលម្អិត ពីបច្ចេកទេសកែច្នៃផ្លែឈើស្រស់ ទៅជាផលិតផលសម្រេច និងសង្វាក់ផលិតកម្ម នៅតាមសិប្បកម្មមួយចំនួន។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា៖ “ខ្ញុំបាទ បានចុះទៅសិក្សា និងស្វែងយល់បន្ថែមអំពីបច្ចេកទេសផ្សេងៗក្នុងការផលិត នៅទីតាំងសិប្បកម្មផលិត និងកែច្នៃផ្លែឈើស្រស់មួយចំនួន រួមបញ្ចូលទាំង សិប្បកម្ម Navita របស់ប្អូនប្រុសអ៊ុយ ចេងហេង ស្ថិតនៅឯខេត្តបាត់ដំបង…”។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការចុះផ្ទាល់សិក្សាបន្ថែមអំពីបច្ចេកទេស សង្វាក់ផលិតកម្ម កែច្នៃផ្លែតាង៉ែន ផ្លែមៀន ផ្លែសាវម៉ាវ ផ្លែគូលែន របស់ឧកញ៉ា ស្រី ចាន់ថន ក្នុងគោលដៅបន្តគម្រោងរៀបចំបង្កើតចេញជារោងចក្រកែច្នៃផ្លែឈើស្រស់ក្នុងស្រុក កម្រិតស្តង់ដារ ដែលអាចផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង អោយទទួលបានប្រសិទ្ធភាពខ្ពស់ និងអាចប្រកួតប្រជែងលើទីផ្សារក្រៅប្រទេសបាន។
ឧកញ៉ា ដែលបានដាក់ក្ដីសង្ឃឹមខ្ពស់ និងដាក់ចិត្តដាក់កាយ ១០០ភាគរយ លើផែនការលើកស្ទួយសង្វាក់ផលិតកម្ម រោងចក្រកែច្នៃផ្លែឈើស្រស់ក្នុងប្រទេសកម្ពុជារូបនេះ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ពេលចុះដល់ទីតាំងជាក់ស្តែង ខ្ញុំពិតជាកោតសរសើរនូវគំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងតស៊ូរបស់ប្អូនយ៉ាងខ្លាំង ទាំងអស់នេះ សបញ្ចាក់អោយឃើញ អំពីសមត្ថភាព និងស្នាដៃរបស់ខ្មែរយើង ដែលជាធនធានដ៏សំខាន់ក្នុងការចូលរួមចំនែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកសិកម្ម វិស័យឧស្សាហកម្ម ជាពិសេសអាចចូលរួមកាត់បន្ថយភាពក្រីក្រ ការចំណាកស្រុកទៅប្រទេសដទៃ ក៏ដូចជាជាផ្តល់ការងារដល់បងប្អូនខ្មែរយើងផងដែរ”។
ឧកញ៉ា ស្រី ចាន់ថន ក៏បានអំពាវជាថ្មីម្ដងទៀត ដល់បងប្អូនខ្មែរ សូមបន្តជួយគាំទ្រ និងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង ដូចជាសិប្បកម្ម Navita នៅខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសអោយពួកគាត់បានចូលរួមចំនែកក្នុងការអភិវឌ្ឍន៍ប្រទេស សង្គមជាតិ អោយមានការរីកចំរើនបន្ថែមទៀត ជាពិសេសអាចអោយប្រទេសជិតខាងបានដឹងថា ខ្មែរយើងក៏អាចធ្វើបានដែរ។
សូមបញ្ជាក់ផងដែរថា មុនឈានដល់ការផលិតផ្លែឈើកំប៉ុងស្រស់ ចេញពីរោងចក្រ ក្រុមការងារបច្ចេកទេសចម្រុះ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោក ឧកញ៉ា ស្រី ចាន់ថន បាននឹងកំពុងជម្រុញផែនការសកម្មភាពចំនួន ២ សំខាន់ៗ រួមមាន៖ សម្រាប់គោលដៅទី១៖ ឧកញ៉ា ស្រី ចាន់ថន រួមជាមួយនិងក្រុមការងារកំពុងតែដុតដៃដុតជើងរៀបចំ រចនាសំបកកំប៉ុង ការ សិក្សាពីគុណភាពចំណីអាហារ និងស្តង់ដាសុវត្ថិភាព រសជាតិ ដែលអាចរក្សាទុក្ខបានរហូតទៅដល់២ឆ្នាំ ។ ដោយឡែក គោលដៅទី២៖ ក្រុមការងាររបស់លោក ក៏កំពុងសិក្សាពីតម្រូវការទីផ្សារក្នុងស្រុក និងលទ្ធភាព នាំចេញផលិតផលទៅក្រៅប្រទេសដើម្បីធានាអោយបាននូវនិរន្តរភាពនៃសង្វាក់ផលិតកម្មនេះផងដែរ៕